ភ្នំពេញៈ វ៉ាក់សាំង​ចំនួន​ជាង ១ លាន​ដូស​ប្រភេទ Johnson&Johnson ដែល​សហរដ្ឋអាមេរិក​ផ្តល់​ដល់​ប្រជាជនកម្ពុជា​តាមរយៈ​យន្តការ​កូវ៉ាក់​នៃ​អង្គការ​សុខភាព​ពិភពលោក​ និង​អង្គការ​យូនីសេហ្វ​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​ ក្នុង​ជើង​ទី១ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ៣០ ខែកក្កដា។

យោងតាម​លិខិត​ដែល​លោក Benjamin Wohlauer ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ផ្ញើ​ទៅកាន់​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ម៉ម ប៊ុនហេង កាលពី​ថ្ងៃទី ២៧ ខែកក្កដា បាន​បញ្ជាក់ថា វ៉ាក់សាំង Johnson&Johnson ដែល​សហរដ្ឋអាមេរិក​ផ្តល់ជូន​មក​កម្ពុជា​មាន​ចំនួន​សរុប​ជាង ១ លាន ៦ ម៉ឺនដូស តាមរយៈ​យន្តការ​កូវ៉ាក់​នឹង​មកដល់​ប្រទេស​កម្ពុជា​ ជើង​ទី២ នៅ​ថ្ងៃទី ២ ខែសីហា។

លោក​បាន​លើកឡើងថា៖ «អំណោយ​នេះ​អាចធ្វើ​ទៅបាន​តាមរយៈ​ការសហការ​ដ៏រឹងមាំ​រវាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្រសួងសុខាភិបាល អង្គការ​យូនីសេហ្វ អង្គការ​សុខភាព​ពិភពលោក​អង្គការ​ហ្គាវី និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ជាច្រើន»។

លោក Benjamin Wohlauer បាន​បន្តថា៖ «វា​ជា​កិត្តិយស​របស់​យើង ក្នុង​ការអញ្ជើញ​លោក​ឱ្យចូលរួម​ជាមួយ​ខ្ញុំ និង​តំណាង​មកពី​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូនីសេហ្វ​ក្នុង​ពិធី​អបអរសាទរ​ការមក​ដល់​នៃ​វ៉ាក់សាំង​សម្រាប់​ជួយសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​នេះ នៅ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បន្ត​ជា​ដៃគូ​ប្តេជ្ញា​ចំពោះ​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា»។

លោក Benjamin Wohlauer បាន​បន្ថែមថា៖ «ពួកយើង នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង ដើម្បី​គាំទ្រ​ដល់​កិច្ចការ​រដ្ឋាភិបាល-កម្ពុជា ក្នុង​ការបង្ការ​ការចម្លង​បន្តទៀត​នូវ​ជំងឺ​កូវីដ ១៩ ព្រមទាំង​ស្តារ​ឡើង​នូវ​ផលប៉ះពាល់​ទៅលើ​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច»។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី ២៨ ខែកក្កដា បានឱ្យដឹងថា វ៉ាក់សាំង Johnson&Johnson លើកដំបូង​ចំនួន​ពាក់កណ្តាល​នឹង​មកដល់​នៅ​ម៉ោង ៧ និង ១៥ នាទី​ព្រឹក ថ្ងៃទី ៣០ ខែកក្កដា ហើយ​ស្ថានទូត​រំពឹងថា វ៉ាក់សាំង​ដែល​សល់​ពី​ជំហាន​ទី១ នឹង​មកដល់​នៅ​ថ្ងៃទី ២ ខែសីហា។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៨ ខែកក្កដា ថា​ការផ្តល់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​មកដល់​ប្រទេស​កម្ពុជា​នេះ បង្ហាញថា​សហរដ្ឋអាមេរិក មិន​មាន​ការរើសអើង​ទៅដល់​ប្រទេស​អ្នក-ក្រ​ ឬ​ប្រទេស​យ៉ាងណា​នោះទេ ហើយ​សហរដ្ឋអាមេរិក​ក៏​មិន​ប្រកាន់​និន្នាការ​អ្វី​ដែរ។

លោក ថ្លែងថា៖ «ចំពោះ​កម្ពុជា ទោះបីជា​មិនមាន​ការត្រូវរ៉ូវ​គ្នា​នៅក្នុង​ចំណុច​ណាមួយ​ ឬ​វិស័យ​ណាមួយ​ក៏ដោយ តែ​មកដល់​ពេលនេះ​បង្ហាញ​ពី​សហប្រតិបត្តិការ ដែល​យើង​ទាំងអស់​គ្នា​នៅក្នុង​ពហុភាគី​ហ្នឹង​នាំគ្នា​ប្រឆាំង​ទៅនឹង​រឿង​កូវីដ»។

លោក ផៃ ស៊ីផាន បាន​បន្តថា ចំពោះ​វិស័យ​ខុសគ្នា កម្ពុជា​នៅតែ​រក្សា​វិស័យ​មួយ​ចំនួនធំ​ដែល​កម្ពុជា​ទទួលបាន​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ដូចជា ជំនួយការ​ដោះមីន ការអភិរក្ស​ប្រាសាទ និង​ជំនួយ​ដទៃទៀត​ជាច្រើន។ ដូចនេះ​ទំហំ​នៃ​កិច្ចសហប្រតិបត្តិការ​របស់​កម្ពុជា នៅ​មាន​ដដែល លើកលែង​តែ​ចំណុច​ខ្លះ​ដែល​នៅ​មិនទាន់​មាន​ការយល់​គ្នា។

លោក​បាន​ថ្លែងថា៖ «ជំហរ​របស់​រាជរដ្ឋាភិបាល​គឺ​ខិតខំ​ប្រឹងប្រែង​ពន្យល់ ពីព្រោះ​អ្វី​ដែលជា​ផលប្រយោជន៍​របស់​កម្ពុជា​គឺ​សន្តិភាព និង​ការអភិវឌ្ឍ​តែ​ប៉ុណ្ណឹង ហើយ​ទាំងអស់​គ្នា​នៅលើ​លោក​នេះ​ជា​មិត្ត​របស់​កម្ពុជា»។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​យប់​ថ្ងៃទី ២៣ ខែកក្កដា​កន្លងមក​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទើប​បាន​ទទួល​វ៉ាក់សាំង​ AstraZeneca ជា​ជំហាន​ដំបូង​ចំនួន ៣៣២ ០០០ ដូស​នៃ​វ៉ាក់សាំង​ចំនួន​សរុប ១ លាន​ដូស​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន។

ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​កន្លងមក​ក៏​ទទួលបាន​វ៉ាក់សាំង​ជាច្រើន​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ ដែល​ភាគច្រើន​ជា​វ៉ាក់សាំង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាក់​វ៉ាក់សាំង​ទៅដល់​ប្រជាជន​កម្ពុជា​ឱ្យបាន ១០ លាន​នាក់​ត្រឹម​ខែតុលា​ ឬ​ដើមខែ​វិច្ឆិកា​ខាងមុខ។ ជាមួយគ្នានេះដែរ លោកនាយក​រដ្ឋមន្ត្រី ក៏​មាន​ផែនការ​ក្នុង​ការចាក់​វ៉ាក់សាំង​ទៅដល់​ប្រជាជន​កម្ពុជា​ឱ្យបាន​ជាង ៨០ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ចំនួន​ជាង ១៦ លាន​នាក់​ផងដែរ៕