ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​ប្រកាសថា មកដល់​ពេល​នេះ ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ឈានដល់​បន្ទាត់​ក្រហម​ក្នុង​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​ទៅក្នុង​សហគមន៍ ដែល​បញ្ហា​នេះ​ជា​ការបារម្ភ និង​មិន​ត្រូវឱ្យ​ស្ថានភាព​នេះ​ឈាន​លើសពី​បន្ទាត់​ក្រហម​នោះទេ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​លើកឡើង កាលពី​ថ្ងៃទី​ ២៩ ខែ មិថុនាថា​៖ «​យើង​មិន​ចង់ឱ្យ​ស្ថានភាព​នៃ​ការវាយលុក​របស់​ជំងឺ​កូវីដ​ ១៩ ​នេះ​លើសពី​បន្ទាត់​ក្រហម​ទេ ដោយសារ​នៅពេលដែល​លើសពី​បន្ទាត់​ក្រហម​ហើយ គឺ​ពិតជា​មានការ​ពិបាក​ណាស់ ដែល​វា​ឈានទៅដល់​ការរាតត្បាត​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សហគមន៍​របស់​យើង​»​។

លោកស្រី​បញ្ជាក់ថា នៅពេល​ស្ថានភាព​នៃ​ការរាតត្បាត​ចូលក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ហើយ មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​មន្ទីរពេទ្យ​នឹង​ហួស​ពី​សមត្ថភាព​ហើយ ដោយសារ​អ្នកជំងឺ​ច្រើន មិនមាន​កន្លែង​សម្រាប់​សម្រាក​ទេ​។ ការឆ្លង​រាលដាល​ក្នុង​ទ្រង់ទ្រាយ​ធំ​នឹងធ្វើ​ឱ្យមាន​ការបាត់បង់​ជីវិត​ច្រើន ហើយ​ប្រជាពលរដ្ឋ​ក៏​ពិបាក​ក្នុង​ការប្រកបរបរ​រក​ទទួលទាន​ជាដើម​។

មន្ត្រី​នាំពាក្យ​រូបនេះ​សង្កត់ធ្ងន់​​ថា​៖ «​នៅពេល​មាន​ការវាយលុក​ខ្លាំង ចាំបាច់​ណាស់ គឺ​ត្រូវតែ​បិទខ្ទប់​បន្តទៀត ឬ​បិទ​កន្លែង​ណាមួយ​ដើម្បី​កុំឱ្យ​មានការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​ទៅ​កាន់តែ​ច្រើន​ទៀត ដែល​ធ្វើឱ្យ​មាន​ការប៉ះពាល់​ធំ​ណាស់ ទាំង​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ចជាតិ​»​។

លោកស្រី ឱ វណ្ណឌីន ថ្លែង​នាពេល​កន្លងមក​។ហេង ជីវ័ន

ផលវិបាក ១ ​ទៀត​គឺ ការប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើឱ្យ​ការបាត់បង់​ជីវិត​មាន​ការកើនឡើង ប្រសិនបើ​គ្រប់គ្នា​មិន​ខិតខំ​ចូលរួម​ក្នុង​ការកាត់ផ្តាច់​ការចម្លង​នេះ​ទេ​។ ពិសេស គឺ​បុគ្គល​ម្នាក់ៗ​តែម្តង​ដែល​ស្ថិត​ក្នុង​ការវាយលុក​នៃ​វីរុស​កូវីដ​ ១៩​។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​ ម៉ម ប៊ុនហេង ក្នុងពេល​ចុះពិនិត្យ​មើល​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសមៈ នា​ព្រឹក​ថ្ងៃទី​ ២៩ ខែមិថុនា ក៏បាន​លើកឡើង​ផងដែរ​ពី​ការបារម្ភ​ទាក់ទង​នឹង​ការមាន​វត្តមាន​របស់​វីរុស​បំប្លែង​ខ្លួន​ថ្មី​នៃ​មេរោគ​កូវីដ​ ១៩​។

លោក​ ម៉ម ប៊ុនហេង មានប្រសាសន៍​ថា​៖ «​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កាន់តែខ្លាំង ក្រសួង​សុខាភិបាល​បាន​ពង្រឹង​ការធ្វើ​តេស្ត​រក​កូវីដ​ ១៩ និង​ដាក់​ដោយឡែក​។ ជាពិសេស​បងប្អូន​ខ្មែរ ដែល​មកពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ត្រូវធ្វើ​ចត្តាឡីស័ក​ដាក់ខ្លួន​ដោយឡែក ដើម្បី​កុំឱ្យ​ច្របូកច្របល់​គ្នា​នឹង​អ្នក​ដែលមាន​ការឆ្លង​កូវីដ​ ១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​»​។

លោក​បន្តថា សម្រាប់​អ្នកជំងឺ​ដែល​ឆ្លង​នូវ​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ Delta ​នេះ ក្រសួង​ក៏បាន​រៀបចំ​ឱ្យមាន​ការដាក់​សម្រាក​ព្យាបាល​ដាច់ដោយឡែក​ពី​អ្នកជំងឺ​ផ្សេងៗ​ដែរ ហើយ​ក្រសួង​នឹង​ធ្វើការ​ពង្រឹង​នៅ​មន្ទីរពេទ្យ​គ្រប់​ទីកន្លែង​។

លោក​ ម៉ម ប៊ុនហេង ថ្លែងថា​៖ «​ការពង្រឹង​មន្ទីរពេទ្យ​របស់​កម្ពុជា​យើង​នៅ​គ្រប់​ទីកន្លែង ជាពិសេស​មន្ទីរពេទ្យ​នៅតាម​ព្រំដែន​តាម​ខេត្ត​ទាំងអស់ គឺ​ដើម្បី​មាន​លទ្ធភាព​គ្រាប់​គ្រាន់​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋ និង​ពង្រីក​ចាក់​ថ្នាំ​បង្ការ​។ ព្រោះ​ការចាក់​ថ្នាំ​បង្ការ​នេះ មាន​សារៈសំខាន់​ណាស់ ដែល​អាច​កាត់បន្ថយ​ការរីក​រាលដាល និង​កាត់បន្ថយ​ការឈឺ​ធ្ងន់ធ្ងរ​នូវ​ជំងឺ​នេះ​»​។

គួររំឭក​ផងដែរ​ថា ប្រទេស​កម្ពុជា​មាន​អ្នកជំងឺ​កូវីដ​ ១៩ ​ប្រភេទ​ថ្មី Delta ​សរុប​ចំនួន​ ២២ ​នាក់​ហើយ ដែល​រកឃើញ​លើ​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ​។

មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះកុសមៈ​គ្រោង​ដាក់​ដំណើរការ​សាកល្បង​នៅ​ខែកញ្ញា​ខាងមុខនេះ និង​ប្រគល់​ដល់​ក្រសួងសុខាភិបាល​ ដើម្បី​ដាក់បម្រើ​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ និង​ជំងឺឆ្លង​ផ្សេងៗ នៅមុន​ចូលឆ្នាំ​ចិន ឆ្នាំ​ ២០២២ ​ផងដែរ នៅពេលដែល​មន្ទីរពេទ្យ​នេះ​សាងសង់​រួចរាល់​៕