លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​២៨ ខែ​កក្កដា នេះ ដោយ​បាន​រក​ឃើញ​នូវ​អ្នក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ទី ៧ លាន ដែល​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប។

លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ថា តាម​រយៈការ​ខិត​ខំ​របស់​ក្រុម​គ្រូ​ពេទ្យ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​ការ​ចូលរួម​របស់ប្រជាជន មក​ដល់​ថ្ងៃ​នេះ​សម្រេច​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​១៩ បាន ៧ លាន​នាក់ ស្មើ​នឹង​ ៧០ ភាគរយ នៃ​ប្រជាជន​ដែល​ត្រូវចាក់​វ៉ាក់សាំង ចំនួន ១០ លាន​នាក់។

លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​ទៀត​ថា៖ «សូម​អបអរសាទរ​ចំពោះ​លោក​យាយ​ចាន់ ឃីម រស់​នៅ​ភូមិ​កន្ត្រក សង្កាត់ ស្វាយ​ដង្គំ ក្រុងសៀមរាប ខេត្ត​សៀមរាប ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​លេខ​រៀង​ទី ៧ លាន»។

លោក​នាយករដ្ឋ​មន្រ្តី​បាន​សរសេរ​ទៀត​ថា លោកស្រី ឱ វណ្ណឌីន នឹង​នាំ​យក​ថវិកា​ចំនួន ១០ លាន​រៀល និង​សម្ភារៈ​ផ្សេង​ទៀត​ទៅ​ជូនដោយ​ផ្ទាល់។

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​១៩ ទៅ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន ១០ លាន​នាក់​នៅ​ក្នុង​ខែ​តុលាឬ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