តាកែវៈ រដ្ឋបាល​ស្រុក​សំរោង ខេត្ត​តាកែវ​បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ យាយជី និង​តាជី ដែល​ធ្លាប់បាន​ទៅ​វត្ត​ចំនួន​ ៣ ក្នុងស្រុក​សំរោង ត្រូវ​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ និង​ចូលរួម​យក​សំណាក​នៅ ភូមិ ឃុំ ដែល​កំពុង​រស់នៅ ព្រមទាំង​ដាក់ខ្លួន​ឱ្យនៅ​ដាច់​ដោយ​ឡែក​ (​ចត្តាឡីស័ក​) ពី​ក្រុមគ្រួសារ​រយៈពេល ១៤ ថ្ងៃ​។

ការប្រកាស​នេះ​ធ្វើឡើង បន្ទាប់ពី​ព្រះសង្ឃ​ជិត​ ១០០ ​អង្គ​ក្នុង​វត្ត​ចំនួន​ ៣ ​ផ្សេងគ្នា ក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ មាន​វិជ្ជមាន​កូវីដ​ ១៩ ក្នុងនោះ​មាន​វត្ត​បុរាណ​និវេសន៍​ (​ហៅ​វត្ត​ប្រាសាទ​នាងខ្មៅ​) ​ស្ថិតនៅ​ភូមិ​ចារ ឃុំ​រវៀង វត្ត​សិរីវ័ន​ (​ហៅ​វត្ត​ក្បាល​សំរោង​) នៅ​ភូមិ​សំរោង ឃុំ​ទ្រា និង​វត្ត​ធម្មនិម្មិត (​ហៅ​វត្ត​អង្គប្រីយ៍​) នៅ​ភូមិ​ប្រមៀត ឃុំ​លំចង់​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​សំរោង​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា​នេះ ​បាន​ឱ្យដឹងថា ក្រុមគ្រូពេទ្យ​នៃ​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ស្រុក​បាទី និង​មណ្ឌល​សុខភាព​ឃុំ​រវៀង​បាន​ចុះ​ពិនិត្យ​សំណាក ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ប្រាសាទនាងខ្មៅ​ចំនួន ៥៥ អង្គ​ ជា​លទ្ធផល​នៃ​ការយក​សំណាក​តេស្ត​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ចំនួន ២៩ អង្គ​។

ចំណែក វត្ត​ក្បាល​សំរោង ក្រុមគ្រូពេទ្យ​នៃ​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ដូន​កែវ និង​មណ្ឌល​សុខភាព​ឃុំ​ទ្រា បាន​ចុះ​ពិនិត្យ​សំណាក​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ពាក់ព័ន្ធ ចំនួន ៤៧ អង្គ/នាក់ ជា​លទ្ធផល​នៃ​ការយក​សំណាក​តេស្ត​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ចំនួន ១០ អង្គ​។

រីឯ​វត្ត​អង្គប្រីយ៍ ក្រុមគ្រូពេទ្យ​នៃ​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ដូនកែវ និង​មណ្ឌល​សុខភាព​ឃុំ​លំចង់ បាន​ចុះ​ពិនិត្យ​សំណាក ដល់​ព្រះសង្ឃ​ចំនួន ១១៩ អង្គ​ជា​លទ្ធផល​នៃ​ការយក​សំណាក​តេស្ត រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ចំនួន ៣៧ អង្គ​។

ដោយឡែក រដ្ឋបាល​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ចុះ​បិទខ្ទប់​ជា​បណ្តោះអាសន្ន វត្ត​កល្យាណី ហៅ​វត្ត​ទួលត្នោតជុំ ស្ថិតក្នុង​សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា នេះ បន្ទាប់ពី​មាន​ព្រះសង្ឃ និង​យាយជី នៅក្នុង​វត្ត​បាន​ប៉ះពាល់​ជាមួយ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩៕