ភ្នំពេញៈ មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹងថា គិត​មកដល់​ពេល​នេះ​ការស្តារ​ប្រឡាយ​លូ៥ ដែល​ជា​ប្រឡាយ​ដ៏សំខាន់​មួយ​ក្នុង​ការរំដោះ​ទឹក​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​សែនសុខ និង​ខណ្ឌ​មានជ័យ ទម្លាក់​ទៅ​ប្រឡាយ​ម័ល និង​បន្ត​ចុះទៅ​ជើងឯក បានបញ្ចប់ ១០០ ​ភាគរយ​ហើយ​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​ ២២ ខែកក្កដា ថា ការស្តារ​ប្រពន្ធ័​បង្ហូរទឹក ជាពិសេស​ប្រឡាយមេ​នៅ​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​មាន​អង្គភាព​លូទឹក បូមទឹក និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ បាន​ធ្វើ​សកម្មភាព​ស្តារ​ប្រឡាយ​លូ៥ យ៉ាងសកម្ម​។

លោក​បាន​ថ្លែងថា៖ «​បើ​គិត​មកដល់​ត្រឹម​ល្ងាច​ថ្ងៃទី​ ២១ ខែកក្កដា ការស្តារ​ប្រឡាយ​លូ៥ នេះ​បានបញ្ចប់​ ១០០ ​ភាគរយ​ហើយ ដែល​ធ្វើឱ្យ​ចរន្តទឹក​ហូរ​យ៉ាង​លឿន​គ្មាន​ការរំខាន ហើយ​នៅ​ព្រឹក​ថ្ងៃទី​ ២២ ខែកក្កដា ក្រុមការងារ​បាន​ចល័ត​កម្លាំង និង​គ្រឿងចក្រ​ពី​ការស្តារ​ប្រឡាយ​លូ៥​នេះ បន្ត​មក​បង្ហើយ​ការស្តារ​ប្រឡាយ​បឹងទំពន់​ថែមទៀត​»​។

ជាមួយ​គ្នា​នេះ លោក ដួង ចាន់សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក ដែល​ចុះ​ធ្វើ​ការងារ​ផ្ទាល់​បាន​បញ្ជាក់ថា ការស្តារ​ប្រឡាយ​បឹងទំពុន ដែល​នៅ​សេសសល់​ប្រវែង​ប្រមាណ​ ១០០ ​ម៉ែត្រ​ទៀត​នោះ ក្រុមការងារ​នឹង​សម្រុក​ធ្វើឱ្យបាន​រួចរាល់​ក្នុង​រយៈពេល ១ ​សប្តាហ៍​ទៀត​នេះ​។

ប្រឡាយ​លូ៥ មាន​ប្រវែង​ជាង ១ ០០០ ​ម៉ែត្រ ទទឹង​មាន​ទំហំ​ពី​ ១៥ ទៅ ៣០ ​ម៉ែត្រ ចាប់ពី​ប្រឡាយ​លូប្រាំ​ផ្លូវ​វេងស្រេង ដល់​ស្ថានីយ​បូម​ទឹកលូ៥​។

ការដ្ឋាន​នេះ​បានចាប់ផ្តើម​ស្តារ ដោយ​ប្រើប្រាស់​សាឡង់​ចាប់ផ្តើម​កាលពី​ថ្ងៃទី​ ១៩ ខែមិថុនា ហើយ​បានបញ្ចប់​ ១០០ ​ភាគរយ នៅ​ល្ងាច​ថ្ងៃទី​ ២១ ខែកក្កដា​។ នេះ​បើតាម​បញ្ជាក់​របស់​លោក ដួង ចាន់សារ៉ាត់​។

ទន្ទឹមនឹង​នេះដែរ លោក​បានស្នើ​ដល់​ប្រជាពលរដ្ឋ​មេត្តា​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ តាម​ទីតាំង​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​បានកំណត់ កុំ​បោះ​សំរាម​ចូលក្នុង​ប្រឡាយទឹក​នាំឱ្យ​បិទបាំង​ផ្លូវទឹក ទឹក​មិនអាច​ហូរ​ដល់​ស្ថានីយ​។

ការស្តារ​ប្រឡាយ​លូ៥​នេះ ក្រុមការងារ​ស្តារភក់​ចេញ​បាន​ចំនួន ២១ ៣៧៥ ​ម៉ែត្រគុប សំរាម និង​ស្មៅ​បាន​ចំនួន ២ ២៥០ ​ម៉ែត្រគុប​៕