ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ណែនាំ​គ្រប់​រាជធានី-ខេត្ត​ទាំង​ ២៥ ត្រូវ​បើក​យុទ្ធនាការ​អប់រំ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង អំពី​គ្រោះថ្នាក់​នៃ​វីរុស​កូវីដ​ ១៩ ដែល​នៅតែមាន​បន្ត​ជាប់​ជាប្រចាំ ព្រមទាំង​ផ្លាស់ប្តូរ​ឥរិយាបថ​ ដើម្បី​រៀន​រស់នៅ​ជា​បណ្តើរៗ​ជាមួយ​វីរុស​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឱ្យបាន​ត្រឹមត្រូវ​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​ចេញ​សេចក្តីណែនាំ​ស្នើឱ្យ​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​បើក​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព​ក្នុង​គ្រប់​ទីតាំង និង​ឱ្យបាន​ឆាប់​បំផុត​។

លោក​លើកឡើងថា ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ កំពុង​ឈានទៅរក​ការឆ្លង​រីករាលដាល​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សហគមន៍ ដែល​នឹង​បង្ក​ជា​មហន្តរាយ​ធំ​ដល់​ប្រព័ន្ធ​សុខាភិបាល ធ្វើឱ្យ​បាត់បង់​អាយុជីវិត​ប្រជាជន រួមទាំង​ផលវិបាក​សង្គម និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ជាពិសេស ការមកដល់​នៃ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ (Delta) ​ដែលមាន​សមត្ថភាព​ឆ្លង​រីករាលដាល​លឿន​ជាង​មុន និង​បង្ក​ជា​ជំងឺ​កូវីដ​ ១៩ ​ធ្ងន់ធ្ងរ​ជាង​មុន ដែល​ទាមទារ​ឱ្យមាន​ការប្រឹងប្រែង​ខ្លាំង​បំផុត​ក្នុងដំណាក់កាល​នេះ ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​កូវីដ-១៩ និង​ទប់ស្កាត់​ការធ្លាយ​ចូលក្នុង​សហគមន៍​នូវ​វីរុស​កូវីដ​ ១៩ ប្រភេទ​ដែលតា​ (Delta)»​។

លោក​បញ្ជាក់ថា ការបើកយុទ្ធនាការ​ទូទាំង​ប្រទេស​ ដើម្បី​អប់រំ​ផ្សព្វផ្សាយ និង​បណ្តុះ​បណ្តាល​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​វីរុស​កូវីដ​ ១៩ ដែល​នៅ​បន្ត​មាន​ជាប់​ជាប្រចាំ ព្រមទាំង​ផ្លាស់ប្តូរ​ឥរិយាបថ ដើម្បី​រៀន​រស់នៅ​ជា​បណ្តើរៗ​ជាមួយនឹង​វត្ត​មាននៃ​វីរុស​កូវីដ-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឱ្យបាន​ត្រឹមត្រូវ គឺជា​សកម្មភាព​យុទ្ធសាស្ត្រ​ដ៏សំខាន់​បំផុត​។

លោក​ ម៉ម ប៊ុនហេង ថ្លែងថា​៖ «​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​ចាត់ចែង​រៀបចំ​បិទ​តាំង​ផ្សព្វផ្សាយ​ឱ្យបាន​ឆាប់រហ័ស​ទៅដល់​គ្រប់​ភូមិ​គោលដៅ និង​បន្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ សង្គម​ស៊ីវិល​ក្នុង​រាជធានី-ខេត្ត ទាំងអស់ ដើម្បី​បោះពុម្ព ចែកចាយ សម្ភារអប់រំ​សុខភាព​ឱ្យបាន​ទូលំទូលាយ​ទូទាំង​រាជធានី-ខេត្ត​»​។

ជាមួយ​គ្នា​នេះ លោក​ ម៉ម ប៊ុនហេង ក៏បាន​ជំរុញ​ឱ្យ​មាន​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ក្នុង​សហគមន៍​នូវ​សារ​អប់រំ​សុខភាព​របស់​ក្រសួងសុខាភិបាល​តាម​ប្រព័ន្ធ​យូធូប​របស់​ក្រសួង និង​តាម​ហ្គូហ្គោល តាមរយៈ​អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ និង​ដោយ​មាន​ការចូលរួម​ពី​សហគមន៍​ផងដែរ​។

លោក​ថា​៖ «​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​ការផ្សាយ​តាម​ឧគ្ឃោសនសព្ទ ការបិទ​តាំង​រូបភាព​ផ្ទាំង​ធំ ចែកចាយ​ខិត្តប័ណ្ណ ការផ្សព្វផ្សាយ តាម​ទូរទស្សន៍ វិទ្យុ និង​បណ្តាញ​សង្គម​ដល់​ប្រជាជន ជាពិសេស​ដល់​សហគមន៍​ងាយ​​រងគ្រោះ និង​សហគមន៍​ក្រីក្រ​ជាដើម​។ ការផ្សព្វផ្សាយ​ត្រូវធ្វើឡើង​ជាប្រចាំ​ក្នុងអំឡុង​ពេលនេះ​ដើម្បី​រំឭក​សាធារណជន​អំពី​ហានិភ័យ​នៃ​ជំងឺ​នេះ​ដែលអាច​នឹង​ផ្ទុះឡើង​ទ្រង់ទ្រាយ​ធំ​គ្រប់ពេលវេលា​»​។

ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឱ្យ​ចាត់វិធានការ​បិទ​ជា​បណ្តោះអាសន្ន នូវ​ទីតាំង​អាជីវក​ម្មណា ដែល​មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ ត្រូវ​ណែនាំ​និង​ចាត់វិធានការ​តាមដាន​ការអនុវត្ត​វិធានការ​សុខាភិបាល​នៅ​សហគមន៍ ការអនុវត្ត​គម្លាត​សុវត្ថិភាព​នៅ​តាម​ទីសាធារណៈ ហាមឃាត់ ឬ​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ការជួបជុំ​គ្នា​។

លោក​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​ ២២ កក្កដា បាន​ចាត់​ឱ្យ​មន្ត្រី​សាខា អនុសាខា​នៃ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ព្រះសីហនុ និង​អ្នកស្ម័គ្រចិត្ត​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការចម្លង​មក​ក្នុង​សហគមន៍​។ លើកកម្ពស់​ការផ្លាស់ប្តូរ​ទម្លាប់​អនាម័យ​ពី​អវិជ្ជមាន​ទៅ​វិជ្ជមាន​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

មន្ត្រី​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​បាន​ប្រើប្រាស់​ការចាក់ផ្សាយ​តាម​ឧគ្ឃោសនសព្ទ ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​គោលបំណង​ចូលរួម​បន្ត​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទូលំទូលាយ​ស្តីពី​វិធានការ​ការពារ និង​រក្សា​អនាម័យ​។ ជាពិសេស​អនុវត្ត​នូវ​អនុសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏ដូចជា​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល សំដៅ​ចូលរួម​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីករាលដាល​ជំងឺឆ្លង​កូវីដ​ ១៩ ទាំងអស់​គ្នា​៕