ភ្នំពេញៈ រដ្ឋបាល​រាជធានី-ភ្នំពេញ​កំពុង​រៀបចំ​ទីតាំង​ជាង​ ៤០ ​កន្លែង សម្រាប់​ត្រៀម​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ទៅដល់​មនុស្ស​អាយុ​ចាប់ពី​ ១២ ​ដល់​ ១៧ ​ឆ្នាំ ដែល​នឹង​ចាប់ផ្តើម​ចាក់ ចាប់ពី​ថ្ងៃទី​ ១ ខែសីហា ខាងមុខនេះ ខណៈ​ដែល​មន្ត្រី​ជាន់ខ្ពស់ ក្រសួង​សុខាភិបាល​កំពុង​រៀបចំ​នូវ​ឯកសារ ដើម្បី​ស្នើសុំ​ការសម្រេច​ពី​នាយករដ្ឋមន្ត្រី​ពី​កម្មវិធី​នៃ​ការចាក់​វ៉ាក់សាំង​នេះ​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃ​ម្សិលមិញ​ថា ក្នុង​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ទៅដល់​មនុស្ស​អាយុ​ពី​ ១២ ​ដល់​ ១៧ ​ឆ្នាំនេះ សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ទីតាំង​ចាក់​រហូតដល់​ជាង​ ៤០ ​ទីតាំង​។

លោក​បញ្ជាក់ថា​៖ «​សាលារាជធានី​ភ្នំពេញ​មាន​រៀបចំ​ជាង​ ៤០ ​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​ដោយ​យក​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យបង្អែក សម្រាប់​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​អាយុ​ ១២ ​ដល់​ ១៧ ​ឆ្នាំ​។ ស្អែក​ ឬ​ខានស្អែក​ខ្ញុំ​នឹង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ហើយ​»​។

លោក ឃួង ស្រេង បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​យក​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទាំងអស់ ឯ​សម្រាប់​មន្ទីរពេទ្យ​រដ្ឋ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​មាន​ការចាត់ចែង​រៀបចំ​ដោយ​អាជ្ញាធរ​ថ្នាក់ជាតិ ដោយ​លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​នៅឡើយ​។

កាលពី​យប់​ថ្ងៃទី​ ២៣ ខែកក្កដា ក្នុងពេល​ទៅ​ទទួល​វ៉ាក់សាំង AstraZeneca ពី​ប្រទេស​ជប៉ុន តាមរយៈ​លោក​ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​ការបើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​អាយុ​ ១២ ​ដល់​ ១៧ ​ឆ្នាំនេះ ដែល​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ​មុនគេ ចាប់ពី​ថ្ងៃទី​ ១ ខែសីហា​។

ជាមួយ​គ្នា​នេះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​ ២៦ ខែកក្កដា ដោយបាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ មន្ត្រីរាជការ​ស៊ីវិល ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​ដែលមាន​កូន​មាន​ចៅ ឬ​ចៅទួត​ដែលមាន​អាយុ​ចាប់ពី​ ១២ ​ដល់​ ១៧ ​ឆ្នាំ​សូម​ទៅ​ចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត​។

លោកស្រី​មាន​ប្រសាសន៍​​ថា៖ «​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស កំពុង​រៀបចំ​នូវ​កម្មវិធី​ពេលវេលា ដើម្បី​ប្រកាសជូន​បងប្អូន​យើង​ទាំងអស់​ឱ្យ​បាន​ដឹងថា តើ​ក្រុម​ណា​ត្រូវ​ចាក់​នៅ​ណា​? ស្ថាប័ន​ណា​ត្រូវ​ចាក់​នៅ​កន្លែង​ណា​? ហើយ​យើង​នឹងដាក់​ជូនទៅ​សម្តេច​តេជោ ដើម្បី​សម្រេច​មុននឹង​ប្រកាស​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​»​។

ជាមួយ​គ្នា​នេះដែរ លោកស្រី​ក៏បាន​បញ្ជាក់​ទាក់ទង​នឹង​វ៉ាក់សាំង​សម្រាប់​ចាក់​ទៅដល់​ក្រុម​អាយុ​ ១២ ​ឆ្នាំ​ដល់​ ១៧ ​ឆ្នាំនេះ គឺជា​ប្រភេទ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ដែល​បាន​ផលិត​តាមបែប​ធម្មជាតិ​ដូច​ទៅនឹង​វ៉ាក់សាំង​ផ្សេងៗ​ទៀត ដែល​ក្រសួង​ធ្លាប់បាន​ចាក់​ទៅដល់​កុមារា​កុមារី​ដែល​មាន​អាយុ​ ៥ ​ឆ្នាំ​ចុះ​ដូចជា​វ៉ាក់សាំង​កញ្ជ្រិល ស្អូច ក្អកមាន់ និង​តេតាណូស​ជាដើម​។

លោកស្រី​បាន​បន្ថែមថា​៖ «​នៅក្នុង​ប្រទេស​កម្ពុជា យើង​ចាប់ផ្តើម​ចាក់​ពី​អាយុ​​ ១២ ​ឆ្នាំ​ដល់​ ១៧ ​ឆ្នាំ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការបង្កើន​នូវ​ភាពស៊ាំ​នៅក្នុង​សង្គម នៅក្នុង​សហគមន៍​របស់​យើង​ជាពិសេស​ ដើម្បី​យើង​ឈាន​ទៅ​ដល់​ការគិតគូរ​នូវ​ការបើក​សាលារៀន​ឡើងវិញ​សម្រាប់​កុមារា​កុមារី​របស់​យើង​»​។

