The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ឃួង ស្រេង ជំរុញ​ឱ្យ​អភិបាលខណ្ឌ​ទាំង​ ១៤ ​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការព្យាបាល​អ្នកជំងឺ​កូវីដ​តាម​ផ្ទះ




លោក​ ឃួង ស្រេង ជំរុញ​ឱ្យ​អភិបាលខណ្ឌ​ទាំង​ ១៤ ​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការព្យាបាល​អ្នកជំងឺ​កូវីដ​តាម​ផ្ទះ

Content image - Phnom Penh Post
លោក ឃួង ស្រេង ពេល​ប្រជុំ​កាលពី​ថ្ងៃ​ ២០ ​កក្កដា​។ រូប សាលាក្រុង

លោក​ ឃួង ស្រេង ជំរុញ​ឱ្យ​អភិបាលខណ្ឌ​ទាំង​ ១៤ ​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការព្យាបាល​អ្នកជំងឺ​កូវីដ​តាម​ផ្ទះ

ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង​ទាំងអស់​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ខ្ពស់ ចំពោះ​ការព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ នៅតាម​ផ្ទះ ដើម្បី​ឱ្យ​ពួកគាត់​កាន់​តែមាន​ទំនុកចិត្ត​មកលើ​ក្រុមគ្រូពេទ្យ និង​អាជ្ញាធរ ដែល​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ដល់​ការព្យាបាល​តាម​ផ្ទះ​ឱ្យបាន​កាន់តែច្រើន​។

ការជំរុរញ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ​តាមរយៈ​វីដេអូ​ពី​ចម្ងាយ​កាលពី​ថ្ងៃទី ២០ ខែកក្កដា ស្តីពី​វិធានការ​ការពារ​ទប់ស្កាត់ ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នឹង​ការគ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩​ដោយ​ស្ម័គ្រចិត្ត​នៅតាម​ផ្ទះ និង​ក្រុមការងារ​ត្រួតពិនិត្យ​ទីតាំង​បិទខ្ទប់​ចត្តាឡីស័ក ដោយសារ​ជំងឺ​កូវីដ​ ១៩ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​នីមួយៗ និង​ស្ដីពី​ការរឹតបន្តឹង ការអនុវត្ត​វិធានការ​រដ្ឋបាល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

លោក ឃួង ស្រេង ​ថ្លែងថា ការព្យាបាល​តាម​ផ្ទះ​គឺជា​ជម្រើស​ដ៏ល្អ ដែល​អាចជួយ​កាត់បន្ថយ​ភាពកកណែន​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​។ លោក​ថា​៖ «​ដូច្នេះ​អ្វី​ដែល​ត្រូវអនុវត្ត​នោះ គឺ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ ​មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង​ទាំងអស់ ត្រូវតែ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្ពស់បំផុត ចំពោះ​ការព្យាបាល​តាម​ផ្ទះ​»​។

ចំពោះ​ខណ្ឌ​នីមួយៗ​ត្រូវ​បង្កើត​ឱ្យមាន​ទី​បញ្ជាការ​ស្រាល​ ១ ​កន្លែង ក្នុង​ ១ ​ខណ្ឌ​ដើម្បី​ប្រចាំ​បញ្ជា​ជួយ​អន្តរាគមន៍ ប្រជាពលរដ្ឋ​ពេល​មាន​បញ្ហា​អ្វីមួយ ហើយ​ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ (OD) ក៏​ត្រូវតែ​នៅក្នុង​ទីបញ្ជាការ​ស្រាល​នេះដែរ ពោល​គឺ​នៅពេល​មាន​បញ្ហា​អ្វី គឺ​អាច​ជួយ​បាន​ទាន់​ពេលវេលា​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

លោក​បញ្ជាក់ថា ចំពោះ​អ្នក​ដែល​ពិនិត្យ​រកឃើញ​ថា មាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ និង​បាន​សម្រេចចិត្ត​ព្យាបាល​នៅតាម​ផ្ទះ​ហើយ ប៉ុន្តែ​បែរជា​ល្មើស​នឹង​ច្បាប់ ដោយ​លួច​ចេញមក​ខាងក្រៅ និង​បាន​ចម្លង​ដល់​អ្នកដទៃ​ថែមទៀត​នោះ គឺ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ដោយ​មិនមាន​ការលើកលែង​ឡើយ​។

ជាមួយ​គ្នា​នេះដែរ លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ​ថា ចំពោះ​អ្នក​ដែល​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ហើយ​ស្ម័គ្រចិត្ត​ព្យាបាល​តាម​ផ្ទះ​ត្រូវ​ព្យាបាល​ឱ្យ​បាន​រយៈពេល​ ១៣ ​ថ្ងៃ​។

លោក​បន្តថា​៖ «​ក្នុង​ថ្ងៃទី​ ១៣ គ្រូពេទ្យ​ត្រូវ​ទៅយក​សំណាក​បន្តទៀត នៅពេល​ពិនិត្យ​យក​សំណាក​នោះ​ បើទោះបី​ជា​រកឃើញ ឬ​រក​មិនឃើញ ជំងឺ​កូវីដ-១៩ ក៏ដោយ​ក៏ត្រូវ​តែ​បន្ត​ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ចំនួន​ ១៤ ​ថ្ងៃ​បន្តទៀត មិនអាច​ចេញ​ក្រៅ​បានទេ​»​។

