ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ផែនការ​លោក ឆាយ ថន បានឱ្យ​ដឹងថា កម្មករ​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​ជាង ៦ ​លាន​នាក់​បាន​បាត់បង់​ការងារ ឬ​ប្រឈម​នឹង​ការបាត់បង់​ការងារ​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​វីរុស​កូវីដ​ ១៩​។

លោក ឆាយ ថន បាន​ថ្លែង​ដូចនេះ​នៅក្នុង​ឱកាស​បើក​វេទិកា «​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​ ៣២» កាលពី​ថ្ងៃទី​ ២០ ខែកក្កដា ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អនឡាញ (Zoom) ​ដែល​មាន​អ្នកចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សំខាន់ៗ​មួយចំនួន​ដូចជា ក្រសួង​កិច្ចការនារី ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល តំណាង​អង្គការ UNFPA ប្រចាំ​កម្ពុជា និង​តំណាង​ឯកអគ្គរដ្ឋទូត តំណាង​ដៃគូ​អភិវឌ្ឍន៍ ប្រចាំ​នៅ​កម្ពុជា​ជាច្រើន​នាក់​ទៀត​។

ការបាត់បង់​ការងារ និង​ការប្រឈម​នឹង​ការបាត់បង់​ការងារ​ដ៏ច្រើន​នេះ​បាន​កើតមានឡើង​នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​ទាំងមូល រួមទាំង​កម្ពុជា​បាននិង​កំពុង​ប្រឈម​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​បាន​បង្ក​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច​សកល និង​សុខភាព​សាធារណៈ ដោយមាន​មនុស្ស​រាប់លាន​នាក់​បាន​ឈឺ និង​ស្លាប់​។

លោក ឆាយ ថន បាន​មានប្រសាសន៍​ថា៖ «​ការផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​សហគមន៍​បាន​បង្កើត​នូវ​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ មកលើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា សេដ្ឋកិច្ចសង្គម ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​អាយុជីវិត​ប្រជាពលរដ្ឋ ព្រមទាំង​បាន​អូសបន្លាយ​ពេលវេលា និង​បាន​ពង្រីក​វិសាលភាព​នៃ​ការឆ្លង​ជំងឺ​នេះ ដែល​មកដល់​ពេលនេះ ប្រជាជន​កម្ពុជា​ចំនួន​ជិត​ ៧ ​ម៉ឺន​នាក់​បាន​ឆ្លង​ជំងឺ​នេះ និង​ជាង ១ ​ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ នេះ​»​។

លោក​រដ្ឋមន្ត្រី​ក្រសួង​ផែនការ​បាន​បញ្ជាក់ថា ចំពោះ​វិស័យ​សេដ្ឋកិច្ច ដែល​កម្ពុជា​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​ទេសចរណ៍ កម្មន្តសាល​សម្រាប់​ការនាំចេញ​ និង​សំណង់ ដែល​ក្នុង​ឆ្នាំ​ ២០១៩ វិស័យ​ទាំង​ ៣ ​នេះ​បាន​រួម​ចំណែក​ជាង ៧០ ​ភាគរយ នៃ​កំណើន​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ប្រមាណ​ជា ៣៩,៥ ​ភាគរយ​។

លោក​បន្តថា៖ «​ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​កូវីដ អាជីវកម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ជិត​ ៣ ​ពាន់​ត្រូវ​បាន​ផ្អាក​សកម្មភាព​ដែល​បណ្តាលឱ្យ​មនុស្ស​ជាង​ ៤៥ ​ពាន់​នាក់​បាន​បាត់បង់​ការងារ ហើយ​បច្ចុប្បន្ន​នេះ​ការងារ​ចំនួន​ប្រមាណ ១,៧ ​លាន កំពុង​ប្រឈម​នឹង​ហានិភ័យ​។ កម្មករ​ដែល​បម្រើការ​ងារ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ ត្រូវបាន​ប៉ាន់​ស្មានថា ប្រមាណ​ជា ៦,១ ​លាន​នាក់ បាន​បាត់បង់​ការងារ​ ឬ​ប្រឈម​នឹង​ការបាត់បង់​ការងារ​»​។

ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ-១៩​នេះ រាជរដ្ឋាភិបាល​បាននិងកំពុង អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម សំដៅ​ជួយ​សម្រាល​ការលំបាក និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែលមាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ ជាពិសេស​ស្ត្រី និង​ក្មេងស្រី​។

លោក ឆាយ ថន បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ជួយ​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​នេះ​តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ក្នុងនោះ​មានដូចជា ជួយ​ដល់​កម្មការិនី ដែលជា​ស្ត្រី​មាន​ផ្ទៃពោះ​ និង​គ្រួសារ​ដែលមាន​ជីវភាព​ក្រីក្រ ការបង្កើន​មូលធន​ថវិកា សាច់ប្រាក់​ពលកម្ម ដើម្បី​ជួយ​ដល់​កម្មករនិយោជិត ដែល​បាន​ព្យួរការងារ​អំឡុង​ពេល​ដែល​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​មួយចំនួន​បាន​ផ្អាក​ដំណើរការ និង​កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​ផងដែរ​។

លោក​ សុខ ឈុនអឿង ប្រធាន​សមាគម​កម្មករ​កម្ពុជា សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កម្មករ​កម្ពុជា​ក្រៅ​ប្រព័ន្ធ​ជាច្រើន​បាន​បាត់បង់​ចំណូល និង​អ្នកខ្លះ​បាន​ស្វះ​ស្វែងរក​ការងារ​ផ្សេង​ធ្វើ​ដើម្បី​បាន​ប្រាក់ចំណូល​ជួយ​គ្រួសារ​។

លោក​បាន​បន្តថា៖ «​កម្មករ​ធ្វើការ​ក្រៅ​ប្រព័ន្ធ​ពិតជា​ជួប​ការលំបាក​ច្រើន​ទាំង​ការបាត់បង់​ការងារ បាត់បង់​ចំណូល​ និង​ត្រូវ​ប្រឈមមុខ​នឹង​កាតព្វកិច្ច​សងបំណុល​ធនាគារ​។ ចំណែក​ការផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​គឺមាន​ការថយចុះ​ខ្លាំង​»​។

លោក សុខ ឈុនអឿង បាន​បន្តថា សមាជិក​ស្ទើរ​ទាំងស្រុង​ក្នុងចំណោម​សមាជិក​ជាង​ ១ ០០០ ​នាក់​ បាន​បាត់បង់​ចំណូល ហើយ​មួយចំនួន​ត្រូវ​បង្ខំចិត្ត​ធ្វើការ​ប្តូរ​មុខរបរ​ដែល​ធ្លាប់ធ្វើ បែរជា​ទៅធ្វើជា​សន្តិសុខ ឬ​ការងារ​ផ្សេង​ដែល​អាច​ទទួល​បាន​ចំណូល​ក្នុងស្ថានភាព​លំបាក​នេះ​។

លោក​ វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ធ្លាប់​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​មាន​ការគិតគូរ​ទៅដល់​កម្មករ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​មិនត្រូវ​ផាត់​ពួកគាត់​ចេញ​ពី​ការជួយ​ឧបត្ថម្ភ​ឡើយ ខណៈ​ដែល​ពួកគេ​ក៏​កំពុង​រង​ឥទ្ធិពល​ពី​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ដូចគ្នា​ផង​ដែរ​៕