ភ្នំពេញៈសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចក្រភពអង់គ្លេសនៅយប់ថ្ងៃទី ២៨ ខែកក្កដា បានឱ្យដឹងថា ចក្រភពអង់គ្លេសបានសម្រេចបរិច្ចាគវ៉ាក់សាំងកូវីដ ១៩ AstraZeneca ចំនួន ៤១៥ ០០០ ដូស ដល់ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។

ស្ថានទូតចក្រភពអង់គ្លេសបានបន្ថែមថា វ៉ាក់សាំងចំនួន៩លានត្រូវបានបរិច្ចាគទៅកាន់ប្រទេសជាច្រើនតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីនិងយន្តការ COVAX ដើម្បីដោះស្រាយបញ្ហា Covid-19 ដែលវ៉ាក់សាំងទាំងនេះត្រូវបានគេរំពឹងថា នឹងចាកចេញពីចក្រភពអង់គ្លេសនៅសប្តាហ៍នេះ ដោយប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមបណ្តាប្រទេសដទៃទៀតដែលនឹងទទួលបានវ៉ាក់សាំងទាំងនេះ។

លោករដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab បានលើកឡើងថា ក្នុងសប្តាហ៍នេះចក្រភពអង់គ្លេសនឹងចាប់ផ្តើមបញ្ជូនវ៉ាក់សាំងកូវីដ ១៩ ចំនួន ៩ លានដូសទៅកាន់ប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីដោះស្រាយបញ្ហាកូវីដ ១៩។

លោកបានមានប្រសាសន៍ថា៖ «ចក្រភពអង់គ្លេសនឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន ៤១៥ ០០០ ដូសទៅប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការផ្តល់វ៉ាក់សាំងចំនន ១០០ លានដូសដំបូងដែលយើងបានប្តេជ្ញាដើម្បីជួយឱ្យតំបន់ដែលក្រីក្របំផុតនៃពិភពលោកបានទទួលការចាក់វ៉ាក់សាំងក្នុងករណីបន្ទាន់»។

ចំណែកលោកស្រី ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពជា Tina Redshaw មានលើកឡើងផងដែរថា វ៉ាក់សាំងចំនួន ៤១៥ ០០០ ដូសនេះនឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ៕