ភ្នំពេញៈ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ សម្រេចយក​សណ្ឋាគារ​ចំនួន​ ២ ដាក់ឱ្យ​ប្រើប្រាស់​សេវា​កក់​សណ្ឋាគារ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នកដំណើរ​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ សណ្ឋាគារ​សុខា​ភ្នំពេញ និង​រ៉េស៊ីដង់ (Sokha Phnom Penh Hotel & Residence) និង​សណ្ឋាគារ​ខថយ៉ាដ ម៉ារីយ័ត ភ្នំពេញ (Courtyard by Marriott Phnom Penh)​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ២២ ខែកក្កដា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ឱ្យ​ដឹងថា ដើម្បី​សម្រួល​ក្នុងការ​ធ្វើ​ចត្តាឡីស័ក​របស់​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលមកក្នុង​ប្រទេស​កម្ពុជា​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ-ភ្នំពេញ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ សម្រេច​ដាក់ឱ្យ​អនុវត្ត​សេវា​កក់​សណ្ឋាគារ​ចំនួន​ ២ រួមមាន​សណ្ឋាគារ​សុខា​ភ្នំពេញ និង​រ៉េស៊ីដង់ និង​សណ្ឋាគារ​ខថយ៉ាដម៉ារីយ័ត​ភ្នំពេញ​។

អ្នកដំណើរ​ត្រូវ​ជ្រើសរើស​សណ្ឋាគារ និង​ធ្វើការ​កក់​ដោយផ្ទាល់​តាម​រយៈ​គេហទំព័រ​របស់​សណ្ឋាគារ www.sokhahotels.com.kh/phnompenh/ ឬ www.courtyardphnompenh.com ហើយ​ត្រូវ​កក់​បន្ទប់​ស្នាក់នៅ​ឱ្យបាន​មុន ២ ​ថ្ងៃ​នៃ​ការចេញ​ដំណើរ​។ ពេលមកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្នកដំណើរ​ដែល​បាន​កក់​បន្ទប់​ស្នាក់នៅ​សណ្ឋាគារ សុខា​ភ្នំពេញ និង​រ៉េស៊ីដង់ ឬ​សណ្ឋាគារ​ខថយ៉ាដម៉ារីយ័ត​ភ្នំពេញ ត្រូវ​បង្ហាញ​ឯកសារ​ចាំបាច់​សម្រាប់​ធ្វើ​ដំណើរ​ដូច​ករណី​អ្នកដំណើរ​ធម្មតា​។

ឯកសារ​ទាំងនោះ​មានដូចជា ទិដ្ឋាការ​ដែលមាន​សុពលភាព និង​ចេញ​ដោយ​ស្ថានទូត​កម្ពុជា ឬ​ពី​ស្ថាន​កុងស៊ុល កម្ពុជា​នៃ​ប្រទេស​សាមី​, វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ប្រទេស​សាមី បញ្ជាក់ថា​គ្មាន​ជំងឺ​កូវីដ​ ១៩ ក្នុង​រយៈពេល ៧២ ​ម៉ោង មុនពេល​ចេញ​ដំណើរ និង​លិខិតបញ្ជាក់​លើ​ការទិញ​សេវា​ធានារ៉ាប់រង​សុខភាព ដែល​តម្រូវ​ឱ្យ​អ្នកធ្វើ​ដំណើរ​បរទេស​ទិញ​សេវា​ធានារ៉ាប់រង​សុខភាព​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។

អ្នកដំណើរ​ត្រូវ​បង្ហាញ​ឯកសារ​ថតចម្លង​បញ្ជាក់ថា បាន​កក់​បន្ទប់​ស្នាក់នៅ​សម្រាប់​ការធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ​ថ្ងៃ​ជូន​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​។ ក្នុងករណី​អាជ្ញាធរ​មាន​សមត្ថកិច្ច​រកឃើញថា អ្នកដំណើរ​នោះ​មាន​ហានិភ័យ​ខ្ពស់ អ្នកដំណើរ​ត្រូវតែ​សហការ​តាម​ការរៀបចំ​ទីតាំង​ធ្វើ​ចត្តាឡីស័ក​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

