ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​កំពុងតែ​ធ្វើការ​សិក្សា​ទៅលើ​ករណី​ដែល​មាន​ការបាត់បង់​ជីវិត​មួយចំនួន​ធំ ជា​មនុស្ស​ដែលមាន​វ័យចំណាស់ ហើយ​ជាពិសេស​កើតមាន​នៅតាម​ជនបទ ដែល​បាន​ឈឺ​រហូត​ស្លាប់​ទើបបាន​មើលឃើញ​ថា មាន​ជំងឺ​កូវីដ​ ១៩​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​ ២០ ខែកក្កដា​ក្នុងពេល​ចុះ​ផ្តល់នូវ​ថវិកា​ ១០ ​លាន​រៀល និង​សម្ភារ​ជា​ស្បៀងអាហារ​មួយចំនួន​ទៅដល់​អ្នកចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទី​ ៦ ​លាន ​នៅក្នុង​ខេត្ត​កំពង់ចាម​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​បន្ត​ការពារ​ ឬ​ធ្វើការ​ការពារ​ហើយ ប៉ុន្តែ​មិន​គ្រប់គ្រាន់ មិន​គ្រប់ជ្រុងជ្រោយ ឬ​មិនបាន​ត្រឹមត្រូវ តាម​វិធានការ​សុខាភិបាល ឬ​វិធានការ​ ៣ ការពារ​ និង​ ៣ កុំ​ទេនោះ ​ការចម្លង​នៅតែ​មាន ហើយ​អត្រា​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ នៅតែមាន​បន្ត​កើនឡើង​។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «​យើង​នឹង​ធ្វើការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​លើ​ចំណុច​ទាំងនេះ ហើយ​ខ្ញុំ​កំពុង​ដឹកនាំ​នូវ​ការសិក្សា​នេះ​។ ប៉ុន្តែ​ខ្ញុំ​សុំ​មិនទាន់​ជម្រាបជូន​លម្អិត​ទេ​ ដោយសារ​យើង​កំពុងតែ​ធ្វើការ​ចាត់ចែង​រៀបចំ ប៉ុន្តែ​នៅពេល​ខាងមុខ​នេះ យើង​នឹង​ពិនិត្យមើល​ទៅលើ​បញ្ហា​នេះ​»​។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា​៖ «​តាម​ការសាកសួរ​ផ្ទាល់មាត់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​មួយចំនួន​ជា​មនុស្ស​មាន​វ័យ​ចំណាស់​ដែល​រស់នៅ​ទី​ជនបទ ហើយ​នៅពេល​ដែល​គាត់​ឈឺ (​កូវីដ​) គាត់​មិនដឹង​។ ដំបូង​គឺ​មាន​អាការ​ដូច​ផ្តាសាយ ហៀរសំបោរ និង​ក្អក ប៉ុន្តែ​គាត់​គិតថា ជា​ជំងឺ​ផ្តាសាយ​ធម្មតា ដោយសារ​គាត់​គិតថា គាត់​មិន​បាន​ដើរ​ទៅណា គាត់​នៅតែ​ផ្ទះ​មាន​មូលហេតុ​អី​ដែល​គាត់​ឆ្លង​»​។

អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា នៅពេល​ដែល​អ្នកនោះ​ឈឺ ហើយ​មិនបាន​ទៅធ្វើ​តេស្ត ឬ​ស្វែងរក​សេវា​ព្យាបាល​ឱ្យទាន់​ពេលវេលា រហូត​គាត់​មាន​បញ្ហា​ផ្លូវដង្ហើម​ចាប់ផ្តើម​ហត់​ទើប​បាន​ជា​ពួកគាត់​ទៅ​មន្ទីរពេទ្យ​។ នៅពេល​មនុស្ស​ពេញវ័យ​បាន​ឆ្លង​វីរុស​កូវីដ​ ១៩ គាត់​បាន​ចម្លង​ទៅ​មនុស្ស​ចាស់​នៅផ្ទះ​ដែល​មិនដែល​បាន​ទៅណា តែ​បែរ​ជា​ត្រូវបាន​ឆ្លង​កូវីដ​ ១៩ ​ពី​កូនចៅ​របស់​ខ្លួនឯង​។