លោកស្រី​បញ្ជាក់ទៀតថា វ៉ាក់សាំង​នេះ​មិន​ត្រឹមតែ​ជួយ​ទៅដល់​ការការពារ​ហើយ​ និង​ការចូលរួម​នៅក្នុង​វិធានការ​នៃ​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​តែប៉ុណ្ណោះ​ទេ តែ​ជាការ​ចូលរួមចំណែក​ដ៏ធំធេង​ណាស់​ក្នុង​ការគិតគូរ​ទៅដល់​ជីវភាព​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ និង​លទ្ធភាព​ដែល​អាចធ្វើ​ឱ្យមាន​ការវិល​ត្រឡប់មកវិញ​នូវ​ការរស់នៅ​ធម្មតា​តាម​បែប​គន្លង​ថ្មី​របស់​កម្ពុជា​ឡើងវិញ​។

អ្នកស្រី អ៊ុំ ចន្ថា អាយុ​ ៤២ ​ឆ្នាំ​ដែល​មាន​កូនស្រី​អាយុ​ ១៤ ​ឆ្នាំ​ម្នាក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​ ២៦ ខែកក្កដា ថា អ្នកស្រី​នឹង​យក​កូនស្រី​ទៅ​ចុះ​ឈ្មោះ​ដើម្បី​បាន​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​នេះ ហើយ​អ្នកស្រី​ពិតជា​អរគុណ​ដែល​រាជរដ្ឋាភិបាល​គិតគូរ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងចាស់​ និង​ក្មេង​។

អ្នកស្រី​បាន​និយាយថា៖ «​ក្នុង​គ្រួសារ​របស់ខ្ញុំ ដែល​មាន​សមាជិក​ចំនួន​ ៥ ​នាក់​បាន​ចាក់​ ៣ ​នាក់​ហើយ មាន​ខ្ញុំ គ្រួសារ និង​ម្តាយ​របស់ខ្ញុំ ឯ​កូនប្រុស និង​កូនស្រី​ខ្ញុំ​មិនទាន់​បាន​ចាក់​ទេ​។ ដូចនេះ ហើយ​បាន​ជា​ខ្ញុំ​ចង់ឱ្យ​កូនស្រី​ខ្ញុំ​ម្នាក់ទៀត​បាន​ចាក់​ដោយសារ​គាត់​គ្រប់​អាយុ​សម្រាប់​ចាក់ ឯ​កូនប្រុស​ខ្ញុំ ទើបតែ​ ៨ ​ឆ្នាំ​ទេ ហើយ​ខ្ញុំ​សង្ឃឹមថា កូនប្រុស​ខ្ញុំ​នឹង​បាន​ចាក់​នៅ​ថ្ងៃ​ណាមួយ​ដែរ​»​។

អ្នកស្រី អ៊ុំ ចន្ថា ដែល​កំពុង​រស់នៅក្នុង​ខណ្ឌចំការមន​បាន​ប្រាប់​បន្ថែមថា បន្ទាប់ពី​មាន​ការចាក់​វ៉ាក់សាំង​រួចហើយ​អស់ កូន​អ្នកស្រី​ក៏ដូចជា​កុមារ​ដទៃ​ទៀត​អាច​នឹងមាន​ឱកាស​វិលត្រឡប់​ទៅកាន់​សាលារៀន​វិញ​ដូចពេលមុន​មាន​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩​។

ដោយឡែក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ចំពោះ​លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដោយ​បាន​សម្រេច​ផ្តល់​វ៉ាក់សាំង AstraZeneca ផលិត​នៅក្នុង​ប្រទេស​ជប៉ុន​ចំនួន ១ ​លានដូស​ជូន​ដល់​កម្ពុជា​។

លោក​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា​៖ «​ការបរិច្ចាគ​ដ៏ថ្លៃថ្លា​នេះ​បាន​ឆ្លុះបញ្ចាំង​ដ៏ជ្រាលជ្រៅ​ពី​ទំនាក់ទំនង​ដ៏យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ដ៏ប្រសើរ​រវាង​ប្រទេស​យើង​ទាំង​ ២ និង​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការអនុវត្ត​កម្មវិធី​ជាតិ​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ របស់​កម្ពុជា​»​។

លោក​បន្តថា បើទោះ​ជា​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩​នេះ បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សង្គម​ការរស់នៅ​ប្រចាំថ្ងៃ និង​ជីវភាព និង​បាន​ធ្វើឱ្យ​រាំងស្ទះ​ដល់​កិច្ចប្រជុំ​នានា និង​ការជួប​ជុំគ្នា​ជា​លក្ខណៈ​រូបវន្ត​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​យ៉ាងណាក្តី ប៉ុន្តែ​កូវីដ​ ១៩ ​មិនអាច​រាំងស្ទះ​ដល់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​របស់​ប្រទេស​ទាំង​ ២ ​ឡើយ​ ដោយសារ​បច្ចេកវិទ្យា​ឌីជីថល​។

លោក​ ហ៊ុន សែន បន្ថែមថា៖ «​ដោយមាន​ការលេចឡើង​នូវ​ប្រភេទ​វីរុស​បំប្លែង​ថ្មី សកម្មភាព​របស់​យើង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​មិនអាច​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នោះទេ​។ ដូចនេះ កម្ពុជា​ពិតជា​រីករាយ​ណាស់​ក្នុង​ការបន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​នៅក្នុង​អំឡុងពេល និង​ក្រោយពេល​នៃ​ជំងឺ​រាតត្បាត​សកល​នេះ ដើម្បី​ជំរុញ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​យើង​»៕

វីដេអូ៖