ភ្នំពេញៈ លោក ហ៊ុន ម៉ានិត ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​ច្រកទ្វារ​ចេញ-ចូល​ប្រទេស និង​ការធ្វើ​ចត្តាឡីស័ក​បាន​ស្នើ​ដល់​រាជធានី-ខេត្ត​ទាំងអស់​ទូទាំងប្រទេស ត្រូវ​ត្រៀម​រៀបចំ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ ដើម្បី​ទទួល​ពលករ​ឆ្លង​ព្រំដែន​ (​ថៃ​) ​ចូលមក​កម្ពុជា​វិញ ដោយ​ត្រូវធ្វើ​ចត្តាឡីស័ក​នៅតាម​ព្រំដែន​ចំនួន​ ១៤ ​ថ្ងៃ ហើយ​ត្រូវ​បន្តធ្វើ​ចត្តាឡីស័ក​ចំនួន​ ៧ ​ថ្ងៃ​ទៀត​នៅតាម​ស្រុក​ដែល​ពួកគេ​កំពុង​រស់នៅ ដើម្បី​ការពារ​ពី​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា (Delta)​។

យោងតាម​សារ​ជា​សំឡេង​របស់លោក ហ៊ុន ម៉ានិត ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃ​​ទី​ ២០ ខែកក្កដា បានឱ្យ​ដឹងថា បន្ទាប់ពី​ធ្វើការ​ពិភាក្សា​គ្នា​ជាមួយ​គណៈកម្មការ​ប្រតិបត្តិ និង​គណៈកម្មការ​អន្តរក្រសួង​បាន​សម្រេច​ឱ្យ​ខេត្ត​ដែល​នៅ​ខាងក្នុង​ប្រទេស ឬ​ខេត្ត​ទាំងអស់​តែម្តង ត្រូវ​ត្រៀមលក្ខណៈ​រៀបចំ​មណ្ឌល​ចត្តាឡីស័ក​ ដើម្បី​ទទួល​ពលករ​មកពី​ព្រំដែន​។

លោក ម៉ានិត ថ្លែងថា​៖ «​យោងតាម​សេចក្តី​ណែនាំ​កន្លងមក​គឺ​យើង​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​នៅឯ​ព្រំដែន បន្ទាប់មក​អនុញ្ញាត​ឱ្យធ្វើ​ចត្តាឡីស័ក​ ៧ ​ថ្ងៃ​បន្ថែមទៀត​នៅឯ​គេហដ្ឋាន​របស់គាត់​ទៀត​។ វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា ពេលខ្លះ​ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ មិនអាច​តេស្ត​មើលឃើញ​ទេ​។ ដូច្នេះហើយ ប្រហែលជា​យើង​ត្រូវ​រៀបចំ​មណ្ឌល​ចត្តាឡីស័ក​នៅតាម​ស្រុក​ដែល​ពលករ​នោះ​រស់នៅ​ទីនោះ​។ គឺ​អ្នកស្រុក​ណា​ត្រូវ​ទៅធ្វើ​ចត្តាឡីស័ក​នៅ​ស្រុក​នោះ​»​។

លោក ម៉ានិត បាន​ថ្លែង​បន្តទៀត ដោយ​បង្ហាញ​នូវ​ភាពជឿជាក់​ថា ខេត្ត​ទាំងអស់​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ដោយសារ​មាន​ការទទួល​ពលករ​ធ្វើ​ចត្តាឡីស័ក​កន្លងមក​ក្នុង​ឆ្នាំ​ ២០២០​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយ​នឹង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​មកពី​ឥណ្ឌា​។ ដូចនេះ​សូម​ប្រាប់​ទៅ​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​កូវីដ​ ១៩ ​ខេត្ត និង​រាជធានី​ថា ក្រោយពី​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​នៅតាម​ព្រំដែន​ហើយ​គឺ​យើង​នឹង​ជំរុញ​ទៅធ្វើ​ចត្តាឡីស័ក​នៅតាម​ខេត្ត-ស្រុក​របស់​ខ្លួន (​ពលករ​ដែល​រស់នៅ​ទីនោះ​) ​ទៀត​»​។

