ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បង្ហាញ​នូវ​វីដេអូ​ឯកសារ​មួយ​និយាយ​ពី​ «​ប្រាសាទ​ព្រះវិហារ អច្ឆរិយ​នៃ​អាណាចក្រ អង្គរ​» ក្នុងឱកាស​អបអរសាទរ​ខួប​លើក​ទី​ ១៣ នៃ​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃទី​ ៧ ខែ កក្កដា ២០០៨-៧ កក្កដា ឆ្នាំ​ ២០២១ ខណៈ​ថ្នាក់ដឹកនាំ​ក្នុង​ប្រទេស​ក៏បាន​បញ្ចេញ​សារ​អបអរសាទរ​ផងដែរ​។

ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​ ៧ ខែ កក្កដា ឆ្នាំ​ ២០០៨ ត្រូវបាន​ចាត់ទុក​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ចាប់តាំងពី​កម្ពុជា​ទទួល​បាន​ប្រាសាទ​ដ៏ពិសិដ្ឋ​មួយ​នេះ ក្រោយពី​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការ​អន្តរជាតិ​ក្រុងឡាអេ នា​ថ្ងៃទី​ ១៥ ខែ មិថុនា ឆ្នាំ​ ១៩៦២​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃទី​ ៧ ខែ​កក្កដា ​ថា​៖ «​ថ្ងៃនេះ​គឺជា​ខួប​លើក​ទី​ ១៣ នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃទី​ ៧ កក្កដា ២០០៨-៧ កក្កដា ២០២១ ​។ សូម​ចូលរួម​ថែរក្សា​ការពារ​ប្រាសាទបុរាណ​ទាំងអស់​នៅ​ទូទាំងប្រទេស​ឲ្យ​បាន​គង់វង្ស ដើម្បី​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​»​។

លោក​ ហ៊ុន សែន លើកឡើងថា ប្រាសាទ​ព្រះវិហារ​ជា​ប្រាសាទ​ដ៏ពិសិដ្ឋ​របស់​កម្ពុជា ដែល​ស្ថិតនៅ​លើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​កិច្ចប្រជុំ​ទី​ ៣២ ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) នៅ​ទីក្រុង​កេបិច ប្រទេស​កាណាដា​។

ចំណែក​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ​ក៏​បាន​លើកឡើង​ផងដែរ​ថា នៅ​ថ្ងៃទី​ ៧ ខែកក្កដា ជា​ខួប​ ១៣ ​ឆ្នាំ ដែល​ប្រាសាទព្រះវិហារ​ត្រូវបាន​អង្គការ​យូណេស្កូ ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ នៅ​ថ្ងៃទី​ ៨ ខែកក្កដា​នេះ ជា​ខួប​ឆ្នាំ​ទី៤ ដែល​ប្រាសាទ​សំបូរព្រៃគុក​របស់​កម្ពុជា​ត្រូវបាន​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផងដែរ​នៅ​ថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំ​ ២០១៧ ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ​។

ពិធី​ប្រារព្ធ​ខួប​ការដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ពី​ឆ្នាំ​ ២០១០​។ហេង ជីវ័ន

លោក​បញ្ជាក់ថា​៖ «​ការសម្រេច​បញ្ចូល​ប្រាសាទ​ទាំង​ ២ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ មិនមែន​ជា​ការចៃដន្យ​នោះទេ តែ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការថែរក្សា ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏មាន​តម្លៃ​រហូត​ត្រូវបាន UNESCO ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​»​។

លោក​ ហេង សំរិន ក៏បាន​រំឭក​នូវ​ការចងចាំ និង​ដឹងគុណ​ជានិច្ច​នូវ​ព្រះរាជ​បូជនីយកិច្ច​ដ៏ឧត្តុង្គឧត្តម​របស់​ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​បំពេញ​ព្រះរាជកិច្ច​ទាមទារ​យុត្តិធម៌ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ដែល​បាន​កាត់ក្តី​ឱ្យ​កម្ពុជា​ឈ្នះ​ប្រទេស​ថៃ​ក្នុង​ការគ្រប់គ្រង​ប្រាសាទព្រះវិហារ​ដ៏ពិសិដ្ឋ​របស់​ខ្មែរ នៅ​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ១៩៦២​។

