កំពង់​ចាមៈ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខា​ភិបាល បាន​នាំ​យកថវិកា​ ចំនួន ៣​ លាន​រៀល និង​សម្ភារ​ជាគ្រឿង​ឧបភោគ​បរិភោគ​ជូន​លោក​តាអាយុ ​១០​៤ ឆ្នាំ នាព្រឹក​ថ្ងៃ​ទី​ ២៧ ខែកក្កដា​នេះ ដែល​រស់​នៅ​នៅភូមិ​ពោធិ៍ ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រីសន្ធរ ដែលបាន​ស្ម័គ្រ​ចិត្ត​ចូល​រួមចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩។

បើតាម​លោក​ស្រី ឱ វណ្ណឌីន មក​ដល់​ពេល​នេះ មាន​មនុស្ស​ដែល​មាន​វ័យពី ​១០០ ​ឆ្នាំ​ឡើង​ចំនួន ​២១ នាក់​ហើយ ដែល​បាន​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់​សាំង​បង្ការ​វីរុស​កូវីដ​ ១៩។

អំណោយ​ដ៏ថ្លៃថ្លា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ផ្តល់​ជូនលោក​តា អាយុ ១០៤ ឆ្នាំរួម​មាន ថវិកា​ចំនួន ៣​ លាន​រៀល មី ០៨ កេស ត្រីខ ០១ កេសធំ ទឹកសុទ្ធ ០២​ កេស អង្ករ ០៤ បេ ទឹកត្រី ០២ យួរ និង​ប្រេងឆា ០២ ដប។

នៅថ្ងៃម្សិល​មិញ លោក​ស្រី ឱ វណ្ណ​ឌីន ក៏បាន​ផ្តល់​ជូន​ថវិកា និង​សម្ភារ​ដូច​គ្នានេះ​ ជូនដល់​លោក​តា លោក​យាយ​ចំនួន​ ៣ រូប​ផង​ដែរ ដែល​មានអាយុ​ ១០​០​ ឆ្នាំជាង នៅក្នុង​ខេត្ត​កណ្តាល​ និង​រាជធានី​ភ្នំពេញ​៕