The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការសង់ត្រាល់ ​រក​ឃើញ​ពលករខ្មែរ​នៅ​ថៃប្រមាណ ​៩ ០០០ នាក់​ បាន​ឆ្លង​ជំងឺកូវីដ​ ១៩




អង្គការសង់ត្រាល់ ​រក​ឃើញ​ពលករខ្មែរ​នៅ​ថៃប្រមាណ ​៩ ០០០ នាក់​ បាន​ឆ្លង​ជំងឺកូវីដ​ ១៩

Content image - Phnom Penh Post
មន្ត្រីខេត្តបន្ទាយមានជ័យពេលត្រួតពិនិត្យពលករខ្មែរពេលត្រឡប់ពីថៃវិញ កាលពីខែមិថុនា ឆ្នាំនេះ។ រូបថត រដ្ឋបាលខេត្ត

អង្គការសង់ត្រាល់ ​រក​ឃើញ​ពលករខ្មែរ​នៅ​ថៃប្រមាណ ​៩ ០០០ នាក់​ បាន​ឆ្លង​ជំងឺកូវីដ​ ១៩

ភ្នំពេញៈ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​ការ​ងារ ​(សង់ត្រាល់) ប្រចាំ​ប្រទេស​ថៃ​ បាន​ឲ្យ​ដឹង​ថា​គិត​មក​ទល់​ពេល​នេះចំ​នួន​ពលករ​ខ្មែរ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ នៅប្រទេស​ថៃ​ មាន​ប្រមាណ ៩ ០០០​ នាក់ ខណៈ​ចំនួន​ឆ្លង​សរុប​ក្នុ​ងប្រទេស​នេះពី ១ ​ថ្ងៃ​ ទៅ​ ១ ថ្ងៃ​ មាន​ការ​កើន​ឡើងរ​ហូត​ដល់​ខ្ទង់​ម៉ឺន​នាក់​។

លោក​ លឹ​ម សុ​ផុន ជាក្រុម​ការងារ​នៃ​អង្គ​ការស​ង់​ត្រា​ល់​ប្រចាំ​ប្រទេស​ថៃ​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២​ កក្កដា​នេះ​ថា បង​ប្អូន​ពល​ករ​ខ្មែរបាន​ឆ្លង​កូ​វីដ ១៩ នៅ​ប្រទេស​ថៃ គឺ​មាន​ប្រមាណ ៩ ០០០ នាក់។ លោក​បាន​អះអាង​ថា តួលេខ​នេះគឺ​យោង​តាមការ​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​ថៃ ដែល​​បានធ្វើ​បច្ចុប្បន្ន​ភាព ចំពោះ​អ្នក​ឆ្លង​នៅ​ក្នុង​ប្រទេស​នេះ​សរុប​មក​ទល់​ពេល​នេះ ។

លោក​បាន​រៀប​រាប់​ថា៖ «ទាំងនេះ គឺ​ចំនួន​បង​ប្អូន​ខ្មែរ​យើង​ឆ្លង​នៅ​ថៃ ជាពិសេស​គឺ​បងប្អូន​ពលករ​ខ្មែរ។ សម្រាប់​ចំនួន​ទូទៅ​ដែល​ឆ្លង​ក្នុង​ប្រទេស​ថៃ គឺមាន​ការឆ្លង​កាន់តែ​ច្រើន​ក្នុង ១ ​ថ្ងៃៗឆ្លង​រហូត​ដល់​ជាង១ម៉ឺន​នាក់ ខណៈ​រដ្ឋាភិ​បាលប្រកាស​បិទ​មិន​ឲ្យ​មាន​ការ​ចរាច​រដល់​ទៅ ១០ ខេត្ត ដើម្បី​ទប់​ស្កាត់​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ ១៩»។

លោក លឹម សុ​ផុន ដែល​បាន​តាមដាន​ស្ថាន​ការណ៍​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ជាប់​ជាប្រចាំ បាន​បញ្ជាក់​ថា​ការដ្ឋាន​នៅ​ទីក្រុង​បាង​កក និង​ខេត្ត​ជុំវិញ​នេះ​ចំនួន ១០ ខេត្ត គឺ​ត្រូវ​រដ្ឋាភិបាល​ថៃប្រកាស​បិទ​ខ្ទប់។ ស្ថានការណ៍​នេះ បានធ្វើ​ឲ្យ​ពលករ​ខ្មែរក៏​ប្រ​ឈម​នឹង​បញ្ហា​លំបាក​ផងដែរ ​ជាពិសេស​ពលករ​ដែល​រស់​នៅ និង​ធ្វើការ​ខុស​ច្បាប់។

លោក​បាន​​បញ្ជាក់​​ថា៖ «ក្នុង​អំឡុង​ពេល​បិទ​បងប្អូន​នេះ រដ្ឋាភិ​បាល​ថៃក៏បាន​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលករ​ដែល​តម្រូវ​ឱ្យផ្អាក​ការងារ​ប្រមាណ​៧ពាន់​បាត ក្នុង ១ ខែ រួម​ជា​មួយ​នឹង​ស្បៀង​អាហារ​មួយចំនួន​ផងដែរ។ ប៉ុន្តែ​យ៉ាង​ណា ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ទាំងនេះ គឺ​ទទួល​បាន​សម្រាប់តែ​ពលករ​ដែល​ធ្វើការ​ស្របច្បាប់​ប៉ុណ្ណោះ»។

លោក​បាន​​បន្ត​ថា៖ «ចំណែក​ពលករ​ដែលរ​ស់​នៅនិង​ធ្វើការ​ដោយ​ខុស​ច្បាប់​ គឺ​មិនត្រូវ​ទទួល​បាន​អត្ថប្រ​យោជន៍​ទាំងនេះ​ទេ ដូច្នេះខ្ញុំ​រំពឹងថា រដ្ឋាភិ​បាល​ខ្មែរ នឹង​បន្ត​ពិភាក្សា​បន្ត​ទៀត ជាមួយ​រដ្ឋាភិ​បាល​ថៃ ដើម្បី​ជួយ​ដល់​ពល​ករ​ខ្មែរ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ទាំង​នេះ»។

តាម​តួលេខ​ដែល​ប្រកាស​ពី​ប្រទេស​ថៃ ក្នុង ​១ ថ្ងៃ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេសនេះ​បាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ ដល់​ទៅ​រាប់ម៉ឺន​នាក់ និង​ស្លាប់​ដល់ទៅជិត ១០០ នាក់ ខណៈ​ខេត្ត​ដែល​ផ្ទុះ​ជំងឺ​នេះ មិនមាន​កន្លែងដាក់​អ្នកជំងឺ​នោះទេ ជា​ហេតុ​នាំ​ឲ្យ​អ្នកជំងឺគ្មាន​កន្លែង​ព្យាបាលនិង​ត្រូវ​រង់ចាំ​កន្លែង​ព្យា​បាល​នៅ​ខាងក្រៅ​មន្ទី​រពេទ្យ។ នេះ​បើតាម​មន្ត្រី​ឃ្លាំង​មើល​សិទ្ធិ​ការ​ងារ​ខាង​លើ៕

អត្ថបទគួរចាប់អារម្មណ៍