ភ្នំពេញៈ ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថានបានរកឃើញវត្តមាននៃប្រភេទជ្រូកពោន ឬជ្រូកព្រុល នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលនេះជាមោទនភាពរបស់កម្ពុជា និងស័ក្តិសម ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយធនធានជីវៈចម្រុះ។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។
ជ្រូកពោន ឬជ្រូកព្រុល ដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រស្ថិតក្នុងបញ្ជីក្រហម IUCN គឺជាប្រភេទសត្វងាយរងគ្រោះបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពកជាដើម។
លោក នេត្រ ភក្ត្រា បានថ្លែងថា ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ កម្ពុជា មានឱកាសគ្រប់គ្រាន់ ដើម្បីគិតគូរ និងរៀបចំផែនការសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន ហើយបច្ចុប្បន្ននេះស្ថានភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ព្រៃឈើ និងសត្វព្រៃត្រូវបានការពារ។
លោកបានបញ្ជាក់ថា៖ «សត្វព្រៃកម្រៗមួយចំនួនបន្តមានវត្តមាន និងខ្លះទៀតមានស្ថិរភាព និងខ្លះមានការកើនឡើង និងខ្លះទៀតនៅតែបន្តថយចុះនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា»។
យោងតាមការសិក្សារបស់អ្នកជំនាញ ជ្រូកពោនមានប្រវែងក្បាលដងខ្លួនពី ៦៥០-១០៤០ ម.ម ទម្ងន់ពី ៧-១៤ គីឡូក្រាម កន្ទុយមានប្រវែងចន្លោះពី ១២០-១៧០ ម.ម ជើងក្រោយ ១១៥-១៣៤ ម.ម។
វាជាសត្វដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។
ជ្រូកពោនជាសត្វរស់នៅតែនៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។
សត្វជ្រូកពោនមិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិតក្លិនច្រើនជាង។
ការរកចំណី ចាប់ផ្តើមចេញនៅពេលព្រលប់ដែលអាហាររបស់វាគឺមើមរុក្ខជាតិ ឫសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនពី ២ ទៅ ៣ ក្បាល។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា មិនមានការសិក្សាឱ្យបានលម្អិតពីចំនួនសត្វជ្រូកពោន នៅលើពិភពលោក និងនៅកម្ពុជានោះទេ តែអ្វីដែលកត់សម្គាល់ ជ្រូកពោនមាននៅតាមតំបន់ព្រៃ ធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឦសាន និងភាគខាងជើងប្រទេសកម្ពុជា។
របាយប្រជាសាស្ត្ររបស់សត្វជ្រូកពោនក៏មានផងដែរនៅប្រទេសចិន កម្ពុជា ភូមា វៀតណាម និងកោះស៊ូមាត្រាប្រទេសឥណ្ឌូនេស៊ី។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា ជ្រូកពោនបច្ចុប្បន្នកំពុងរងគ្រោះដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់ និងយកសំណាកធ្វើអាជីវកម្មដោយសារតែពលរដ្ឋមួយចំនួន មានជំនឿថាខ្លាញ់ជ្រូកពោនអាចយកទៅធ្វើថ្នាំបុរាណជាដើម។
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា កម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយជីវៈចម្រុះសរុបប្រមាណ ៣៩៩៣ ប្រភេទដែលរួមមានមាន រុក្ខជាតិប្រមាណ ២ ៣០០ ប្រភេទ និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ ប្រភេទ, សត្វស្លាបប្រមាណ, ៥៤៥ ប្រភេទ ឧរង្គសត្វ, ៨៨ ប្រភេទ, ត្រី ៨៧៤ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។
ចំនួននេះអាចកើនឡើងបន្ថែមទៀតដោយសារតែនៅមានជីវៈចម្រុះជាច្រើនទៀតដែលមិនទាន់បានសិក្សាអស់នៅឡើយ។
គួរបញ្ជាក់ថា កាលពីដើមខែមិថុនា ឆ្នាំ ២០២១ ក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានជួយសង្គ្រោះសត្វជ្រូកពោន ឬជ្រូកព្រុលមួយក្បាល។
វាត្រូវបានជាប់នៅក្នុងអន្ទាក់ ប៉ុន្តែសំណាងល្អដែលមន្ត្រីឧទ្យានុរក្សឃើញទាន់ពេល ហើយក៏បានដោះអន្ទាក់ចេញដើម្បីឱ្យវាមានសេរីភាពវិញ។
ក្នុងរយៈពេល ៦ ខែនៃឆ្នាំ ២០២១ នេះ មន្ត្រីឧទ្យានុរក្សបានដោះអន្ទាក់បានចំនួនជិត ២ ម៉ឺនអន្ទាក់ពីក្នុងតំបន់ការពារធម្មជាតិ។
មន្ត្រីឧទ្យានុរក្ស និងដៃគូនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្តទៀតក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាទីជម្រកដ៏សំខាន់របស់សត្វព្រៃ និងការដោះអន្ទាក់ ដើម្បីសុវត្ថិភាពសត្វព្រៃ៕
វីដេអូ៖