នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ផាម មិញជីញ បានផ្ញើសារជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានចាត់ទុកការជួយរបស់រាជរដ្ឋាភិបាលកម្ពុជាដល់ប្រទេសវៀតណាម គឺជួយឧបត្ថម្ភប្រកបដោយភាពជាក់ស្តែង និងទាន់ពេលវេលា និងរួមចំណែកដ៏មានប្រសិទ្ធភាពក្នុងកិច្ចការបង្ការ និងប្រឆាំងនឹងជំងឺរាលដាលនៅទីក្រុងហូជីមិញ។
លោក ផាម មិញជីញ បានលើកឡើងតាមរយៈសារផ្ញើជូនលោក ហ៊ុន សែន ថា ៖ «ខ្ញុំមានក្តីរំភើបចិត្តយ៉ាងក្រៃលែង នាពេលទទួលបានសារលិខិតពីសម្តេចតេជោនាយករដ្ឋមន្ត្រី។ តាងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ខ្ញុំសូមផ្តាំថ្លែងអំណរគុណដោយស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ អំណោយពិតជាមានតម្លៃ និងមានអត្ថន័យជាច្រើនសម្រាប់អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ»។
លោក ផាម មិញជីញ បានបន្ថែមថា កាយវិការដ៏ថ្លៃថ្លានេះកាន់តែមានតម្លៃថែមទៀត ខណៈពេលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងខិតខំឆ្លើយតបនឹងជំងឺនេះក្នុងស្រុកផងដែរ និងក៏ជាសក្ខីភាពនូវប្រពៃណី «ជួយគ្នាទៅវិញទៅមក» ដ៏ថ្លៃថ្លាដែលប្រទេស និងប្រជាជាតិទាំងពីរ តែងតែផ្តល់ជូនគ្នា ជាពិសេសក្នុងគ្រាជួបការលំបាក និងបញ្ហាប្រឈម។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវជំនួយជាបរិក្ខារសុខាភិបាល និងថវិកាយកជូនរដ្ឋាភិបាលវៀតណាមកាលពីថ្ងៃទី ១៩ ខែកក្កដាកន្លងមកនេះ ដើម្បីរួមចំណែកទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងក្នុងប្រទេសវៀតណាម ដែលក្នុងនោះមាន ម៉ាស់ធម្មតា (Face Mask) ចំនួន ១ លានម៉ាស់។ ម៉ាស់ N95 (Mask N95) ចំនួន ១០ ម៉ឺនម៉ាស់។ ម៉ាស៊ីនផលិតអុកស៊ីហ្ស៊ែនស្វ័យប្រវត្តិ ១០០ គ្រឿង និងមានថវិកាដែលត្រូវបានផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជាចំនួន ២០ ម៉ឺនដុល្លារ ថវិកា សប្បុរសធម៌របស់កាកបាទក្រហមកម្ពុជាចំនួន ១០ ម៉ឺនដុល្លារ និងថវិការបស់សមាគមមិត្តភាពកម្ពុជា-វៀតណាមចំនួន ៥ ម៉ឺនដុល្លារអាមេរិកផងដែរ៕