លោក​លើកឡើង​ថា​៖ «​យើង​ពិតជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ចំពោះ​អតីតព្រះមហាក្សត្រ និង​បុព្វបុរស​ខ្មែរ​យើង ដែល​បាន​សាងសង់​ប្រាសាទ​ព្រះវិហារ ប្រាសាទ​សំបូរព្រៃគុក និង​ប្រាសាទបុរាណ​ដទៃទៀត​ជាច្រើន​នៅ​ពាសពេញ​ប្រទេស​ទុកឱ្យ​កូនចៅ​រហូត​សព្វថ្ងៃនេះ ធ្វើឱ្យ​អន្តរជាតិ ស្ញប់ស្ញែង​ចំពោះ​ពូជសាសន៍​របស់​យើង​ជាទីបំផុត​»​។

លោក​បញ្ជាក់ថា ក្នុង​បុព្វហេតុ​លើកតម្កើង​នូវ​តម្លៃ​មរតក​វប្បធម៌​ជាតិ ក៏ដូចជា​ការការពារ​អធិបតយ្យភាព​ជាតិ​ឱ្យបាន​គង់វង្ស ដូច​សព្វថ្ងៃនេះ​បាន គឺ​មិនអាច​ខ្វះ​បាន​ឡើយ​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ​។

ទន្ទឹមនឹងនេះ បណ្តា​ក្រសួង ស្ថាប័ន​ជាច្រើន​ទៀត​ក៏​បាន​ចូលរួម​អបអរសាទរ ដោយ​ការបង្ហោះ​នូវ​ខ្លឹមសារ​សាទរ និង​រូបភាព​ផ្សេងៗ​ក្នុង​ឱកាស​ខួប​លើក​ទី​ ១៣ នៃ​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក​នេះដែរ ក្នុងនោះ​មាន​ដូចជា ក្រសួងបរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាដើម​។

លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បង្ហាញ​នូវ​សារ​អបអរសាទរ​ថា​ក្នុង​នាម​កូន​ខ្មែរ​ ១ ​រូប​ លោក​ពិតជា​មាន​មោទនភាព​ណាស់ ដែល​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ មាន​សម្បត្តិ​វប្បធម៌​ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក មានដូចជា ប្រាសាទបុរាណ របាំ ល្ខោន ឧបករណ៍​បុរាណ​...​។

លោក​ថា​៖ «​ទាំងនេះ​ជា​ការលើក​មុខមាត់ និង​ធ្វើឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ល្បីល្បាញ​ថែមទៀត​លើ​ឆាក​អន្តរជាតិ​។ សូម​ខ្មែរ​រួមគ្នា​ថែរក្សា ការពារ​ប្រាសាទ​បុរាណ​ទាំងអស់​របស់​យើង​ឲ្យ​បាន​គង់វង្ស​ជានិច្ច​និរន្តរ៍​តរៀង​ទៅ ដើម្បី​បន្សល់ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានឃើញ បាន​ស្គាល់​ពី​ស្នាដៃ​ដ៏ពិសិដ្ឋ​របស់​បុព្វបុរស​ខ្មែរ​យើង​ជំនាន់​មុន​»​។

ចំណែក​លោកស្រី​ ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក៏​បាន​អបអរសាទរ​ផងដែរ ដោយ​លោកស្រី​បាន​នឹក​ដឹងគុណ​ដល់​បុព្វបុរស​ដែល​បាន​បន្សល់​ស្នាដៃ​គួរ​ជា​ទីមោទនភាព​ និង​កិច្ចប្រឹងប្រែង​ទាមទារ​ប្រាសាទ​ព្រះវិហារ​ជា​កម្មសិទ្ធិ​ខ្មែរ​វិញ​។

លោកស្រី​លើកឡើង​ថា​៖ «​សូម​យើង​ទាំងអស់​គ្នា​ចូលរួម​ថែរក្សា​ និង​បន្សល់​នូវ​កេរដំណែល​ល្អៗ​ជា​ទីមោទនភាព​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​»​។

ប្រាសាទ​ព្រះវិហារ​ត្រូវបាន​កសាង​ឡើង​នៅ​សតវត្សរ៍​ទី​៩ រហូតដល់​សតវត្សរ៍​ទី​១២ ដោយ​ស្តេច​ចំនួន​ ៦ ​អង្គ​បន្តបន្ទាប់​គ្នា ដើម្បី​ឧទ្ទិស​ដល់​ព្រះសិវៈ​នៅលើ​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅលើ​ភ្នំ​ដងរែក នៅក្នុង​រយៈកម្ពស់​ ៦២៥ ​ម៉ែត្រ​។ នេះ​បើ​តាម​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​៕