ភ្នំពេញៈ យន្តហោះ Airbus A320 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ បានចេញ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅ​ទីក្រុង​ហូជីមិញ នៅ​ម៉ោង ៧: ៣០ ​នាទី​ព្រឹក ថ្ងៃទី ​១៩ កក្កដា ដោយ​ដឹក​សម្ភារ​បរិក្ខារ​ពេទ្យ​ជិត​ ១០ ​តោន ដែលមាន​ចំនួន​ ១ ១២៥ ​កេស ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្តល់ជូន​រដ្ឋាភិបាល​វៀតណាម​។

សម្ភារ​បរិក្ខារ​ពេទ្យ​ជិត​ ១០​ តោន ស្មើនឹង​ចំនួន​ ១ ១២៥ ​កេស ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់ជូន​រដ្ឋាភិបាល​វៀតណាម​ត្រូវបាន​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ​ដឹកជញ្ជូន​សម្ភារ​ទាំងនេះ​ទៅ​ដល់​ប្រទេស​វៀតណាម​ហើយ កាលពី​ព្រឹក​ថ្ងៃទី​ ១៩ ខែកក្កដា​។

ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​យន្តហោះ Airbus A320 ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​ទៅ​ទីក្រុង​ហូជីមិញ ដោយ​ដឹក​សម្ភារ​បរិក្ខារ​ពេទ្យ​ជិត​ ១០ ​តោន ស្មើនឹង​ ១ ១២៥ ​កេស​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់ជូន​រដ្ឋាភិបាល​វៀតណាម​។

ការផ្តល់​សម្ភារ​បរិក្ខារ​ពេទ្យ​ដល់​រដ្ឋាភិបាល​វៀតណាម ព្រមទាំង​ការដឹកជញ្ជូន​ទៅដល់ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា អ៊ែរវ៉េ ដឹកនាំ​ដោយ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដែលជា​តំណាង​ឱ្យ​ភាគី​កម្ពុជា​។

បើតាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ បន្ទាប់ពី​ហោះហើរ​បាន​ ៤០ ​នាទី យន្តហោះ​បាន​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​តាន់សុនញ៉ាត​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។ នាឱកាស​នោះដែរ តំណាង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​វៀតណាម​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​លោកស្រី​ យក់ សម្បត្តិ និង​គណៈប្រតិភូ​កម្ពុជា​នៅ​អាកាសយានដ្ឋាន និង​បានរៀបចំ​ពិធី​ប្រគល់​ និង​ទទួល​សម្ភារ​បរិក្ខារ​ពេទ្យ​នេះ​នៅ​ថ្ងៃ​ដដែល​នោះដែរ​។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បញ្ជាក់ថា​៖ «​ជើងហោះហើរ​នេះ​បាន​វិល​ត្រឡប់មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ នៅ​ម៉ោង​ ១០ ​និង​ ៤០ ​នាទី​ព្រឹក​ថ្ងៃ​ដដែល​។ នេះ​ជា​និមិត្តរូប​បង្ហាញថា​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ​បានបញ្ចប់​ភារកិច្ច​ដឹកជញ្ជូន​សម្ភារ​បរិក្ខារ​ពេទ្យ​បាន​ដោយ​ជោគជ័យ​»​។

សម្ភារ​បរិក្ខារ​ពេទ្យ ដែល​ដឹក​ជញ្ជូន​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ ទៅកាន់​ប្រទេស​វៀតណាម​រួមមាន​ម៉ាស់​ធម្មតា​ ១ ​លាន​ម៉ាស់​។ ម៉ាស់​ N95 ចំនួន​ ១០០ ០០០ ​ម៉ាស់ ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន​ចំនួន​ ១០០ ​គ្រឿង​ផងដែរ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សង្កត់ធ្ងន់​ថា ជំនួយ​ដ៏ច្រើន​សន្ធឹក​នេះ​គឺជា​ការបង្ហាញ​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ និង​សាមគ្គីភាព​ក្នុង​នាម​ប្រទេស​ជា​មិត្ត​ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​របស់​កម្ពុជា ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ​ត្រូវបាន​រដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ឱ្យបំពេញ​ភារកិច្ច​សំខាន់​របស់​ប្រទេស​នេះ​ម្តងទៀត​។

