ភ្នំពេញៈ វីរុស​កូវីដ​បំប្លែង​ថ្មី​ប្រភេទ​ B.1.617.2 (Delta) ​បាន​ឆ្លង​ចូលក្នុង​សហគមន៍​ហើយ ដោយ​ក្រសួង​សុខាភិបាល​បាន​រកឃើញ​រហូតដល់​ ៨ ​នាក់​នៅក្នុង​ខេត្ត​ចំនួន​ ៣ រួមមាន ខេត្តសៀមរាប កំពង់ធំ និង​ខេត្ត​ឧត្តរមានជ័យ ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ដែល​បាន​រកឃើញ​រហូតដល់​ ៣៩ ​ករណី​នៅ​ថ្ងៃទី​ ២២ ​និង​ថ្ងៃ​ ២៥ កក្កដា​។

នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​ ២៧ ខែកក្កដា​។

ក្រសួង​សុខាភិបាល​បានឱ្យ​​ដឹងថា យោងតាម​លទ្ធផល​នៃ​ការធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រកឃើញ​ករណី​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ B.1.617.2 (Delta) ​ចំនួន​ ៣៩ ​ករណី​បន្ថែមទៀត ដែល​ក្នុងនោះ មាន​អ្នកដំណើរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ តាម​ច្រកព្រំដែន​កម្ពុជា-ថៃ​ចំនួន​ ២១ ​នាក់ បុគ្គលិក​សុខាភិបាល​ចំនួន​ ៤ ​នាក់ និង​​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​ប៉ះពាល់​ផ្ទាល់​ចំនួន​ ៦ ​នាក់​​ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​មិន​ប៉ះពាល់​ផ្ទាល់​ ៨ ​នាក់​។

យោងតាម​ក្រសួង​បាន​បញ្ជាក់ថា មនុស្ស​ចំនួន​ ៨ ​នាក់​ ដែល​បាន​រកឃើញ​មាន​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ Delta ស្ថិតក្នុង​សហគមន៍ និង​មិន​មាន​ការប៉ះពាល់​ជាមួយ​អ្នកដំណើរ​មកពី​ក្រៅប្រទេស​មាន​ចំនួន​ ២ ​នាក់​នៅក្នុង​ខេត្តសៀមរាប ១ ​នាក់​នៅ​ខេត្តកំពង់ធំ និង ​៥ ​នាក់​នៅ​ខេត្ត​ឧត្តរមានជ័យ​។

ចំណែក​បុគ្គលិក​ចំនួន ៤ ​នាក់​ដែលមាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ដែរ នោះ​ជា​បុគ្គលិក​សុខាភិបាល​ខេត្ត​ឧត្តរមានជ័យ​។

រីឯ​មនុស្ស​ចំនួន​ ៦ ​នាក់ ​ដែល​បាន​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​ក្នុង​សហគមន៍​ដោយសារ​ពួកគេ​បាន​ប៉ះពាល់​ជាមួយ​អ្នកដំណើរ​តាម​ព្រំដែន​ដែល​អ្នក​ទាំងនោះ​នៅ​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​។

ចាប់ពី​ថ្ងៃទី​ ៣១ ខែមីនា ដល់​ថ្ងៃទី​ ២៥ ខែកក្កដា កម្ពុជា​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​​កូវីដ​ ១៩ ​ប្រភេទ​ដែលតា​ (Delta) នេះ​សរុប​ចំនួន ១១៤ នាក់​ ហើយ​ក្នុងនោះ​ស្ត្រី​មាន​ចំនួន​ ៥៩ ​នាក់​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បន្ត​​រំឭកថា ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ការពារ​ខ្លួន ​កុំ​ភ្លេចខ្លួន​ឱ្យសោះ ដោយ​ត្រូវ​ចេះ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​របស់​ខ្លួន​ឱ្យស្រប​តាម​ពាក្យស្លោក​ដែលថា រៀន​រស់នៅ​ធម្មតា​ជាមួយ​វីរុស​កូវីដ​ ១៩ តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​បញ្ជាក់ថា​៖ «​ត្រូវ​បង្ការ​គ្រប់គ្រង និង​កាត់ផ្តាច់​នូវ​ខ្សែចម្លង​នៃ​វីរុស​កូវីដ​ ១៩ ជាពិសេស​ពពួក​ប្រភេទ​បំប្លែង​ថ្មី​នេះ​​ ឬក៏​ប្រភេទ​ថ្មី​ផ្សេងទៀត​ដែល​អាច​កើតមាន​ក្នុងប្រទេស​កម្ពុជា​យើង​ជាយថាហេតុ​ណាមួយ​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ត្រូវ​បន្ត​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ ៣ ការពារ និង​ ៣ កុំ និង​ពង្រឹង​ការអនុវត្ត​វិធានការការពារ ការចម្លង​វីរុស​កូវីដ​ ១៩ រួមទាំង​ពពួក​បំប្លែង​ថ្មី​។ រីឯ​បុគ្គល​ដែល​តម្រូវឱ្យធ្វើ​ចត្តាឡីស័ក ត្រូវតែ​គោរព​តាម​គោលការណ៍​ការធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ និង​គោរព​ទៅតាម​ការណែនាំ​របស់​គណៈកម្មការ​គ្រប់គ្រង​នៅ​ទីតាំង​នោះ ដើម្បី​ទប់ស្កាត់​ការចម្លង​បន្ត​គ្នា​នៅក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​។

លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា​៖ «​សូមកុំ​ទៅកាន់​ទីតាំង ៣ជ គឺ​កន្លែង​មនុស្ស​ជួបជុំ​អ៊ូអរ​ច្រើន កន្លែង​មនុស្ស​នៅ​ជិតៗ​គ្នា កន្លែង​ដែល​បិទ​ជិត ដែល​ទាំងនេះ​ជា​ទីតាំង​មាន​ហានិភ័យ​ឆ្លង​ខ្ពស់បំផុត​»​។

ទន្ទឹមនឹង​នោះដែរ ក្រសួង​សុខាភិបាល​សង្កេត​ឃើញថា​ ការចម្លង​នាបច្ចុប្បន្ន​នេះ មាន​សម្ទុះ​កើនឡើង​លើ​យុវវ័យ ដែល​ក្រុម​នេះ​បាន​ដើរចេញ​ក្រៅ​ផ្ទះ​ច្រើន ឬ​មានការ​ជួបជុំ​មិត្តភក្តិ​​ដែល​ក្រសួង​បាន​អំពាវនាវ​ដល់​យុវវ័យ​គ្រប់រូប សូម​ចូលរួម​អនុវត្ត​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​លើ​៣ការពារ និង​៣កុំ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ថ្លែង​​កាលពី​ថ្ងៃទី​ ២៦ ខែកក្កដា​ថា​យោងតាម​ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២០ ខែកក្កដា បាន​លើកឡើង​ថា វីរុស​ប្រភេទ​អាល់ហ្វា​បាន​ឆ្លង​រាលដាល​ដល់​ ១៨០ ​ប្រទេស​។ ចំណែក​វីរុស​ប្រភេទ​បែតតា បាន​ឆ្លង​ដល់ ១៣០ ​ប្រទេស ហើយ​វីរុស​ប្រទេស​ដែលតា​មាន​ចំនួន​ ១២៤ ​ប្រទេស និង​ប្រភេទ​ហ្គាម៉ា​បាន​ឆ្លង​ដល់​ ៧២ ​ប្រទេស​ហើយ​ផងដែរ​។

លោកស្រី​មានប្រសាសន៍ថា​៖ «​កំណើន​នៃ​វីរុស​ទាំងនេះ​កាន់តែ​កើនឡើង​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ យើង​មិនអាច​គេចផុត​ពី​ការឆ្លង​ទេ ហើយ​កន្លងមក​ក៏​យើង​ឃើញ​មាន​ការនាំចូល​នូវ​វីរុស​ប្រភេទ Delta ​នៅតាម​ច្រកព្រំដែន​គោក និង​អាកាស​ផងដែរ​»​។

បើតាម​លោកស្រី​ ឱ វណ្ណឌីន មាន​ប្រភេទ​វីរុស​អាល់ហ្វា ជាច្រើន​រយ​ករណី​ហើយ​បាន​រកឃើញ​កំពុងតែ​ចរាចរ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក លីវ សុខុន អ្នកនាំពាក្យ​ខេត្តសៀមរាប និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ម្សិលមិញ​ថា ​ស្ថានភាព​ពលករ​ខ្មែរ​ដែល​បាន​បញ្ជូន​មកពី​ខេត្ត​ឧត្តរមានជ័យ​ដែល​បាន​វិល​ត្រឡប់មក​កម្ពុជា​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ មក​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្តសៀមរាប​ក្នុង​រយៈពេល​ ២ ​ថ្ងៃនេះ ហាក់​មានការ​ថយចុះ​ច្រើន​។

លោក​បាន​ថ្លែងថា​៖ «​ខេត្តសៀមរាប​ជា​តំបន់​ខ្សែត្រៀម​ទី​ ២ ​សម្រាប់​ទទួល​ពលករ​មកពី​ប្រទេស​ថៃ​តាម​ច្រក​ខេត្ត​ឧត្តរមានជ័យ​ហើយ​ចំនួន​ ២ ​ថ្ងៃនេះ​មានការ​ថយចុះ​ច្រើន​ក្នុង​ការបញ្ជូនមក​ខេត្តសៀមរាប​»​។

យោងតាម​ក្រសួងមហាផ្ទៃ​បានឱ្យដឹងថា ចាប់ពី​ខែមករា​ដល់​ខែមិថុនា ឆ្នាំ​ ២០២១ ​នេះ ពលករ​ខ្មែរ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង​ ៦ ​ម៉ឺន​នាក់​៕

វីដេអូ៖