លោក ហ៊ុន ម៉ានិត ​បាន​បញ្ជាក់ថា តាម​ការណែនាំ​កន្លងមក​គឺ ការធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​តាម​ព្រំដែន​ចំនួន​ ១៤ ​ថ្ងៃ​ហើយ​បន្តធ្វើ​ចត្តាឡីស័ក​ចំនួន​ ៧ ​ថ្ងៃ​ទៀត​នៅផ្ទះ ប៉ុន្តែ​ការធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​ប្រហែល​ជា​ដូរ​មក​ធ្វើ​នៅ​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ស្រុក-ខេត្ត​វិញ ហើយ​ការសម្រេច​នេះ​កំពុងតែ​ធ្វើការ​ពិភាក្សា​គ្នា​ដែល​អាច​នឹង​រៀបចំ​ធ្វើការ​កែសម្រួល​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង គឺ​ប្តូរ​ពី​ការធ្វើ​ចត្តាឡីស័ក​ ២១ ​ថ្ងៃ ដោយ​ធ្វើ​នៅតាម​ព្រំដែន​ ១៤ ​ថ្ងៃ និង​ ៧ ​ថ្ងៃ​នៅ​ខេត្ត​របស់ខ្លួន (​ពលករ​)​។

លោក លីវ សុខុន អ្នក​នាំពាក្យ​ខេត្តសៀមរាប​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ ខែកក្កដា ថា ពេលនេះ​តាម​បណ្តា​ខេត្ត​មាន​គោលការណ៍​ថ្មី​សម្រាប់​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ​ត្រូវ​តម្រូវឱ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ២១ ​ថ្ងៃ ក្នុងនោះ​ធ្វើ​នៅ​ខេត្ត​ជាប់​ព្រំដែន​ចំនួន​ ១៤ ​ថ្ងៃ​ នឹង​បន្ត​មក​ធ្វើ​នៅតាម​ខេត្ត​ ឬ​ស្រុក​សាមី​ចំនួន​ ៧ ​ថ្ងៃ​ទៀត​។

លោក​ថ្លែងថា​៖ «​ការកែប្រែ​ចំនួន​ថ្ងៃ​នៃ​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​ពលករ​មកពី​ថៃ​នេះ​គឺ​តាម​គោលការណ៍​ថ្មី​របស់​អនុគណៈកម្ម​ការគ្រប់គ្រង​ច្រកទ្វារ​ចេញ​-​ចូល​ប្រទេស និង​ការធ្វើ​ចត្តាឡីស័ក ដែល​នៅក្នុង​ខេត្ត​យើង​ទើបតែ​ធ្វើការ​អនុវត្ត​ពេល​ថ្មីៗ​នេះ​ប្រមាណ​ជា​ ៣ ​ទៅ​ ៤ ​ថ្ងៃ​កន្លងមក​»​។

លោក លីវ សុខុន បាន​បញ្ជាក់ថា ខេត្តសៀមរាប​ត្រូវបាន​ដាក់​ជា​ខេត្ត​ខ្សែត្រៀម​ទី​២ ​សម្រាប់​ទទួល​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ ដោយសារតែ​ខេត្ត​ឧត្តរមានជ័យ​អស់​កន្លែង​សម្រាប់​ពលករ​ធ្វើ​ចត្តាឡីស័ក​។ មកដល់​ពេល​នេះ​ខេត្តសៀមរាប​មាន​អ្នកជំងឺ​កូវីដ​ ១៩ ​ប្រភេទ​ដែលតា ចំនួន​ ៨ ​នាក់ ប៉ុន្តែ​មាន​អ្នកជំងឺ​ ៥ ​នាក់ ​បានជា​សះស្បើយ​រួចហើយ​។

គិត​ត្រឹម​ថ្ងៃទី​ ១៦ ខែកក្កដា ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​ប្រភេទ​បំប្លែង​ថ្មី​ដែល​តា​នេះ​សរុប​ចំនួន​ ៧៥ ​នាក់​ក្នុង​ចំនួន​នោះ​មាន​ស្រី​ ៤០ ​នាក់ ដែលជា​ករណី​នាំចូល​ទាំងអស់​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ដែល​បានចេញ​ផ្សាយ​ជា​បន្តបន្ទាប់​បានឱ្យដឹងថា ករណី​ចុងក្រោយ​ចំនួន​ ៣៧ ​ករណី ​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​ ៧ ​និង​ទី​ ១៤ ខែកក្កដា ដែលជា​អ្នកដំណើរ​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ តាម​ច្រកព្រំដែន​កម្ពុជា-ថៃ និង​អ្នកដំណើរ​បរទេស​តាម​យន្តហោះ​ផងដែរ​។ ​ពលករ​ខ្មែរ​ដែល​រកឃើញ​មាន​វីរុស​បំប្លែង​ថ្មី​នេះ ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​ផ្សេងៗ​គ្នា​ដូចជា ខេត្ត​បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ប៉ៃលិន ត្បូងឃ្មុំ សៀមរាប បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ស្វាយរៀង ព្រះវិហារ និង​ខេត្តពោធិ៍សាត់​។

