The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ អូន ព័ន្ធមុនីរ័ត្ន ជំរុញ​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​បន្ត​ផ្តល់​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា




លោក​ អូន ព័ន្ធមុនីរ័ត្ន ជំរុញ​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​បន្ត​ផ្តល់​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា

Content image - Phnom Penh Post
ឪពុកម្តាយ នាំ​កូន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​ខែមិថុនា​។ ហុង មិនា

លោក​ អូន ព័ន្ធមុនីរ័ត្ន ជំរុញ​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​បន្ត​ផ្តល់​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរធនបាល​នៃ​ “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” លោក អូន ព័ន្ធមុនីរ័ត្ន ជំរុញ​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​បន្ត​រួមចំណែក​ទ្រទ្រង់​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ការព្យាបាល​ជូន​កុមារ​ដោយ​ឥតគិតថ្លៃ ក្នុង​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​” ដើម្បី​ចូលរួម​កសាង និង​អភិវឌ្ឍ​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេសជាតិ​។

ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរធនបាល​នៃ “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” តាមរយៈ​បណ្ដាញ​អនឡាញ​នៅ​ថ្ងៃទី​ ២០ ខែកក្កដា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរធនបាល​នៃ “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” បាន​វាយតម្លៃ​ខ្ពស់​លើ​ការខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ពិនិត្យ និង​ព្យាបាល​ជំងឺ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ជូន​កុមារ​ដ៏ច្រើន និង​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​ខិតខំ​បំពេញការងារ​ដ៏មាន​សារៈសំខាន់​នេះ​ថែមទៀត ដើម្បី​ចូលរួម​កសាង និង​អភិវឌ្ឍ​ទំពាំង​ស្នងឫស្សី​របស់​ប្រទេសជាតិ​។

លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​លើ​ការខិតខំ​ប្រឹងប្រែង បំពេញ​ការងារ​កៀរគរ​ការបរិច្ចាគ​ថវិកា​នាពេល​កន្លងមក ខណៈ​លោក​បាន​ណែនាំ​ឱ្យ​លេខាធិការដ្ឋាន ខិតខំ​បន្ថែមទៀត​ក្នុង​ការផ្សព្វផ្សាយ​ដល់​សាធារណជន​ឱ្យបាន​យល់ដឹង​អំពី​វត្តមាន និង​សារៈសំខាន់​របស់ “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” ​ក្នុង​គោលដៅ​កៀរគរ​វិភាគទាន​សប្បុរសធម៌​បន្ថែមទៀត​ពី​គ្រប់​មជ្ឈដ្ឋាន​នានា​ដើម្បី​បន្ត​រួមចំណែក​ទ្រទ្រង់​ប្រតិបត្តិការ និង​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​លើកស្ទួយ​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​” ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរធនបាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ចុះ​ថ្ងៃទី ២០ ខែ​កក្កដា បានឱ្យដឹងថា គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១“ ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” ​បានទទួល​ថវិកា​បរិច្ចាគ​សរុប​ចំនួន​ប្រមាណ ១៥,៧ លាន​ដុល្លារ​អាមេរិក គឺ​កើនឡើង​ប្រមាណ ៩,៧០ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល ៦ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២០​។

ទន្ទឹមនេះ ត្រឹម​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២១ ​នេះ​ “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” ​ក៏​បាន​ផ្ទេរ​ថវិកា​ជូន​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ដែលមាន​ចំនួន​សរុប​ប្រមាណ​ជាង ៤ លាន​ដុល្លារ​អាមេរិក​។ សេចក្តី​ប្រកាស​បន្តថា ជាមួយ​គ្នា​នេះ ថវិកា​ដែល​មិនទាន់​យកទៅ​ប្រើប្រាស់​ក៏ត្រូវ​បាន​វិនិយោគ​ជា​ការដាក់​ប្រាក់​បញ្ញើ មាន​កាលកំណត់ នៅ​ធនាគារ​ពាណិជ្ជ​ដែល​ការប្រាក់​ដែល​ទទួល​បាន​ត្រូវបាន​ចាត់ទុក​ថា ជា​ចំណូល​បន្ថែម​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ផងដែរ​។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​​ និង​បន្ត​ផ្តោត​សំខាន់​លើ​ការអនុវត្ត​សកម្មភាព​បំផុស​ចលនា​កៀរគរ​ការបរិច្ចាគ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ក្នុង​គោលបំណង​ប្រមូល​វិភាគទាន​សប្បុរសធម៌ ក៏​ដូច​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​មូលនិធិ​ដោយមាន​សកម្មភាព​ចម្បងៗ​។

បន្ថែម​លើ​វឌ្ឍនភាព និង​ទិសដៅ​ការងារ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្រុមប្រឹក្សា​បរធនបាល​ក៏បាន​ទទួល​នូវ​របាយការណ៍​អំពី​ស្ថានភាព​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៥ ​ទីតាំង​សម្រាប់​រយៈពេល ៦ ​ខែ​ដើមឆ្នាំ​ ២០២១ ​នេះ ដែល​ក្នុងនោះ​មន្ទីរពេទ្យ​បានទទួល​ព្យាបាល​អ្នកជំងឺ​ជាង ២២៦ ១៩៤ នាក់ ដែល​ករណី​ជំងឺ​ធ្ងន់​មាន​ចំនួន ៤៥ ០៧៥ នាក់ និង ទទួល​ការវះកាត់​ចំនួន​ ១០ ១៩០ នាក់​។

សម្រាប់​ផ្នែក​សម្ភព មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប ឬ​មន្ទីរពេទ្យ​ជ័យវរ្ម័នទី​៧ បានទទួល​ពិនិត្យ​ និង​ព្យាបាល​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៤១ ៨៥៥ នាក់ និង​បានទទួល​សម្រាលកូន​ចំនួន ១០ ៣២៣ នាក់​។ ជាមួយ​គ្នា​នេះដែរ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ មន្ទីរពេទ្យ បានរៀបចំ​សម្រួល​ហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិក និង​ក្រុម​ការងារ​ក្នុង​ការព្យាបាល​អ្នកជំងឺ​ដែល​រកឃើញ​មេរោគ​កូវីដ​ ១៩ ​នៅ​អគារ​ដាច់ដោយឡែក​ពី​អគារ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​របស់​មន្ទីរពេទ្យ ទាំង​នៅ​ភ្នំពេញ និង​នៅ​សៀមរាប​ផងដែរ​។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក៏បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស សូម​ឱ្យ​បន្ត​ចូលរួម​បរិច្ចាគ​ជា​សមាជិក​ដែល​រួមមាន ១ សមាជិក​កិត្តិយស គឺ​បរិច្ចាគ​ចាប់ពី ៥ ​ពាន់​ដុល្លារ​អាមេរិក​ឡើងទៅ​ក្នុង​ ១ ​ឆ្នាំ ឬ​សមាជិក​គាំទ្រ បរិច្ចាគ​ចាប់ពី ៥ ០០០ រៀល​ឡើងទៅ ក្នុង​ ១ ​ខែ គឺ​ស្មើនឹង​ ៦ ​ម៉ឺន​រៀល​ក្នុង​ ១ ​ឆ្នាំ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ​»៕

អត្ថបទគួរចាប់អារម្មណ៍