លោកស្រី​បន្តថា​៖ «​មនុស្ស​វ័យចាស់ ជា​ក្រុម​ដែលមាន​ហានិភ័យ​ក្នុង​ការទទួល​យក​នូវ​ជំងឺ​នានា ដោយសារ​តែ​គាត់​មាន​វ័យចាស់ សរីរាង្គ​ក៏​ចាស់​ដែរ​ដូចនេះ​ការបង្កើត​នូវ​អង្គ​បក្ខដិបក្ខ​ក៏​ចាស់​ទៅតាម​វ័យ​ដែរ ដែលជា​ហេតុ​ធ្វើឱ្យ​វីរុស​កូវីដ​ ១៩ ​ងាយស្រួល​ក្នុង​ការវាយលុក​ក្នុង​សរីរាង្គ​របស់គាត់​ណាស់​។ អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​គឺ​ភាគច្រើន​គឺជា​មនុស្ស​ដែលមាន​វ័យចាស់​»​។

កាលពី​ថ្ងៃទី​ ៨ ខែកក្កដា លោកស្រី ឱ វណ្ណឌីន ធ្លាប់បាន​បញ្ជាក់ដែរថា អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ- ១៩​ភាគច្រើន​ជា​អ្នកមាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំកាយ​ដែលមាន​អាយុ​ចន្លោះ​ពី​ជាង​ ៥០ ​ឆ្នាំ ទៅ​ជាង​ ៦០ ​ឆ្នាំ​។

ដោយឡែក​ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ គិត​ត្រឹម​យប់​ថ្ងៃទី​ ១៩ ខែកក្កដា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង ទៅដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សរុប​បាន​ចំនួន​ជាង​ ៦ ​លាន​នាក់​ហើយ​ស្មើនឹង​ជាង​ ៦០% ​នៃ​ប្រជាពលរដ្ឋ​ចំនួន​ ១០ ​លាន​នាក់ ដែល​រាជរដ្ឋាភិបាល​គ្រោង​នឹង​បញ្ចប់​ការចាក់​វ៉ាក់សាំង​ឱ្យបាន​ ១០ ​លាន​នាក់​នៅក្នុង​ខែតុលា ឬ​ដើមខែ​វិច្ឆិកា ឆ្នាំ​ ២០២១ ​នេះ​។

លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ថ្ងៃទី​ ២០ ខែកក្កដា បាន​សាទរ​ចំពោះ​អ្នកទទួល​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ទី ​៦ ​លាន នៅ​កម្ពុជា ដោយ​លោក​បាន​លើកឡើងថា ខណៈ​ដែល​ប្រទេស​ជាច្រើន​បាននិង​កំពុង​ជួបប្រទះ​នូវ​បញ្ហា​កង្វះខាត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ កម្ពុជា​ឯណេះ បើ​ទោះ​មិនមែន​ជា​ប្រទេស​អ្នកមាន​ស្តុកស្តម្ភ បាននិង​កំពុង​ជំរុញ​យន្តការ​ចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​។

លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​ថា​៖ «​បើទោះជា​មាន​ឧបសគ្គ​យ៉ាងណា យន្តការ​នេះ គិត​មក​ត្រឹម​ពេលនេះ សម្រេច​បាន​លទ្ធផល​គួរ​ជា​ទីមោទនៈ​។ តើ​នេះ​ជា​រឿង​ចៃដន្យ​ទេ​? មិនមែន​ទេ​! រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន គ្រប់ពេលវេលា នៅជាប់​នឹង​ប្រជាជន ស្គាល់​សុខទុក្ខ​ប្រជាជន និង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ប្រជាជន​»​។

លោក​បន្ថែមថា អ្វីដែល​ទាំងអស់​គ្នា​គួរ​អបអរសាទរ​ដល់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​នោះ​គឺ​ការប្រមើល​មើល​ស្ថានការណ៍​បាន​យ៉ាង​ត្រឹមត្រូវ ដែល​ឈាន​ទៅ​ដល់​ការកំណត់​យក​យន្តការ​នៃ​ការចាក់​វ៉ាក់សាំង​នេះ ជា​អាទិភាព​តាំងពី​ដំបូង ក្រោយពី​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ទៅលើ​ប្រសិទ្ធភាព​វ៉ាក់សាំង ដែល​នឹងត្រូវ​ចាក់​ជូន​ប្រជាពលរដ្ឋ​។

លោក​ ហ៊ុន ម៉ានី ​បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​នូវ​គ្រប់​យន្តការ​អន្តរជាតិ​ទាំងអស់ ដើម្បី​ស្នើសុំ និង​ទិញយក​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ដើម្បី​ធានាថា ជនកម្ពុជា​គ្រប់រូប​នឹង​ពិតជា​ទទួលបាន​ការការពារ​ដោយ​ស្មើភាព​គ្នា​។ ក្រោម​កិច្ចសហការ​ល្អ មកដល់​ពេលនេះ កម្ពុជា​អាច​ធានា​បាន​នូវ​វ៉ាក់សាំង​គ្រប់​ចំនួន​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្លួន​»៕

វីដេអូ៖