លោក ឌី រ៉ាដូ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ ខែកក្កដា ថា គិត​មកដល់​ពេល​នេះ ខេត្ត​ឧត្តរមានជ័យ​រកឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ​ប្រភេទ​ដែលតា​ដែលជា​ពលករ មាន​ចំនួន​ ១៧ ​នាក់ ហើយ​ក្នុងនោះ​មាន​ចំនួន​ ៧ ​នាក់​បាន​ព្យាបាល​ជាសះស្បើយ​ផងដែរ ប៉ុន្តែ​ពួកគាត់​ត្រូវធ្វើ​ចត្តាឡីស័ក​ចំនួន​ ២១ ​ថ្ងៃ​បន្តទៀត​។

លោក​ថ្លែងថា​៖ «​យើង​បាន​ដាក់ឱ្យ​ពួកគាត់​បន្តធ្វើ​ចត្តាឡីស័ក​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល បន្ទាប់ពី​បញ្ចប់​ហើយ​យើង​នឹង​ឱ្យ​ពួកគាត់​វិលត្រឡប់​ទៅ​កាន់​គេហដ្ឋាន​របស់​ពួកគាត់​វិញ ហើយ​សម្រាប់​អ្នក​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​គឺ​តម្រូវឱ្យ​ធ្វើ​ចត្តាឡីស័ក​រហូតដល់​ ២១ ​ថ្ងៃ​»​។

លោក ឌី រ៉ាដូ បានឱ្យដឹងថា ជាទូទៅ​នៅពេល​ដែល​មាន​ការធ្វើតេស្ត​រហ័ស​ហើយ គឺ​ខេត្ត​ត្រូវតែ​បញ្ជូន​សំណាក​ទៅកាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បី​ធ្វើការ​ពិនិត្យ​បន្ថែម ថា​តើ​វា​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​ឬ​យ៉ាងណា​។ ពាក់ព័ន្ធ​នឹង​ការព្យាបាល​អ្នកជំងឺ​វីរុស​ប្រភេទ​ដែលតា​នេះ គឺ​ដាក់​នៅ​ដាច់ដោយឡែក​ពី​អ្នកជំងឺ​កូវីដ​ប្រភេទ​អាល់ហ្វា​។

លោក សឿម ប៊ុនរិទ្ធី អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ផងដែរ​ថា សម្រាប់​ខេត្ត​នេះ​មាន​អ្នកជំងឺ​កូវីដ​ប្រភេទ​ដែលតា​ចំនួន​ ៤ ​នាក់ ប៉ុន្តែ​ពួកគាត់​បានជា​សះស្បើយ​ហើយ ហើយ​ពលករ​ដែល​ឆ្លង​ចូលមក​តាម​ច្រកព្រំដែន​នៃ​ប្រទេស​ថៃ ​គឺ​ត្រូវបាន​យក​សំណាក​ដើម្បី​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ប៉ុន្តែ​មិនទាន់​ដឹងថា​តើ​នឹង​មាន​អ្នកឆ្លង​វីរុស​ថ្មី​នេះ​ឬ​អត់​ទេ​។

លោក សឿម ប៊ុនរិទ្ធី បាន​ថ្លែង​ឱ្យដឹង​ទៀត​ថា​៖ «​មួយរយៈ​ចុងក្រោយ​នេះ ពលករ​ដែល​មកពី​ប្រទេស​ថៃ​ ចូលក្នុង​ខេត្តបាត់ដំបង​ គឺ​មិនសូវមាន​ច្រើន​ទេ ដែល​ ១ ​ថ្ងៃ​ មាន​ប្រមាណ​ជាជាង​ ១០ ​នាក់​ ឬ​ ២០ ​នាក់​ប៉ុណ្ណោះ​»៕