ភ្នំពេញៈ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​ប្រភេទ​ស៊ីណូហ្វាម​ចំនួន​ ១ លាន​ដូស ​បានដឹក​មកដល់​ភ្នំពេញ​ហើយ ​នា​ព្រឹក​មិញ​នេះ ​ហើយ​កម្ពុជា​ក៏នឹង​ត្រៀម​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩​ ប្រភេទ ​Johnson & Johnson ​ដែល​ផលិត​នៅ​ប្រទេស​អាមេរិក​ ចំនួន​ ១ លាន​ដូស​ផងដែរ ​តាម​រយៈ​យន្តការ​កូវ៉ាក់ ​ប៉ុន្តែ​មិន​ទាន់​ដឹង​កាល​បរិច្ឆេទ​ច្បាស់លាស់​នៃ​ការមក​ដល់​ពេល​ណា​នៅ​ឡើយ​ទេ។

នៅ​ពេល​ទៅ​ទទួល​វ៉ាក់​សាំង​ស៊ីណូហ្វាម​ចំនួន​ ១ លាន​ដូស ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ទិញ​ពី​ចិន ​និង​បានដឹក​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នាព្រឹក​ថ្ងៃទី​ ២២ ​ខែកក្កដា ​នេះ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​លោកស្រី ​យក់ សម្បត្តិ ​ថ្លែងថា ​ប្រទេស​កម្ពុជា ​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​ ១ លាន​ដូស​ផងដែរ ​តាម​រយៈយន្តការ​កូវ៉ាក់។

លោកស្រី​មាន​ប្រសាសន៍ថា​៖ «យើង​នឹង​មាន​វ៉ាក់សំាង ​Johnson&Johnson ​ប្រហែលជា​ ១ លាន​ដូស​នឹង​មក​ដល់​ប្រទេស​កម្ពុជា ​ប៉ុន្តែ​យើង​មិនទាន់​បាន​បញ្ជាក់​ច្បាស់​ពី​ពេលវេលា​ដែល​នឹង​ត្រូវ​ដឹក​មក​ដល់​ពេល​ណា​នោះ​ទេ»។

ជាមួយ​គ្នានេះ​ វ៉ាក់សាំង​ចំនួន​ ៥ លាន​ដូស ​នឹង​ដឹកមក​ដល់​កម្ពុជា​ ក្នុង​ខែសីហា ​និង​ខែកញ្ញា​ របស់​ក្រុម​ហ៊ុន​ស៊ីណូវ៉ាក់​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​សម្រាប់​ត្រៀម​ចាក់ជូន​កុមារ ​និង​យុវវ័យ ​អាយុ​ចាប់​ពី​ ១២ ឆ្នាំ ​ដល់​ ១៧​ ឆ្នាំ​ផង​ដែរ។

ទាក់ទង​នឹងការ​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ​នេះ​ ក្រុមការងារ​នៃ​គណៈកម្មការ​ចំពោះកិច្ច​កំពុងតែ​ធ្វើ​ផែន​ការ និង​ពិភាក្សាក្នុង​ក្រុម​ការងារ​យ៉ាង​សកម្ម​ផង​ដែរ៕