បាត់ដំបងៈ នគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង កាលពីម្សិលមិញបានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្ត បន្ទាប់ពីឃាត់ខ្លួនបាន ១ ថ្ងៃពាក់ព័ន្ធករណីប្រើចបកាប់ទៅលើនារីម្នាក់បណ្ដាលឱ្យស្លាប់ ប្រព្រឹត្តនៅភូមិ-ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យភ្នំពេញប៉ុស្តិ៍ដឹងកាលពីម្សិលមិញថាជនសង្ស័យឈ្មោះ លឹម រ៉ុង អាយុ ៣០ ឆ្នាំដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើមនុស្សឃាតនេះគឺសមត្ថកិច្ចរបស់លោកបានបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅរសៀលថ្ងៃទី ៣០ ខែមិថុនា។
លោកថា៖ «គាត់ជាប់សង្ស័យថា បានសម្លាប់មនុស្ស។ ដូច្នេះសមត្ថកិច្ចរបស់ខ្ញុំអនុវត្តទៅតាមនីតិវិធីច្បាប់។ បើតុលាការរកឃើញថា គាត់ប្រព្រឹត្តបទល្មើសនឹងត្រូវប្រឈមមុខផ្លូវច្បាប់»។
ដោយឡែក លោក លី រ៉ុម អធិការរងនគរបាលស្រុកសំពៅលូនប្រាប់កាលពីម្សិលមិញដែរថា ជនសង្ស័យរូបនេះកាលពីនៅដំណាក់កាលសាកសួរនៅនគរបាលប៉ុស្តិ៍ឃុំតាស្តា គឺគាត់មិនបានប្រាប់ឈ្មោះរបស់គាត់ទេ។ ប៉ុន្តែលុះបញ្ជូនមកដល់អធិការដ្ឋាននគរបាលស្រុកទើបគាត់ប្រាប់សមត្ថកិច្ចថា ឈ្មោះ លឹម រ៉ុង អាយុ ៣០ ឆ្នាំរស់នៅភូមិដំណាក់ក្សាន្ត ឃុំ ប៊ួ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែកឯភាគីខាងស្ត្រីរងគ្រោះគ្មាននរណាស្គាល់ឈ្មោះគាត់ទេ តែមានអាយុប្រហែលជាង ៣០ ឆ្នាំដែលអ្នកខ្លះថាស្ត្រីរងគ្រោះក៏ជាជនអនាថា និងមិនមែនជាអ្នករស់នៅក្នុងភូមិកើតហេតុទេ។
លោកបានបន្តថា ចំពោះជនសង្ស័យវិញនៅពេលសមត្ថកិច្ចរបស់លោកសួរចម្លើយគឺហាក់មានសតិមិនប្រក្រតី ប៉ុន្តែគាត់អាចចាំនិងឆ្លើយប្រាប់ឈ្មោះរបស់គាត់បាន។ ចំពោះមូលហេតុនៃការសម្លាប់ស្ត្រីរងគ្រោះវិញ គឺជនសង្ស័យបានប្រាប់លោកថាគាត់បានស្រឡាញ់គ្នាជាមួយស្ត្រីរងគ្រោះប្រមាណ ២ ទៅ ៣ ថ្ងៃមុនថ្ងៃកើតហេតុ។ លុះនៅវេលាម៉ោងប្រមាណជាង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ មិថុនា គាត់បានដើរមកកន្លែងរោងឈើ ១ ដែលស្ត្រីរងគ្រោះកំពុងដេកនៅក្នុងនោះ ហើយគាត់ក៏បានយកចបកាប់ទៅកាប់ស្ត្រីរងគ្រោះស្លាប់តែម្តងទៅ។
លោកអធិការរងបានបន្តថា ក្រោយពីសម្លាប់ស្ត្រីរងគ្រោះរួចគាត់បានអូសនាងចេញក្រៅរោង ហើយក៏ដើរចេញពីកន្លែងកើតហេតុរហូតដល់ភ្លឺទើបគាត់មកឈរមើលសាកសពវិញហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ចំពោះមូលហេតុដែលនាំឱ្យសម្លាប់ស្ត្រីនោះគឺជនសង្ស័យឆ្លើយថាមកពីខឹងនឹងជនរងគ្រោះ ហើយម្យ៉ាងកន្លែងនោះមានសភាពស្ងាត់ល្អផងគាត់ក៏សម្លាប់តែម្ដងទៅ។ ជនសង្ស័យជាមនុស្សអនាថា គ្មានកន្លែងស្នាក់នៅពិតប្រាកដទេហើយបានមករស់នៅតាមផ្សារដើរសុំទានគេនៅស្រុកសំពៅលូន។
លោកបញ្ជាក់ថា៖ «ករណីនេះបើខ្ញុំមើលសភាពខាងក្រៅឃើញសតិរបស់គាត់មិនសូវជាប្រក្រតីទេ តែយើងក៏មិនហ៊ានសន្និដ្ឋានថាគាត់ជាជនវិកលចរិតដែរព្រោះគ្មានឯកសារណាសំអាងថាគាត់ជាមនុស្សវិកលចរិតទេ។ បើទោះជាយ៉ាងណាក៏គាត់បានប្រព្រឹត្តអំពើសម្លាប់មនុស្សដែរ»។
ទាក់ទងនឹងករណីនេះ លោក ខាន់ ភា នាយនគរបាលប៉ុស្តិ៍ឃុំ តាស្តា កាលពីម្សិលមិញក៏បានឱ្យដឹងតាមរយៈសាក្សីនៅកន្លែងកើតហេតុដែរថាទាំងស្ត្រីរងគ្រោះទាំងជនសង្ស័យសុទ្ធតែជាមនុស្សវិកលចរិតដូចគ្នា ហើយពួកគេបានដេកនៅជាមួយគ្នា ២-៣ ថ្ងៃហើយ។ នៅល្ងាចថ្ងៃទី ២៨ មិថុនា គេបានឃើញជនសង្ស័យ និងស្ត្រីរងគ្រោះឈ្លោះប្រកែកគ្នាលុះដល់រំលងអធ្រាត្រក៏កើតមានអំពើកាប់សម្លាប់គ្នាតែម្តង។
នៅត្រង់ក្បាលស្ត្រីរងគ្រោះឃើញមានស្នាមកាប់នៅលើចិញ្ចើម ១ កន្លែង នៅត្រង់សៀតផ្កា ១ កន្លែង និងនៅលើក្បាល ១ កន្លែង។
លោកថា៖ «សមត្ថកិច្ចចាប់គាត់បាន ដោយសារគាត់មកឈរមើលសាកសព ហើយនៅដៃមានប្រឡាក់ឈាមផង។ ពេលនោះសមត្ថកិច្ចដែលកំពុងធ្វើកោសល្យវិច័យសួរទៅជនសង្ស័យថា មានបានសម្លាប់ជនរងគ្រោះទេ? គាត់ថា គាត់ជាអ្នកសម្លាប់។ ហេតុនេះសមត្ថកិច្ចក៏ចាប់គាត់ទៅ»៕