ដោយឡែក ចំពោះ​សេវា​កក់​សណ្ឋាគារ​ដែល​មិនអាច​ប្រើប្រាស់​បាន នោះ​ប្រាក់​កក់​សណ្ឋាគារ​នឹង​ធ្វើការ​បង្វិល​ជូន​ភ្ញៀវ​វិញ​។ ក្នុងករណីនេះ អ្នកដំណើរ​ត្រូវ​តម្កល់​ប្រាក់​ចំនួន ២​ ពាន់​ដុល្លារ​អាមេរិក ដូច​អ្នកដំណើរ​ធម្មតា​ដែរ​។ សណ្ឋាគារ​ដែល​ទទួល​ការកក់​ត្រូវ​រៀបចំ​មធ្យោបាយ​ដឹកជញ្ជូន​អ្នកដំណើរ​ពី​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ទៅកាន់​ទីតាំង​របស់​ខ្លួន ដោយ​ត្រូវគោរព​តាម​វិធាន​សុខាភិបាល​ដែល​នៅ​ជា​ធរមាន​។ អ្នក​ប្រើប្រាស់​សេវាកម្ម​នេះ ត្រូវ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល​ដែល​នៅ​ជា​ធរមាន​ក្នុង​អំឡុងពេល​ធ្វើ​ចត្តាឡីស័ក​។

ក្រោយពេល​អ្នកដំណើរ​បញ្ចប់​ចត្តាឡីស័ក សណ្ឋាគារ​សុខាភ្នំពេញ និង​រ៉េស៊ីដង់ និង​សណ្ឋាគារ ខថយ៉ាដម៉ារីយ័ត​ភ្នំពេញ ត្រូវ​ទូទាត់​ចំណាយ​របស់​រដ្ឋ​ពាក់ព័ន្ធ​ការអនុវត្ត​វិធានការ​សុខាភិបាល អំឡុងពេល​ធ្វើ​ចត្តាឡីស័ក ស្របតាម​ខ្លឹមសារ​នៃ​លិខិត​លេខ ៤៨៩៨ សហវ ចុះ​ថ្ងៃទី​ ៨ ខែមិថុនា ឆ្នាំ​ ២០២០​។

ចំពោះ​អ្នកដំណើរ​ដែល​មិន​ប្រើប្រាស់​សេវា​កក់​សណ្ឋាគារ​ទាំង​ ២ ​នេះ​ទេ នឹងត្រូវ​អនុវត្ត​នីតិវិធី​ដែលមាន​ស្រាប់​ជាធរមាន ដោយ​ត្រូវ​តម្កល់​ប្រាក់​ចំនួន ២ ​ពាន់​ដុល្លារ​អាមេរិក សម្រាប់​ធានា​ចំណាយ​ក្នុង​ដំណើរការ​ធ្វើ​ចត្តាឡីស័ក និង​ត្រូវ​ធ្វើតាម​ទីតាំង​ដែល​កំណត់​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

នៅពេល​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក្នុង​ករណី​អាជ្ញាធរ​មាន​សមត្ថកិច្ច​រកឃើញ ឬ​សង្ស័យថា អ្នកដំណើរ​មកពី​តំបន់​មាន​ហានិភ័យ​មេរោគ​បំប្លែង​ខ្លួន​ថ្មី Delta អ្នកដំណើរ​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យទៅ​ស្នាក់នៅ​សណ្ឋាគារ​ដែល​បាន​កក់​នោះទេ​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​គាត់​ត្រូវ​ដាក់​តម្កល់​លុយ​ចំនួន ២ ​ពាន់​ដុល្លារ​អាមេរិក ហើយ​ត្រូវ​ទៅធ្វើ​ចត្តាឡីស័ក​នៅ​ទីតាំង​ដែល​បានរៀបចំ​ដោយ​អាជ្ញាធរ និង​ត្រូវបំពេញ​នីតិវិធី​ដូច​អ្នកដំណើរ​ដទៃទៀត​ដែរ​។ ចំពោះ​លុយកក់ សណ្ឋាគារ​នឹង​បង្វិល​ជូន​វិញ​»​។

ក្នុងករណី​ដែល​អ្នកដំណើរ​មិនមាន​ពាក់ព័ន្ធ​តំបន់​មាន​ហានិភ័យ​មេរោគ​បំប្លែង​ខ្លួន​ថ្មី Delta ពេល​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្នកដំណើរ​ត្រូវ​ឆ្លងកាត់​ការវាស់កម្ដៅ និង​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ដូច​អ្នកដំណើរ​ធម្មតា​ដែរ ប៉ុន្តែ​មិនចាំបាច់​ដាក់​ប្រាក់​តម្កល់​ចំនួន ២ ​ពាន់​ដុល្លារ​អាមេរិក​សម្រាប់​ធានា​ចំណាយ​ការធ្វើ​ចត្តាឡីស័ក​នៅ​បញ្ជរ​ធនាគារ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