ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា​នេះ​ថា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ទៅដល់​មនុស្ស​ដែលមាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ដល់​ ១៧ ​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ០១ ខែសីហា ខាងមុខនេះ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា លោក​នឹង​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយ​លោក​នឹង​នាំយក​ចៅៗ​ទាំងអស់ ដែល​មាន​អាយុ​ ១២-១៧ ​ឆ្នាំ​ ទៅ​ទទួល​វ៉ាក់សាំង​នៅថ្ងៃនោះ​តែម្តង ហើយ​ក្រៅពី​ចៅ​របស់លោក​ក៏​នៅមាន​ចៅៗ​របស់​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត ក៏​ទៅ​ទទួល​វ៉ាក់សាំង​ផងដែរ​។

កាលពី​ថ្ងៃទី​ ១៦ ខែកក្កដា លោក ហ៊ុន សែន បាន​ផ្ញើ​សារ​ពិសេស​ជូន​ជនរួមជាតិ​ស្តីពី​ការត្រៀម​វ៉ាក់សាំង បង្ការ​វីរុស​កូវីដ​ ១៩ ​ប្រមាណ​ជា​ ៤ ​លាន​ដូស សម្រាប់​ចាក់​ទៅដល់​កុមារ និង​យុវជន​ដែលមាន​ចំនួន​ជិត​ ២ ​លាន​នាក់​នៅ​ទូទាំង​ប្រទេស​។

ក្នុងនោះ​លោក​បាន​បញ្ជាក់ថា៖ «​យើង​មាន​ការចាំបាច់ ដើម្បី​ចាក់​ជូន​កុមារ និង​យុវវ័យ​អាយុ​ ១២ ​ឆ្នាំ​ដល់​អាយុ​ ១៧ ​ឆ្នាំ បន្ទាប់ពី​ដំណើរការ​ចាក់​វ៉ាក់សាំង​ដល់​អ្នក​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើងទៅ ដើម្បី​គិតគូរ​ទៅដល់​អនាគត​របស់​កុមារ និង​យុវជន ពិសេស​ការយកចិត្ត​ទុកដាក់​ទៅលើ​សុខុមាលភាព ពាក់ព័ន្ធ​នឹង​ការបើក​ឡើងវិញ​នូវ​សាលារៀន​ផងដែរ​»​។

ភូមិសាស្ត្រ​ដែល​នឹងត្រូវ​ដំណើរការ​ចាក់​មុនគេ​គឺ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល រួម​នឹង​ខេត្ត​ព្រះសីហនុ ដែល​នឹងត្រូវ​បានផ្តល់​អាទិភាព​នៅក្នុង​ការចាក់​វ៉ាក់សាំង​នេះ​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​ ២២ ខែកក្កដា ថា រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ចំនួន​ ៥ ​លានដូស សម្រាប់​ទុក​ចាក់​ដល់​កុមារ​ និង​យុវវ័យ ដែល​វ៉ាក់សាំង​ទាំងនេះ​នឹង​មកដល់​នៅ​ខែសីហា និង​ខែកញ្ញា​ខាងមុខ​៕

វីដេអូ៖