ភ្នំពេញៈ ប្រធាន​អនុគណៈ​កម្មការ​គ្រប់គ្រង​ច្រក​ទ្វារ​ចេញ​ចូល​ប្រទេស​និង​ចត្តាឡីស័ក ​លោក ​ហ៊ុន​ ម៉ានិត​ ស្នើ​ឱ្យ​ខេត្ត​នៅ​ទូទាំង​ប្រទេស​ត្រូវ​រៀបចំ​កន្លែង​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ត្រៀម​ទទួល​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ខេត្ត ឬស្រុក​កំណើត​របស់​ពួក​គេ​រយៈ​ពេល​ ២១​ ថ្ងៃ ​ដើម្បី​តាម​ដាន​រក​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា (Delta)​។

យោង​តាម​សារ​សំឡេង​ដែល ​ភ្នំពេញ ប៉ុស្តិ៍​ ទទួល​បាន​នៅ​ថ្ងៃទី ២០​ ខែកក្កដានេះ ​លោក​ ហ៊ុន ម៉ានិត ​លើកឡើង​ថា ​លោក​បាន​ធ្វើ​ការ​ពិភាក្សាគ្នា​ជាមួយ​គណៈកម្មការ​ប្រតិបត្តិ​ និង​គណៈកម្មការ​អន្តរក្រសួង​ ដោយ​សម្រេច​ឱ្យ​គ្រប់​ខេត្ត​ទាំងអស់ត្រូវ​រៀបចំ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ដើម្បី​ទទួល​ពលករ​មក​ពី​តាម​ព្រំដែន។

បើ​តាម​លោក ​ហ៊ុន ម៉ានិត ​ការធ្វើ​ចត្តាឡីស័ក​រយៈពេល​ ២១ ថ្ងៃ​នេះ ​គឺ​ការធ្វើ​ចត្តាឡី​ស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​តាម​ខេត្ត​ចំនួន ​១៤ ថ្ងៃ ​និង​ធ្វើចត្តា​ឡីស័ក​រយៈពេល ​៧ ថ្ងៃ​ទៀត​​ក្នុងស្រុក​កំណើត​របស់​ពួក​គេ។

លោក​បញ្ជាក់ថា​៖ «តាម​ការ​ពិនិត្យ​ គឺ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ​គឺ​ក្នុង​រយៈ​ពេល​ ១៤ ​ថ្ងៃ ​យើង​មិនអាច​ទាន់​មើល​ឃើញ​ទេ។ ដូចនេះ​ហើយ​ យើង​ប្រហែលជា​ត្រូវ​ការ​រៀបចំ​មណ្ឌល​ចត្តាឡីស័ក ​ដោយ​កំណត់​អ្នក​ស្រុក​ណា ​គឺ​ត្រូវ​ដាក់ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ស្រុក​នោះ ​បន្ទាប់​ពី​ខាង​ព្រំដែន​បញ្ជូន​ពួកគាត់​មក​កាន់​ខេត្ត​កំណើត​របស់​ពួក​គាត់»។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​ កាល​ពី​ថ្ងៃ​ទី ១៦​ ខែកក្កដា ​បាន​ឱ្យ​ដឹងថា ​ប្រទេស​កម្ពុជា ​បាន​រឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ (Delta) ​សរុប​ចំនួន​​ ៧៥ ករណី​ហើយ​ ជាករណី​នាំចូល​ទាំង​អស់។ ប៉ុន្តែ​ដោយ​សារតែ​ការបារម្ភ​ពីការ​ឆ្លង​ចូលនៃ​វីរុស​បំប្លែង​ថ្មីនេះ​ចូលទៅ​ក្នុង​សហគមន៍​ ទើប​មាន​ការកែប្រែ​នូវ​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​ពលករ​ខ្មែរ​ដែល​ចូលមក​ក្នុង​ប្រទេស​កម្ពុជា៕