ក្រុមហ៊ុន​អាកាសចរណ៍​បន្ថែមថា​ជាមួយនឹង​បទពិសោធ​ដ៏សម្បូរបែប​ក្នុង​ប្រតិបត្តិការ​ជើង​ហោះហើរ ពិសេស​សម្រាប់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ និង​ការដឹក​ទំនិញ​សម្រាប់​សម្ភារ​បរិក្ខារ​ពេទ្យ ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ​ធ្លាប់បាន​បញ្ចប់​ការហោះហើរ​ដឹកជញ្ជូន​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល និង​សម្ភារ​បរិក្ខារពេទ្យ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន កូរ៉េខាងត្បូង វៀតណាម ឡាវ ភូមា ថៃ ទីម័រ​ខាងកើត ឥណ្ឌូណេស៊ី និង​ប្រទេស​ដទៃទៀត​ផងដែរ​។

ក្រុមហ៊ុន​នេះ​បាន​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចសហប្រតិបត្តិការ​រយៈពេល​វែង ដែល​បាន​ចាក់គ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ផ្លូវអាកាស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ​នាពេល​អនាគត​។

ក្រុមហ៊ុន​អាកាសចរណ៍​លើកឡើង​ថា​៖ «​ក្នុងនាម​ជា​ស្លាប​របស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ​នឹង​បន្ត​បម្រើ​ប្រជាជន​កម្ពុជា រដ្ឋាភិបាល និង​បន្ត​ចូលរួមចំណែក​ដល់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​វប្បធម៌​រវាង​ប្រទេស​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ក៏ដូចជា​ការការពារ​ និង​គ្រប់គ្រង​ការរាតត្បាត​»​។

ជាមួយ​គ្នា​នេះ ដោយ​ឃើញ​ពី​ទឹកចិត្ត​សប្បុរសធម៌​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្តែង​នូវ​អំណរគុណ និង​កោតសរសើរ​ដោយស្មោះ​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ ដែល​បាន​ឧបត្ថម្ភ​ការហោះហើរ​ជា​មនុស្សធម៌ ដើម្បី​ដឹកជញ្ជូន​ម៉ាស់​ចំនួន​ ១ ​លាន​ ១ ​សែន​ម៉ាស់ និង​ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន​ចំនួន​ ១០០ ​គ្រឿង សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-១៩ ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា យកទៅ​ជូន​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ថ្ងៃទី​ ១៩ ខែកក្កដា ឆ្នាំ​ ២០២១​។

គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​ការផ្តល់នូវ​សម្ភារ​បរិក្ខារ​ពេទ្យ​ទាំងនេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ផ្តល់នូវ​ថវិកា​ចំនួន​ ២០ ​ម៉ឺន​ដុល្លារ​ផងដែរ​។ ជាមួយ​គ្នា​នេះ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា លោកស្រី​ ប៊ុន រ៉ានី ហ៊ុន សែន ក៏បាន​ផ្តល់​ថវិកា​ចំនួន​ ១០ ​ម៉ឺន​ដុល្លារ​។

លោកស្រី​ ម៉ែន សំអន ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ៥ ​ម៉ឺន​ដុល្លារ​ជូន​ដល់​សមាគម​មិត្តភាព​វៀតណាម-កម្ពុជា​ផងដែរ តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ចូលរួម​ដល់​យុទ្ធនាការ ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅ​ប្រទេស​វៀតណាម​។

នាពេល​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ផ្តល់​ជំនួយ​ជា​ម៉ាស់​ទៅកាន់​ប្រទេស​មួយចំនួន ដូចជា ប្រទេស​ឡាវ មីយ៉ាន់ម៉ា ទីម័រ និង​ប្រទេស​នេប៉ាល់​ផងដែរ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩៕