ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​សហការ​ជាមួយ​ក្រុម​ការងារ​ក្រសួង ពិសេស​ក្រុមការងារ​ជញ្ជីង​ចល័ត​ក្នុង​ការទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដោយ​ច្បាប់ បណ្ដាល​ឱ្យ​ខូចខាត​ផ្លូវថ្នល់ ខណៈពេល​ ៦ ​ខែ​ឆ្នាំ​នេះ​​មន្ត្រី​បាន​ផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ចំនួន ​១ ៤៣០ ​គ្រឿង និង​ពិន័យ​ជា​ប្រាក់​បាន​ជាង ២ ​ពាន់​លាន​រៀល​។

ការលើកឡើង​របស់​លោក ស៊ុន ចាន់ថុល ដូចនេះ​ធ្វើឡើង​ក្នុង​ពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​កាលពី​ថ្ងៃទី​ ១៤ ​ខែកក្កដា ដើម្បី​ពិនិត្យ​មើល​​វឌ្ឍនភាព​ការងារ បញ្ហា​ប្រឈម​ដំណោះស្រាយ និង​សំណូមពរ​របស់​អង្គភាព​ក្រោម​ឱវាទ​របស់​ក្រសួង​។

លោក​បាន​ថ្លែងថា​៖ «​ចំពោះ​ការងារ​ដឹកជញ្ជូន​លើស​ទម្ងន់​​កម្រិត​កំណត់ សំណូមពរ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យជួយ​សហការ​ជាមួយ​ក្រុមការងារ​ជញ្ជីង​របស់​ក្រសួង ជាពិសេស​ក្រុមការងារ​ជញ្ជីង​ចល័ត​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ច្បាប់​»​។

លោក​បន្តថា​៖ «​សំណូមពរ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី-ខេត្ត ជួយ​ថែរក្សា​រថយន្ត​ដែល​ត្រូវបាន​ចាប់​ឃាត់ទុក​រយៈពេល​ ១ ​ឆ្នាំ​ឱ្យ​បាន​​ត្រឹមត្រូវ មិនត្រូវ​ដោះលែង​ទៅវិញ​ជាដាច់ខាត​»​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា រដ្ឋាភិបាល​នឹង​អនុវត្ត​វិធានការ​នេះ​ឱ្យ​ដូច​ភ្លៀងរលឹម មិន​ថយក្រោយ​ទេ និង​បាន​ស្នើឱ្យ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​សហការ​ជាមួយ​អ្នកសារព័ត៌មាន​ ដើម្បី​ផ្សព្វផ្សាយ​មាត្រា​ ៦០ ដែល​ចែងថា រថយន្ត​ដឹក​លើស​ ២០ ​ភាគរយ​ត្រូវ​ឃាត់ទុក​ ១ ​ឆ្នាំ​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​បាន​យល់ច្បាស់​អំពី​មាត្រា​ច្បាប់ និង​ការដាក់​ទោសទណ្ឌ​ឱ្យបាន​ទូលំទូលាយ​ ដើម្បី​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​ឱ្យបាន​រឹងមាំ​​ចៀសវាង​មតិ​រិះគន់ថា​ «​ធ្វើ​ផ្លូវ​ជាប់​រហូត​»​។

លោក​បាន​រំឭក​នូវ​រូបមន្ត​ការផាកពិន័យ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ថា​៖ «​បើ​បើកឡាន​ ១ ​គ្រឿង​ដឹក​លើស ១០ ​តោន យក​ ១០x១០ ស្មើ​ ១០០ យក​ ១០០x១០ ស្មើ​ ១ ០០០ យក​ ១ ០០០x១០ ស្មើ ១០ ០០០​។ ដូច្នេះ​ឡាន​ ១ ​គ្រឿង​​ដឹក​លើស​ទម្ងន់​ ១០ ​តោន​ស្មើនឹង​ឡាន​ ១ ​ម៉ឺន​គ្រឿង រត់​លើផ្លូវ​នោះ​ធ្វើឱ្យ​ផ្លូវ​សឹករេចរឹល​មុន​​អាយុកាល​»​។

លោក​បាន​បន្តថា​៖ «​ប៉ុន្តែ​បើ​ឡាន​ខ្លះ ដឹក​លើស​ទម្ងន់​ ៣០ ​តោន​យក​ ៣០x៣០ ស្មើនឹង ៩០០ យក ៩០០x៣០ ស្មើនឹង​ ២៧ ០០០ យក​ ២៧ ០០០x៣០ ស្មើនឹង​ ៨១ ០០០ គ្រឿង​។ ​ដូច្នេះ​ឡាន​ ១ ​គ្រឿង​ដឹក​លើស​ ៣០ ​តោន ស្មើនឹង​ឡាន​ជិត​ ១ ​លាន​គ្រឿង​រត់​នៅលើ​ផ្លូវ​យើង​»​។

ជាមួយ​គ្នា​នេះ លោក ស៊ុន ចាន់ថុល បាន​ណែនាំ​ឱ្យ​លេខាធិការដ្ឋាន​ដឹកនាំ​ត្រួតពិនិត្យ​​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សហការ​ជាមួយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​​ទំនាក់ទំនង​សាធារណៈ ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា រយៈពេល​ ៦ ​ខែ​​ និង​ ១២ ​ថ្ងៃ ឆ្នាំ​ ២០២១ មន្ដ្រី​ក្រសួង​សាធារណការ​បាន​ចាប់​​ផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ចំនួន​ ១ ៤៣០ ​គ្រឿង​។ ក្នុង​នោះបាន​ឃាត់ទុក​រថយន្ត​រយៈពេល​ ១ ​ឆ្នាំ បាន​ចំនួន​ ១៦២ ​គ្រឿង និង​ពិន័យ​ជា​ប្រាក់​បាន​ជាង ២ ​ពាន់​លាន​រៀល ​(២ ២៤២-៩០១ ០០០ ​រៀល​)​។

លោក​បានឱ្យដឹងថា មន្ដ្រី​ជំនាញ​បាន​ឃាត់​រថយន្ត​ដឹកលើស​ទម្ងន់​កំណត់ ភាគច្រើន​នៅ​ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ និង​ខេត្តកំពង់ចាម​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រសួង​នឹង​ដាក់​ដំណើរការ​ប្រព័ន្ធ​គ្រប់គ្រង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​ឆ្លាតវៃ​ និង​ជញ្ជីង​ស្វ័យប្រវត្តិ​ (AI Camera and Weight in Motion Sensor) ​ដើម្បី​តាមដាន និង​ទប់ស្កាត់​រថយន្ដ​ដឹកជញ្ជូន​លើស​ទម្ងន់​»​។

លោក​បាន​បន្តថា ក្រសួង​​សូម​រំឭក​ដល់​ម្ចាស់​ក្រុមហ៊ុន​​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ជាថ្មី​ថា ក្រសួង​នឹង​បន្ត​អនុវត្ត​តាមច្បាប់​ស្តីពី​ផ្លូវថ្នល់​មាត្រា​ ៦០ និង​សេចក្ដី​ជូនដំណឹង​លេខ​ ០៤៩ ស្តីពី​ការពង្រឹង​វិធានការ​​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​រថយន្ត​​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​យ៉ាង​តឹងរ៉ឹង​បំផុត​ដោយ​គ្មាន​ការលើកលែង​ឡើយ​៕

វីដេអូ៖