ភ្នំពេញៈលោកស្រី​ ឱ​ វណ្ណឌីន ​រដ្ឋ​លេខាធិ​ការ​ក្រសួង​សុខាភិ​បាល ​និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​បង្ការ​វីរុស​កូវីដ ១៩​ បាន​នាំយក​ថវិកា​ និង​សម្ភារ​ជាស្បៀង​អាហារ​មួយ​ចំនួន​របស់​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ជូន​​អ្នក​ចាក់​វ៉ាក់​សាំង​ទី ៦ ​លាន ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ នា​ព្រឹក​ថ្ងៃទី​ ២០ ​ខែកក្កដា​​នេះ។

លោក​ស្រីបាន​​លើក​ឡើង​ថា ក្នុង​រយៈ​ពេល​តែ​៦​ថ្ងៃទេ​ចាក់​បាន ​១ លាន​នាក់​ហើយ ​ប្រសិន​បើល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូច​សព្វ​ថ្ងៃនេះ​ នោះ​អ្នក​ចាក់​វ៉ាក់​សំាង​ទី​៧​ លាន ​នឹង​ត្រូវ​បាន​រក​ឃើញ​ទៀត​។

លោក​ស្រី​បាន​មាន​ប្រសា​សន៍​ថា៖ «ទោះ​ជាចាក់​វ៉ាក់​សាំង​ហើយក៏​ដោយ​ការ​ការ​ពារ​ក៏ត្រូវ​តែ​បន្ត​អនុវត្ត​ជាចាំ​បាច់ដែរ​ ពិសេស​គឺ​ការ​អនុវត្ត​វិធាន​ការ​៣​ការពារ និង ​៣ កុំ​។ បើ​ការ​ពារមិន​គ្រប់​ជ្រុង​ជ្រោយ​ទេនោះ គឺ​ការ​ចម្លង​នៅតែ​មាន​ដដែល»។

អ្នក​ចាក់​វ៉ាក់​សាំង​ការពារ​វីរុស​កូវីដ ១៩ ​ទី​ ៦​ លាន​បានទៅលើ​អ្នក​ស្រី​ ផេង សឿន អាយុ​ ៦៧ ឆ្នាំ ជា​កសិក​ររស់នៅភូមិតាអុ​ង ឃុំ​តា​អុង ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម ​ដែល​ត្រូវ​បាន​រក​ឃើញ​កាល​ពីថ្ងៃទី​ ១៩​ ខែ​កក្កដា ម្សិល​មិញ​នេះ​។

គិត​ត្រឹម​យប់​ថ្ងៃទី​ ១៩ ​ខែកក្កដា ​កម្ពុជា​បាន​ចាក់វ៉ាក់​សាំង​បង្ការ​វីរុសកូវីដ​ ១៩​ ទៅដល់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​សរុប​បាន​ចំនួន​ជាង​ ៦ ​លាន​នាក់​ហើយ​ ស្មើនឹ​ង​ជាង ៦០ ​ភាគរយ​នៃប្រជា​ពល​រដ្ឋ​ចំនួន ​១០​ លាន​នាក់​ ដែល​រាជ​រដ្ឋាភិបាល​គ្រោង​នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់​សាំង​ឱ្យ​បាន ១០​ លាន​នាក់​នៅ​ក្នុង​ខែ​តុលា​ ឬដើម​ខែវិច្ឆិកា​ ឆ្នាំ​ ២០២១ ​នេះ​៕