ភ្នំពេញៈ មន្ត្រីសាលារាជធានីភ្នំពេញអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលមានសមាជិកស្លាប់ ដោយសារកូវីដ ១៩ ត្រូវសហការជាមួយអាជ្ញាធរ និងត្រូវជឿជាក់ថា សាកសពត្រូវបានបូជាយ៉ាងត្រឹមត្រូវផងដែរ ខណៈរហូតមកទល់ពេលនេះមានសាកសពជាង ៨០០ ត្រូវបានបូជារួចរាល់ និងមិនមានការបាត់បង់អដ្ឋិធាតុរបស់សពណាមួយឡើយ។
ការអំពាវនាវដូចនេះធ្វើឡើង បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយឈ្មោះ ឥន្ទ្រីចិត្តស្មោះ បានបង្ហោះសារចោទថា បានបាត់សាកសព និងមិនមានមន្ត្រីណាមួយបញ្ជាក់ពីករណីនេះ។
គណនីហ្វេសប៊ុកនេះបានសរសេរកាលពីថ្ងៃទី ១៨ កក្កដា ថា៖ «ប្អូនថ្លៃរបស់ខ្ញុំបានស្លាប់ ដោយជំងឺកូវីដនៅមន្ទីរពេទ្យរុស្ស៊ីកាលពីថ្ងៃទី ៣០ ខែមិថុនា រហូតមកដល់ថ្ងៃទី ១៨ ខែកក្កដា នៅពុំទាន់ឃើញសពត្រូវបូជារួចរាល់ឬនៅនោះទេ។ សួរខាងពេទ្យគេថាគ្មានពេលរកសពទេ។ តើសពអ្នកកើតកូវីដម្នាក់ត្រូវប្រើរយៈពេលប៉ុន្មានខែទើបបូជាបាន?»។
ជាការឆ្លើយតប លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីរសៀលថ្ងៃទី ២០ ខែកក្កដាថា ករណីនេះត្រូវបានដោះស្រាយរួចរាល់ហើយ ហើយសាកសពអ្នកស្លាប់នោះក៏មិនបានបាត់ទៅណាដែរ។
លោកបានប្រាប់ថា៖ «ករណីដែលមានការបង្ហោះហ្វេសប៊ុកហ្នឹង បានលុបចោល និងបានសុំទោសអាជ្ញាធររួចរាល់ផងដែរ។ គាត់ខុសដោយសារគាត់បានទាក់ទងខុសយន្តការទៅក្រសួងសុខាភិបាល ប៉ុន្តែមិនមានការឆ្លើយតប។ សពបងប្អូនរបស់គាត់បានបូជារួចរាល់ហើយ ហើយពួកគាត់ក៏ទទួលបានធាតុរបស់សពរួចហើយដែរ»។
លោក កើត ឆែ បានប្រាប់ទៀតថា នៅពេលមានករណីស្លាប់ច្រើន សពរបស់អ្នកមានជំងឺកូវីដមានច្រើន ដូចនេះសពទាំងនោះត្រូវបានវេចខ្ចប់ដាក់ក្នុងទូក្លាស្សេ ហើយសពគឺត្រូវបូជាតាមលេខរៀង មិនមែនបូជាតាមចិត្តនោះទេ។
លោកបានបញ្ជាក់ថា៖ «ធាតុរបស់សពគឺត្រូវបានរៀបចំយ៉ាងត្រឹមត្រូវមានឈ្មោះរបស់សាកសព និងបានតម្កល់ទុកនៅនឹងវត្តដែលបានបូជា ប៉ុន្តែសាមីខ្លួនដែលជាសមាជិកសាកសពមិនបានទាក់ទងអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ ១៩ តែបែរជាទាក់ទងទៅក្រសួងសុខាភិបាលដែលមិនត្រូវនឹងយន្តការនេះឡើយ»។
លោកអភិបាលរងរូបនេះបានបន្ថែមថា៖ «អ្នកឆ្លងវីរុសកូវីដ ១៩ មានច្រើន ហើយក្រុមមន្ត្រី និងគ្រូពេទ្យក៏មានកម្រិត និងមានការងារច្រើន។ ដូចនេះ ខ្ញុំសុំឱ្យប្រជាពលរដ្ឋត្រូវធ្វើការសហការ និងចូលរួមជាមួយនឹងយើង»។
លោក កើត ឆែ បានឱ្យដឹងទៀតថា សាលារាជធានីភ្នំពេញបាននិងកំពុងរៀបចំធ្វើឈាបនដ្ឋានបន្ថែម ហើយពេលមានកន្លែងបូជាសពគ្រប់គ្រាន់ គឺការបូជាសពនឹងធ្វើទៅដោយរលូន មិននៅសល់សពយូរទៀតនោះទេ។
លោកថា៖ «ខ្ញុំសុំឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយនឹងអាជ្ញាធរ និងមន្ត្រីសុខាភិបាលដោយសារករណីកូវីដ នេះគឺជារឿងមួយដែលពិភពលោក គ្រប់ប្រទេសមានការជ្រួលច្របល់ទាំងអស់គ្នា។ ដូចនេះ ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ ២០ កុម្ភៈនេះ គឺត្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់អនុវត្តនូវវិធានការសុខាភិបាលទាំងអស់»។
