ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​ជិត​ ៤០ ករណី​ មាន​វីរុស​កូវីដ ១៩​ បំប្លែង​ថ្មី​ប្រភេទ​ B.1.617.2 ​(Delta) ​ដែល​ក្នុង​ចំណោម​អ្នកមាន​វីរុស​បំប្លែង​ថ្មី​នោះ ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​រហូត​ដល់​ ៨ នាក់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល​នៅព្រឹក​ថ្ងៃ ២៧ ​ខែកក្កដា​នេះ។

បើ​តាម​សេចក្តី​ប្រកាស​នេះ ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ចំនួន ​៣៩ ករណី​ ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី ២២ ​និង​នៅ​ថ្ងៃ​ទី ២៥​ ខែកក្កដា ​ដោយ​យោង​ទៅតាម​លទ្ធផល​នៃ​ការធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ដែល​ក្នុងនោះ ​មាន​អ្នកដំណើរ​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​កម្ពុជា​-ថៃ​ មាន​ចំនួន​ ២១ នាក់។

សេចក្តី​ប្រកាស​បានបន្ថែម​ថា ​ករណី​នេះ​ក៏បាន​រកឃើញ​ទៅលើ​បុគ្គលិក​សុខាភិបាល​ចំនួន​ ៤ នាក់ ​និង​ប្រជាពលរដ្ឋ​ក្នុង​សហ​គមន៍​ដែល​ប៉ះពាល់​ផ្ទាល់​ចំនួន ​៦ នាក់ ​និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​មិន​ប៉ះពាល់​ផ្ទាល់​ចំនួន ​៨ នាក់​ផង​ដែរ។

ក្រសួង​សុខាភិបាល​បញ្ជាក់ថា​៖ «ប្រជាពលរដ្ឋ ​ដែល​ស្ថិត​ក្នុង​សហគមន៍​មិន​ប៉ះពាល់​ជាមួយ​អ្នក​ដំណើរ​មកពី​ក្រៅ​ប្រទេស​ចំនួន ​៨ នាក់​ មាន​នៅ​ក្នុង​ខេត្ត​សៀមរាប ​កំពង់ធំ ​និង​ខេត្ត​ឧត្តរ​មានជ័យ»។

គិត​ចាប់ពី​ថ្ងៃទី ៣១ ​ខែមីនា ​ដល់​ថ្ងៃទី ២៥ ​ខែកក្កដា ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​កូវីដ ១៩ ​ប្រភេទ​ដែលតា​ (Delta)​ សរុប​ទាំងអស់​ចំនួន ​១១៤ នាក់។

លោក​ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​បានក្រើន​រំឭក​ហើយ​រំឭក​ទៀត ​និង​សូម​អំពាវនាវ​ដោយ​ទទូច​ដល់​សាធា​រ​ណ​ជន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ ​ការពារ​ខ្លួន ​កុំភ្លេច​ខ្លួន​ឱ្យ​សោះ​ ដោយ​ត្រូវ​ចេះ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​របស់​ខ្លួន​ឱ្យ​ស្របតាម​ពាក្យ​ស្លោក​ដែលថា ​រៀនរស់​នៅ​ធម្មតា​ជាមួយ​វីរុស​កូវីដ ១៩ ​តាម​បែប​គន្លង​ថ្មី ​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩៕