ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បង្កើត​នូវ​យុទ្ធនាការ​ព័ទ្ធ​យក​សំណាក​ចល័ត នៅតាម​ទីតាំង ដែល​មាន​ហានិភ័យ​ខ្ពស់ ដែលជា​វិធាន​ថ្មី​មួយ នៃប្រតិបត្តិ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ នៅក្នុង​សហគមន៍​នៃ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​។

យោងតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ឱ្យដឹងថា ប្រសិនបើ​មិនមាន​ចំណាត់ការ​ទាន់ពេលវេលា ដោយ​ទុកឱ្យ​វីរុស​នេះ​ឆ្លង​រាលដាល​អស់​កម្រិត ទើប​ធ្វើ​ស្រាវជ្រាវ​នោះ គឺ​ការឆ្លង​នឹងមាន​ទំហំ​កាន់តែ​ធំ​ឡើង​។

រដ្ឋបាលខេត្ត​បាន​បញ្ជាក់ថា៖ «​តាម​បទពិសោធ ទីកន្លែង​ដែលមាន​ការលក់ដូរ និង​ប្រមូលផ្តុំ គឺជា​កន្លែង​ដែលមាន​ការឆ្លង​រាលដាល​ច្រើន ដូច្នេះ​គឺ​យើង​បាន​ចាត់វិធានការ​បន្ទាន់ដោយ​ព័ទ្ធ​យក​សំណាក​នៅ​តាម​ទីតាំង​ទាំងនោះ ដើម្បី​ស្វែងរក​អ្នកមាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ យកទៅ​ព្យាបាល​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​កាត់ផ្តាច់​ការចម្លង​បន្ត​»​។

គិត​ចាប់ពី​ថ្ងៃទី​ ១៤ ខែកក្កដា ឆ្នាំ​ ២០២១ មកដល់​ថ្ងៃទី​ ២០ ខែកក្កដា ឆ្នាំ​ ២០២១ នេះ ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ចុះ​ព័ទ្ធ​យក​សំណាក​ចល័ត​ទៅលើ​ទីតាំង ដែល​មាន​ហានិភ័យ​ខ្ពស់​បាន​ចំនួន​ ០៥ ​ទីតាំង​រួចមកហើយ ដោយ​ប្រជាពលរដ្ឋ​ត្រូវយក​សំណាក​មាន​ចំនួន​សរុប ១ ៩២៣ ​នាក់ និង​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ចំនួន​ ៥៤ ​នាក់​។

វិធានការ​នេះ​មាន​ប្រសិទ្ធភាព​ ដើម្បី​កាត់ផ្តាច់​ការចម្លង ហើយ​រដ្ឋបាលខេត្ត​នឹង​ជំរុញ​ការអនុវត្ត​ឱ្យបាន​ជាប្រចាំ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​៕