បើតាម លោក កើត ឆែ មកទល់បច្ចុប្បន្ននេះសពអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ជាង ៨០០ សព ត្រូវបានបូជារួចរាល់ ដោយមិនធ្លាប់មានបញ្ហាទេ ហើយក៏មិនដែលមានករណីបាត់សាកសពនោះដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ១ រូបដែលជីដូនរបស់លោកទើបបានបាត់បង់ជីវិត ដោយសារជំងឺកូវីដ ១៩ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា យាយរបស់លោកបានស្លាប់កាលពីថ្ងៃទី ១ ខែកក្កដា ហើយសពត្រូវបានយកទៅបូជារួចរាល់ហើយភ្លាមៗផងដែរ។
លោកបានប្រាប់ថា៖ «យាយខ្ញុំស្លាប់យប់ថ្ងៃទី ១ សពបានបូជានៅថ្ងៃទី ២ ហើយនៅថ្ងៃទី ៣ ពូរបស់ខ្ញុំបានទៅទទួលយកធាតុរបស់យាយខ្ញុំ។ នីតិវិធីនៃការបូជាសពរបស់យាយខ្ញុំមិនយូរទេ»។
ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានណែនាំដល់មន្ត្រីអាជ្ញាធររបស់លោកទាំងអស់ត្រូវមើលពីសារៈសំខាន់ និងលើកទឹកចិត្តគ្នា ហើយពេលមានបញ្ហាត្រូវរួមគ្នា ដើម្បីដោះស្រាយឱ្យបាន។
លោកបានលើកឡើងថា៖ «កន្លងមកនេះអាជ្ញាធររបស់យើងអនុវត្តបានល្អណាស់។ សពជាច្រើនរយនាក់ហើយ យើងធ្វើបានល្អដោយមិនមានបញ្ហាឆ្លងដោយជំងឺកូវីដ ១៩ ពីសាកសពទេ។ នេះជាមោទនភាពរបស់ក្រុមការងារគ្រូពេទ្យរបស់យើង ដែលអនុវត្តបានល្អលើវិធានក្រសួងសុខាភិបាលទាំងការវេចខ្ចប់សព និងការការពារខ្លួនដោយក្រុមការងារយើងបានចាត់ចែងវេចខ្ចប់សពបានល្អ និងទទួលបានជោគជ័យ មិនមានហានិភ័យ»។
កាលពីថ្ងៃអាទិត្យ ទី ១១ ខែកក្កដា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានចេញសេចក្តីណែនាំបន្ថែមអំពីសុវត្ថិភាពក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកវីរុសកូវីដ ១៩។ ការចាត់ចែងសាកសពដែលមានផ្ទុកវីរុសកូវីដ ១៩ នេះ គឺក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៦ ខែកក្កដា លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានជូនដំណឹងពីការបូជាសពអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ដោយបានកំណត់យកវត្តចំនួន ៤ សម្រាប់បូជាសពអ្នកជំងឺកូវីដ ១៩។
លោកបានឱ្យដឹងថា៖ «ក្រោយពីមន្ត្រីសុខាភិបាលបានវេចខ្ចប់សពអ្នកជំងឺកូវីដ ១៩ បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចរាល់ ក្រុមគ្រួសារអាចទទួលយកសពទៅបូជានៅទីកន្លែងដែលបានកំណត់នៅវត្តចំនួន ៤ គឺវត្តអង្គតាមិញ វត្តគោកបញ្ជាន់ វត្តជន្លង់ម្លូ និងវត្តក្រាំងធ្នង់»។
លោក ងី មានហេង បានបញ្ជាក់ថា ក្រុមគ្រួសារសាច់ញាតិរបស់សពត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីបុណ្យសពបានត្រឹមតែចំនួន ១០ នាក់ប៉ុណ្ណោះ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាលផងដែរ៕