អភិបាលខណ្ឌ​បឹងកេងកង​លោក ធឹម សំអាន ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​អ្នកជំងឺ​ព្យាបាល​តាម​ផ្ទះ រដ្ឋបាល​ខណ្ឌ​បាន​បង្កើត​ទីបញ្ជាការ​ស្រាល​ចំនួន​ ២ ដើម្បី​តាមដាន និង​ផ្តល់​ការពិគ្រោះ​យោបល់​។

លោក​ថ្លែងថា​៖ «​បងប្អូន​ខ្លះ គាត់​ចង់ទៅ​ពេទ្យ យើង​យក​ឡានពេទ្យ​ទៅ​ដឹក​គាត់​បញ្ជូន​ទៅ​កន្លែង​ព្យាបាល ហើយ​បងប្អូន​ខ្លះ ដែល​មាន​អាការ​ស្រាល​សុំ​ព្យាបាល​នៅផ្ទះ យើង​បាន​ទៅពិនិត្យ​គាត់​ដល់​ទីតាំង ហើយ​យើង​បន្ត​ប្រាស្រ័យ​ទាក់ទង​គ្នា ដោយ​បង្កើត​ក្រុម​តេឡេក្រាម ដើម្បី​សួរនាំ និង​តាមដាន​»​។

លោក​ឱ្យដឹងថា សម្រាប់​ខណ្ឌ​បឹងកេងកង អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​ ១៩ តាម​ផ្ទះ​មាន​ជាង ១៥០ ​នាក់​។

អភិបាលរង​ខណ្ឌមានជ័យ​លោក ឌី រ័ត្នខេមរុណ ក៏បាន​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា សម្រាប់​ខណ្ឌមានជ័យ​បាន​អនុវត្ត​មួយ​ជំហាន​រួចមកហើយ ដោយ​រដ្ឋបាល​ខណ្ឌ​បាន​រៀបចំ​ទីបញ្ជាការ​ស្រាល ២ ​កន្លែង នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ដោយមាន​កម្លាំង​ចូលរួម​ពី​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ រួមទាំង​ក្រុមការងា​របស់​សុខាភិបាល​ផងដែរ​។

លោក​បាន​បន្តថា​៖ «​រដ្ឋបាល​ខណ្ឌ​មានជ័យ​ក៏​បាន​រៀបចំ​ក្រុមការងារ​គ្រូពេទ្យ​មន្ត្រី​មូលដ្ឋាន​សង្កាត់​ដែល​ចុះទៅពិនិត្យ​ពិគ្រោះ​យោបល់ និង​ព្យាបាល ថែទាំ អ្នកជំងឺ​ដែល​ស្ម័គ្រចិត្ត​ព្យាបាល​តាម​ផ្ទះ ដោយ​មាន​ការយកចិត្ត​ដាក់​ពី​អាជ្ញាធរ យើង​បាន​ចុះ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​សួរសុខទុក្ខ និង​តាមដាន​សុខភាព​របស់​ពួកគាត់​»​។

លោក​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃ​​ទី​ ២១ ខែកក្កដា​នេះ សម្រាប់​មូលដ្ឋាន​ខណ្ឌមានជ័យ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​ ១៩ តាម​ផ្ទះ​មាន​ចំនួន ២៥៦ ​នាក់​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងករណី​ស្នើសុំ​ព្យាបាល​តាម​ផ្ទះ​មិនមែន​យើង​នឹកឃើញ​ចេះតែ​ឱ្យ​ទេ គឺ​រដ្ឋបាល​ខណ្ឌ និង​ក្រុម​គ្រូពេទ្យ​នឹង​ចុះទៅពិនិត្យ​ទីតាំង​អ្នកស្ម័គ្រចិត្ត​ព្យាបាល​តាម​ផ្ទះ អ៊ីចឹង​បើ​ពិនិត្យឃើញ​ថា អ្នកជំងឺ​ធូរស្រាល​គឺ​ក្រុមគ្រូពេទ្យ​វាយតម្លៃ ហើយ​ធ្វើ​កិច្ចសន្យា​មួយ ដើម្បី​ឱ្យ​គាត់​ព្យាបាល​តាម​ផ្ទះ ប៉ុន្តែ​បើ​ពិនិត្យឃើញ​ថា អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ គឺ​ក្រុមគ្រូពេទ្យ​មិនឱ្យ​គាត់​ព្យាបាល​តាម​ផ្ទះ​ទេ​»​។

លោក​ ឌី រ័ត្នខេមរុណ បាន​បន្ថែមទៀតថា ចំពោះ​ទីតាំង​អ្នកជំងឺ​កូវីដ​ ១៩ ដែល​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ អាជ្ញាធរ​បានដាក់​ស្លាក​សញ្ញា​សម្គាល់ និង​ហ៊ុមព័ទ្ធ​ខ្សែ​នៅមុខ​ផ្ទះ ដើម្បី​បង្ហាញជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង ឬ​អ្នក​ក្បែរ​នោះ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​៕

អត្ថបទគួរចាប់អារម្មណ៍