ភ្នំពេញៈ វ៉ាក់សាំង AstraZeneca ដែលជាអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៣៣២ ០០០ ដូស ជាជំហានដំបូង ក្នុងចំណោម ១លានដូស បានផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាហើយ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលពីលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា នាយប់ថ្ងៃទី២៣ ខែកក្កដានេះ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានថ្លែងនៅក្នុងពិធីប្រគល់-ទទួលអំណោយ ដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ១៩ AstraZeneca ថា ដោយផ្អែកលើចំណងមិត្តភាពយូរអង្វែង រវាងប្រទេសកម្ពុជា និងជប៉ុន និងដោយការឆ្លងវីរុសកូវីដ១៩ ក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់វ៉ាក់សាំងនេះ ដែលផលិតក្នុងប្រទេសជប៉ុន ដល់ប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «នៅប្រទេសកម្ពុជា ចាប់តាំងពីខែកុម្ភៈ មានការរីករាលដាលយ៉ាងឆាប់រហ័ស ដែលខ្ញុំមានការបារម្ភថា វាមានឥទ្ធិពលខ្លាំងទៅលើប្រព័ន្ធសុខាភិបាល និងជីវភាពរបស់ប្រជាជន។ ជាលទ្ធផលនៃការគិតពិចារណា ក្នុងការរួមចំណែកធានាបាន នូវវ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជា ក្រោយការសម្របសម្រួលជាច្រើន ខ្ញុំរីករាយដែលអាចប្រគល់ជូននូវវ៉ាក់សាំងនៅពេលនេះដល់កម្ពុជា»។
លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្ថែមថា លោកនឹងបន្តកិច្ចសហប្រតិបត្តិការ តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា និងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងក្នុងឱកាសនោះផងដែរថា ក្នុងបរិការណ៍នេះ ដូចនឹងប្រទេសដទៃទៀត រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការគន្លឹះ និងមានប្រសិទ្ធភាពមួយ ដែលត្រូវតែអនុវត្តផ្គួបផ្សំនឹងវិធានការការពារ។
លោកមានប្រសាសន៍ថា ៖ «ទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋ ឲ្យបានជោគជ័យ ហើយអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺសុខភាពរបស់ប្រជាជន ជីវិតរបស់ប្រជាជនរបស់ខ្ញុំ។ មានការិះគន់យ៉ាងណា ខ្ញុំមិនខ្វល់នោះឡើយ សំខាន់គឺសុខភាពរបស់ប្រជាជន»។
គិតត្រឹមយប់ថ្ងៃទី២៣ កក្កដា កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងបានជាង ៦,៥ លាននាក់ ហើយកម្ពុជាគ្រោងនឹងចាក់ដល់ប្រជាពលរដ្ឋឱ្យបាន ១០ លាននាក់ នៅក្នុងខែតុលាខាងមុខនេះ៕