ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល​លោក​ ម៉ម ​ប៊ុន​ហេង ​បាន​ណែនាំ​ទៅដល់​អភិ​បាល​រាជ​ធានី-ខេត្ត​ទូទាំង​ប្រទេស​ត្រូវ​អនុវត្ត​យុទ្ធនា​ការ​អប់រំ​ផ្សព្វ​ផ្សាយ ​និង​បណ្តុះ​បណ្តាល​ពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​វីរុស​កូ​វីដ​ ១៩ ​ព្រម​ទាំង​ផ្លាស់​ប្តូរ​ឥរិយា​បថ​ ដើម្បី​រៀន​រស់នៅ​ជា​បណ្តើរៗ​ជាមួយ​នឹង​វីរុស​កូ​វីដ ១៩ ​តាម​គន្លង​ប្រក្រ​តី​ភាព​ថ្មី​ឲ្យ​បាន​ត្រឹម​ត្រូវ។

យោង​តាម​លិខិត​ដែល​លោក​ ម៉ម ​ប៊ុន​ហេង​ ចេញ​នៅ​ព្រឹក​ថ្ងៃទី ​២៦ ​ខែកក្កដា​នេះ​បាន​ឱ្យដឹង​ថា​ ស្ថាន​ភាព​រាត​ត្បាត​នៃ​ជំងឺ​កូ​វីដ ១៩​ កំពុង​ឈានទៅរក​ការឆ្លង​រីក​រាល​ដាល​ទ្រង់​ទ្រាយ​ធំ​នៅក្នុង​សហ​គមន៍​ដែល​នឹង​បង្ក​ជា​មហន្ត​រាយ​ធំ​ដល់​ប្រព័ន្ធ​សុខា​ភិ​បាល​ធ្វើ​ឲ្យ​បាត់​បង់​អាយុ​ជីវិត​ប្រជា​ជន រួមទាំង​ផល​វិបាក​សង្គម​ និង​សេដ្ឋ​កិច្ច​ធ្ងន់​ធ្ងរ​។

លោក​បាន​បន្ត​ថា​ ការ​មកដល់​នៃ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា (Delta) ដែល​មាន​សមត្ថ​ភាព​ឆ្លង​រីក​រាល​ដាល​លឿនជាងមុន​និង​ធ្ងន់ធ្ងរ​ជាង​មុន​ដែល​ទាមទារ​ឲ្យ​មាន​ការប្រឹង​ប្រែង​ខ្លាំង​បំផុត​ក្នុង​ដំណាក់​កាល​នេះ​ ដើម្បី​កាត់​ផ្តាច់​ខ្សែ​ចម្លង និង​ទប់​ស្កាត់​ការ​ធ្លាយ​ចូល​ក្នុង​សហ​គមន៍​នូវ​វីរុស​កូ​វីដ ១៩ ​ប្រភេទ​ថ្មី​នេះ​។

លោក​បាន​លើក​ឡើង​ថា៖ ​«ដូច្នេះ​ខ្ញុំសូម​ឯក​ឧត្តម​ លោក​ជំទាវ ​អភិបាល​នៃ​គណៈ​អភិ​បាល​រាជ​ធានី-​ខេត្ត​ទាំង​អស់ យក​ចិត្ត​ទុក​ដាក់​ខ្ពស់ បើក​យុទ្ធនា​ការអប់រំ​ផ្សព្វ​ផ្សាយ​តាម​គ្រប់​រូបភាព​ក្នុង​គ្រប់​ទីតាំង​និង​ឲ្យ​បាន​ឆាប់​បំផុត»​។

លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា ត្រូវ​ជំរុញ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ក្នុង​សហ​គមន៍​នូវ​សារ​អប់រំ​សុខភាព​របស់​ក្រសួង​សុខាភិ​បាល​ដែល​មាន​ផ្តល់​ជូន​នៅក្នុង​យូ​ធូប​របស់​ក្រសួង​សុខាភិ​បាល និង​តាម​ហ្គូ​ហ្គោល ​តាម​រយៈ​អាជ្ញា​ធរ ថ្នាក់​ក្រោម​ជាតិ និង​ដោយ​មាន​ការ​ចូល​រួម​ពី​សហ​គមន៍​ជា​ដើម​៕