The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ត្រី​ម្នាក់​ស្លាប់​ និង​មនុស្ស ប្រុស​ស្រី​ ៦ ​នាក់​ទៀត​រងរបួស ​ក្នុង​គ្រោះថ្នាក់​ផ្ទុះ​ឆេះទូក​ ១ ​គ្រឿង​នៅ​កោះរ៉ុង




ស្ត្រី​ម្នាក់​ស្លាប់​ និង​មនុស្ស ប្រុស​ស្រី​ ៦ ​នាក់​ទៀត​រងរបួស ​ក្នុង​គ្រោះថ្នាក់​ផ្ទុះ​ឆេះទូក​ ១ ​គ្រឿង​នៅ​កោះរ៉ុង

Content image - Phnom Penh Post
ទិដ្ឋភាព​ទូក​ ១ ​គ្រឿង​ឆាបឆេះ​ពេល​កំពុង​បើកបរ​ក្នុង​សមុទ្រ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក

ស្ត្រី​ម្នាក់​ស្លាប់​ និង​មនុស្ស ប្រុស​ស្រី​ ៦ ​នាក់​ទៀត​រងរបួស ​ក្នុង​គ្រោះថ្នាក់​ផ្ទុះ​ឆេះទូក​ ១ ​គ្រឿង​នៅ​កោះរ៉ុង

ភ្នំពេញៈ យ៉ាងហោចណាស់​ស្ត្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ក្មេង ចាស់​ប្រុស-ស្រី ៦ ​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ក្នុង​ឧបទ្ទវហេតុ ផ្ទុះ​ឆេះ​នាវា​ ១ ​គ្រឿង ក្នុង​លម្ហ​សមុទ្រ​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​ ១០:៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ២១ ខែ​កក្កដា​។ នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរ​ក្រុង​កោះរ៉ុង​។

លោក​ នួន ប៊ុនថុល អភិបាល​ក្រុង​កោះរ៉ុង ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​ក្រោយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​ផ្ទៃសមុទ្រ​ថា អ្នកស្រី​ ហ៊ីង ស្រស់ អាយុ​ ៥០ ​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ដើមថ្កូវ សង្កាត់-ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ បាន​លង់ទឹក​ស្លាប់ ក្រោយពី​នាវា​ដឹក​អ្នកដំណើរ​ដែល​គាត់ និង​ក្រុមគ្រួសារ​ព្រមទាំង​អ្នកភូមិ​ផ្សេងទៀត​ជិះ​ឆ្លងកាត់​ពី​ក្រុង​កោះរ៉ុង មក​ក្រុងព្រះសីហនុ​បាន​ផ្ទុះ​ឆេះ ហើយ​លិច​ចូលក្នុង​សមុទ្រ​។ នាវា​នោះ​មាន​ទំហំ​ទទឹង​ ៣,៤ ​ម៉ែត្រ បណ្តោយ ១៣ ​ម៉ែត្រ និង​កម្លាំង​ម៉ាស៊ីន​ ១៣០ ​សេះ មាន​ផ្ទុក​អ្នកដំណើរ​ និង​នាវិក​សរុប​ ១១ ​នាក់​ក្នុង​នោះ​ទារិកា​អាយុ​ជាង​ ២ ​ខែ​ម្នាក់​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​ជួយ​សង្គ្រោះ​របស់​យើង​បាន​ទៅដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ ក្រោយពី​ម្ចាស់​នាវា​បាន​រាយការណ៍​អំពី​គ្រោះថ្នាក់​ភ្លើង​ឆេះ​នាវា​កណ្ដាល​សមុទ្រ​។ ប៉ុន្តែ​ជា​អកុសល​ពេល​ទៅដល់ យើង​ឃើញ​ស្ត្រី​រងគ្រោះ ឈ្មោះ ហ៊ីង ស្រស់ បែកពពុះមាត់ ស្លាប់​នៅក្នុង​ទឹកសមុទ្រ​នោះ​បាត់ទៅ​ហើយ ខណៈ​ជនរងគ្រោះ​ ៦ ​នាក់​ទៀត បាន​រងរបួស​ដោយសារ​ភ្លើង​ឆេះ មុនពេល​ពួកគេ​សម្រេចចិត្ត​លោត​ចូល​ទៅក្នុង​សមុទ្រ ដើម្បី​រំដោះខ្លួន​ពី​អគ្គិភ័យ​ដ៏កម្រ​នេះ​»​។

Content image - Phnom Penh Post
ជនរងគ្រោះ​ត្រូវបាន​សង្គ្រោះ​ពី​ការផ្ទុះ​ឆេះ​នាវា​នៅ​ខេត្ត​ព្រះសីហនុ​ពីថ្ងៃ​ទី​ ២១ ​កក្កដា​។ ​រូប FB

បើតាម​លោក​ នួន ប៊ុនថុល ទារិកា អាយុ​ជាង​ ២ ​ខែ ត្រូវបាន​ឪពុកម្ដាយ​របស់​នាង​ដែល​ពាក់​អាវពោង​សុវត្ថិភាព​បាន​ការពារ​យ៉ាង​ល្អ​មិនមាន​គ្រោះភ័យ​អ្វី​កើតឡើង​ចំពោះ​នាង​នោះឡើយ​។ ក្រោយពី​បាន​សង្គ្រោះ​ជនរងគ្រោះ​ទាំងអស់​ចេញ​ពី​ផ្ទៃសមុទ្រ ក្រុម​សង្គ្រោះ​បាន​ដឹក​ពួកគេ​ទៅ​ក្រុង​ព្រះសីហនុ និង​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។

ចំណែក​សព​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​នាំយក​ទៅ​ធ្វើ​បុណ្យ​នៅ​សង្កាត់​ព្រៃនប់ ក្រុងព្រះសីហនុ បន្ទាប់ពី​ធ្វើតេស្ត​កូវីដ​ ១៩ ​លទ្ធផល​អវិជ្ជមាន​។

លោក​ រ័ត្ន ឧត្តម ម្ចាស់​អាជីវកម្ម​នាវា​ដឹក​អ្នកដំណើរ​ពី​ក្រុង​កោះរ៉ុង មក​ក្រុង​ព្រះសីហនុ ប្រាប់ថា ក្នុងចំណោម​អ្នករងរបួស​ទាំង​ ៦ ​រូប​មាន​បុគ្គលិក​របស់លោក​ ២ ​នាក់ ក្នុងនោះ​ម្នាក់​ជា​អ្នកបើកបរ​នាវា រងរបួស​ឆេះ​រលាក​ពេញ​ខ្លួន​។

លោក​និយាយថា​៖ «​នៅពេលនេះ ខ្ញុំ​នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ ដែល​នាំឱ្យ​មាន​ករណី​ផ្ទុះ​ឆេះ​នាវា​នោះ​នៅឡើយ​ទេ​ដោយ​សារ​បុគ្គលិក​ដើរ​តាម​នាវា​នោះ បាន​រងរបួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​របួស​។ ទោះជា​បែបណា ខ្ញុំ​នឹង​ទទួលខុសត្រូវ​នូវ​អ្វីដែល​បាន​កើតឡើង​ចំពោះ​ជនរងគ្រោះ​ទៅតាម​លទ្ធភាព​ដែល​ខ្ញុំ​មាន​»៕

អត្ថបទគួរចាប់អារម្មណ៍