ភ្នំពេញៈ នៅ​យប់​ថ្ងៃទី ២៣ ខែកក្កដា នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង AstraZeneca ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន ផ្តល់ជូន​កម្ពុជា ចំនួន​ ១ ​លានដូស​ក្នុង​ការជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ​ ១៩ ក៏ដូចជា​កាត់បន្ថយ​ការព្រួយបារម្ភ​មួយចំនួន​របស់​ប្រជាជន​កម្ពុជា​។

ក្នុង​សារ​ពិសេស​របស់​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ កាលពី​ថ្ងៃទី​ ១៣ ខែកក្កដា បានឱ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំង AstraZeneca ចំនួន​ប្រមាណ​ ១ ​លានដូស​ដល់​កម្ពុជា ដែល​ជំនួយ​នេះ​ធ្វើឡើង​ស្របតាម​ចំណងមិត្តភាព​រវាង ជប៉ុន និង​កម្ពុជា និង ដោយ​ផ្អែកលើ​ស្ថានភាព​កូវីដ​ ១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

លោក​ថា វ៉ាក់សាំង​ដែល​ត្រូវបាន​ផ្ដល់​អាជ្ញា​បណ្ណ​ផលិត​ក្នុង​ប្រទេស​ជប៉ុន​នឹង​ត្រូវបាន​ដឹកជញ្ជូន​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយ​ពេលដែល​ការរៀបចំ​ភ័ស្តុភារ​ដោយ COVAX Facility បានបញ្ចប់​។

គិត​ត្រឹម​យប់​ថ្ងៃទី​ ២២ ខែកក្កដា ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​សរុប​ជាង ៦,៤ ​នាក់​ដែល​ស្មើនឹង ៦៤,៥៥% ធៀប​នឹង​គោលដៅ​ប្រជាពលរដ្ឋ​ ១០ ​លាន​នាក់ បាន​ទទួល​ការចាក់​វ៉ាក់សាំង ហើយ​យុទ្ធនាការ​ចាក់​នេះ​នឹង​បញ្ចប់​នៅក្នុង​ខែតុលា​ ឬ​ដើមខែ​វិច្ឆិកា​ខាងមុខ​។

ជាមួយ​គ្នានេះដែរ លោក ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការគ្រោង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដល់​មនុស្ស​ចាប់ពី​អាយុ ១២ ​ឆ្នាំ​ដល់​ ១៧ ឆ្នាំ ដែល​ជំហាន​ដំបូង​នឹង​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​៕