The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជនជាប់ឃុំ​ ១ ​នាក់ ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ស្លាប់​ ដោយសារ​កូវីដ​ ១៩




ជនជាប់ឃុំ​ ១ ​នាក់ ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ស្លាប់​ ដោយសារ​កូវីដ​ ១៩

Content image - Phnom Penh Post
នគរបាល​ពិនិត្យ​អ្នក​ជាប់ឃុំ​ក្នុង​គុក​ខេត្ត​បន្ទាយមានជ័យ​។ រូបថត FB

ជនជាប់ឃុំ​ ១ ​នាក់ ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ស្លាប់​ ដោយសារ​កូវីដ​ ១៩

បន្ទាយមានជ័យៈ យ៉ាងហោចណាស់​ជន​ជាប់ឃុំ​ម្នាក់ទៀត​បាន​ស្លាប់ កាលពី​ដើមសប្ដាហ៍​បាន​បណ្ដាលឱ្យ​ជនជាប់ឃុំ​ស្លាប់​កើន​ដល់​ ៥ ​នាក់ ក្រោយពី​មេរោគ​កូវីដ​ ១៩ បាន​ផ្ទុះ​ចូលក្នុង​ពន្ធនាគារ​ទូទាំងប្រទេស ​កាលពីដើម​ខែកក្កដា​។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ជនជាប់ឃុំ​ដែល​ស្លាប់​សុទ្ធតែ​មាន​អាយុ​ច្រើន និង​មាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ​»​។

ទោះយ៉ាងណា​ក៏ដោយ​លោក​បញ្ជាក់ថា បច្ចុប្បន្ន​ស្ថានភាព​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ-១៩ គឺអាច​គ្រប់គ្រង​បាន ហើយ​បច្ចុប្បន្ន​នេះដែរ មន្ដ្រី​ជំនាញ​សហការ​ជាមួយ​គ្រូពេទ្យ​បាន​ព្យាបាល​ជន​ជាប់ឃុំ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ នៅក្នុង​ពន្ធនាគារ ចំណែក​អ្នកជំងឺ​ធ្ងន់​ទើប​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​អនុវត្ដ​តាម​គោលនយោបាយ​ថ្នាក់ជាតិ​។

លោក​បានឱ្យ​ដឹងថា ជំងឺ​កូវីដ ១៩ បាន​ផ្ទុះ​ចូល​ពន្ធនាគារ​ខេត្ដ​បន្ទាយមានជ័យ កាលពី ២ ​សប្ដាហ៍​មុន ដែល​ក្នុង​ពន្ធនាគារ​នេះ​បច្ចុប្បន្ន​មាន​ជន​ជាប់ឃុំ​សរុប​ចំនួន ១ ៦៣៣ ​នាក់​ក្នុង​នោះ​មាន​ជន​ជាប់ឃុំ​ជា​ស្ដ្រី​ចំនួន ៩៧ ​នាក់​។

លោក សវនា បានឱ្យ​ដឹងថា អ្វីដែល​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​អនុវត្ដ​កន្លង​មកលើ​ការគ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ពន្ធនាគារ​គឺ​បានកំណត់​ជា​តំបន់ រួច​បែងចែក​ជា​អគារ​សម្រាប់​ដាក់​អ្នក​វិជ្ជមាន អ្នក​សង្ស័យ និង​អ្នក​ដែល​បាន​ធ្វើ​តេស្ត​ហើយ​អវិជ្ជមាន​ដាច់​ដោយឡែក​ពី​គ្នា ក្នុង​នោះ​ជន​ជាប់ឃុំ​ស្ដ្រី និង​បុរស​ក៏​បាន​ដាក់​ដាច់ដោយឡែក​ពីគ្នា​ដែរ​។

លោក សវនា បញ្ជាក់ថា ក្រោយ​ចាក់​វ៉ាក់សាំង​ដល់​ជនជាប់ឃុំ​បាន​ជិត ២០ ​ពាន់​នាក់​ក្នុង​ចំណោម​ជន​ជាប់ឃុំ​ទូទាំង​ប្រទេស​ជាង ៣៦ ​ពាន់​នាក់ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ កំពុង​បន្ត​ជំរុញ​ដល់​ពន្ធនាគារ តាម​បណ្តា​ខេត្ដ​ឱ្យធ្វើ​លិខិតស្នើ​ទៅ​រដ្ឋបាល​ខេត្ដ ដើម្បី​សម្របសម្រួល​ជាមួយ​គណៈកម្មការ​ចាក់​វ៉ាក់សាំង​ផ្ដល់​ការចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​ឱ្យបាន​គ្រប់ៗ​គ្នា​។ ក្នុង​នោះ​រដ្ឋបាល​ខេត្ដ​មួយចំនួន​ក៏​កំពុង​សហការ​ធ្វើ​កិច្ចការងារ​នេះ​ផងដែរ​។

នីតិវិធី​ឥឡូវ គឺ​ជំរុញ​ឱ្យ​ពន្ធនាគារ​ខេត្ដ ឬ​មណ្ឌល​អប់រំ​កែប្រែ​ឱ្យ​គាត់​ធ្វើ​លិខិតស្នើ​ទៅ​រដ្ឋបាល​ខេត្ដ ដែល​ជា​ទីតាំង​ដែល​គាត់​ស្ថិតនៅក្រោម​នោះ​។ ពន្ធនាគារ​ខេត្ដ​ឱ្យធ្វើ​លិខិត​ស្នើ​ទៅ​រដ្ឋបាល​ខេត្ដ​ថា មាន​ជន​ជាប់ឃុំ​ប៉ុន្មាន​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​។ លិខិត​នេះ​ដាក់​ទៅ​ខេត្ដ ដើម្បី​ឱ្យ​រដ្ឋបាល​ខេត្ដ​សម្របសម្រួល​ជាមួយ​គណៈកម្មការ​ចាក់​វ៉ាក់សាំង​។

យោងតាម​របាយការណ៍​សង្ខេប​នៃ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​របស់​ខេត្ត​បន្ទាយមានជ័យ​គិត​ត្រឹម​ថ្ងៃទី​ ២០ ខែ កក្កដា ឆ្នាំ​ ២០២១ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​កាលពី​ម្សិលមិញ​បាន​ឱ្យ​ដឹងថា​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ ប្រជាពលរដ្ឋ​គ្រប់​ខេត្ត​ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​តាម​ខេត្ដ​នេះ​បាន​ធ្វើ​ចត្តាឡីស័ក​តាម​មណ្ឌល​ទាំង​ ១៥ ​ក្នុង​ខេត្ដ​មាន​ចំនួន​សរុប​ជាង ៤៥ ពាន់​នាក់​។ កំពុង​នៅក្នុង​ការធ្វើ​ចត្ដាឡីស័ក​ចំនួន​ជាង​ ៣ ​ពាន់​នាក់​។ ​ក្នុង​ខេត្ដ​នេះ​មាន​អ្នកស្លាប់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ចំនួន ៦៦ ​នាក់​ក្នុងនោះ​មាន​ថៃ​ ២ ​នាក់​ និង​ឥណ្ឌូនេស៊ី​ ៣ ​នាក់​៕

អត្ថបទគួរចាប់អារម្មណ៍