បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​សម្រេច​បន្ត​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ដែល​ការ​អនុវត្ត​នេះ មាន​រយៈពេល ២ សប្ដាហ៍ គិត​ចាប់​ពី​ថ្ងៃទី ២៥ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី ០៧ ខែ​ សីហា ឆ្នាំ ២០២១។

លោក​បាន​លើក​ឡើង​តាមរយៈ​សេចក្តី​សម្រេច​ចុះ​ថ្ងៃទី ២៣ ខែ​កក្កដា​នេះ​ថា៖ «ត្រូវ​បាន​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​ការ​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​ផ្លូវ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ចាប់​ពី​ម៉ោង ២២ យប់ ដល់​ម៉ោង ៤ ព្រឹក ជា​កំហិត លើកលែង​តែ​ចំពោះ​ករណី​ចាំបាច់​ប៉ុណ្ណោះ»។

ករណី​លើកលែង​ទាំង​នោះ មាន​ការ​ដឹក​ជញ្ជូន​ទំនិញ​ធុនធ្ងន់​ពី​ព្រំដែន​ថៃ មក​ព្រំដែន​កម្ពុជា និង​ពី​ព្រំដែន​កម្ពុជា ទៅ​ព្រំដែន​ថៃ ការ​ធ្វើ​ដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ និង​មូល​ហេតុ​ចាំបាច់​ក្នុង​គ្រួសារ ដែល​មាន​លិខិត​បញ្ជាក់ ឬ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ក្រុម​គ្រូពេទ្យ​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន មន្ត្រី​រាជការ ក្រុម​ពន្លត់​អគ្គិភ័យ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ដើម្បី​បំពេញ​បេសកកម្ម​ជូន​ស្ថាប័ន-អង្គភាព ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត​កុងតឺន័រ រថយន្ត​សម្រាប់​បម្រើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ ផ្គត់ផ្គង់​ការដ្ឋាន​សំណង់ រថយន្ត​បាញ់​បេតុង រថយន្ត​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង និង​សំណល់​វេជ្ជសាស្រ្ត និង​ការ​ធ្វើ​ដំណើរ​ចាំបាច់​ផ្សេងៗ​ទៀត ដែល​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក អ៊ុំ រាត្រី បាន​បញ្ជាក់​ទៀត​ថា៖ «បុគ្គល​ណា​ដែល​មិន​អនុវត្ត​តាម នឹង​ត្រូវ​ទទួល​ទោស​ដូច​មាន​កំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន»។

យោង​តាម​របាយការណ៍​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ថ្ងៃទី ២២ ខែ​កក្កដា បាន​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន ៧៧ នាក់ និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១៤៦ នាក់៕