The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាលាក្រុង​ ប្រកាសប្រាប់​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ដល់​កុមារ




សាលាក្រុង​ ប្រកាសប្រាប់​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ដល់​កុមារ

Content image - Phnom Penh Post
គ្រូពេទ្យ​ពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង​នៅ​ខណ្ឌមានជ័យ​ពី​ខែឧសភា។ ហេង ជីវ័ន

សាលាក្រុង​ ប្រកាសប្រាប់​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ដល់​កុមារ

ភ្នំពេញៈ រដ្ឋបាល​រាជធានីភ្នំពេញ បានចេញ​នូវ​តារាង​ប្រាប់​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​ដល់​ក្រុមមនុស្ស​អាយុ​ចាប់ពី ១២ ដល់ ១៧ ឆ្នាំ ក្នុង​ខណ្ឌ​ទាំង ១៤ ខណៈ ដែល​អភិបាល​រាជធានី លោក ឃួង ស្រេង ​បាន​ព្រមាន​ចាត់​វិធានការ​អ្នក​ដែល​ចែក​បណ្ណ​ចាក់​វ៉ាក់សាំង ជា​ថ្នូរ​នៃ​ការ​យកលុយ។

លោក ឃួង ស្រេង ធ្វើការ ព្រមាន​ដូចនេះ​នៅក្នុង​កិច្ចប្រជុំ​តាមរយៈ video conference ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ នៅ​សាលា​រាជធានី​នា​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា ពិភាក្សា​លើ​ការត្រៀម​បើក​យុទ្ធនាការ​ចាក់​វាក់សាំង​កូវីដ ១៩ ដល់​ក្រុមមនុស្ស​អាយុ​ចាប់ពី ១២ ដល់ ១៧ ឆ្នាំ។

លោក​ ឃួង ស្រេង បាន​លើកឡើង​ទៀតថា ការចាក់​វ៉ាក់សាំង​នេះ អាជ្ញាធរ​ដែនដី​ត្រូវតែ​រៀបចំ​ និង​ធ្វើឡើង​ឱ្យបាន​ម៉ត់ចត់​បំផុត ដើម្បីឱ្យ​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​នេះ​ទទួល​បាន​ជោគជ័យ និង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់ថា ៖ «អ្វីដែល​សំខាន់ គឺ​ដាច់ខាត​មិន​ឱ្យមាន​នរណាម្នាក់​យកលុយ​ជា​ថ្នូរ​នៃ​ការចេញ​បណ្ណ​ចាក់​សាំង​នោះទេ។ បើ​មាន​សកម្មភាព​បែបនេះ យើង​នឹងមិន​យោគយល់​ជា​ដាច់ខាត។ ខ្ញុំ​ក៏​សុំឱ្យ​អាជ្ញាធរ​ខណ្ឌ-សង្កាត់​ត្រូវតែ​យកចិត្តទុកដាក់ ឱ្យបាន​ហ្មត់ចត់​បំផុត​ចំពោះ​ការ-ងារ​នេះ គឺ​មិន​អនុញ្ញាត​ជា-ដាច់ខាត​ចំពោះ​ការចេញ​បណ្ណ​ជា​ថ្នូរ​នៃ​ការយក​ប្រាក់​ដាច់ខាត។ អាជ្ញាធរ​ខណ្ឌ-សង្កាត់​ត្រូវតែ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង»។

ទន្ទឹមនឹង​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​បង្ហាញ​នូវ​តារាង​ពី​ទីតាំង​នៃ​ការចាក់​វ៉ាក់សាំង​សម្រាប់​អ្នក​អាយុ​ពី ១២ ដល់​ក្រោម ១៨ ឆ្នាំ ដែល​សម្រាប់​ដូស​ទី ១នឹ ង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១ ដល់ទី ១៤ ខែសីហា និង​ដូស​ទី ២ ចាប់ពី​ថ្ងៃទី ២២ ខែសីហា ដល់​ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខណ្ឌ ៧ មករា ត្រូវ​ចាក់​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ, ខណ្ឌដូនពេញ​ត្រូវ​ចាក់​នៅ​មន្ទីរពេទ្យបង្អែក​ចតុមុខ, ខណ្ឌទួលគោក ចាក់​នៅ​មណ្ឌល​សុខភាព​ទួលគោក, ខណ្ឌ​បឹងកេងកង ចាក់​នៅ​មណ្ឌល​សុខភាព​ទួលស្វាយព្រៃ, ខណ្ឌ​ចំការមន ចាក់​នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ, ខណ្ឌឫស្សីកែវ ចាក់​នៅ​មន្ទីរពេទ្យបង្អែក​សម្តេច-ឪ-សម្តេចម៉ែ និង​មណ្ឌល​សុខភាព​គីឡូម៉ែត្រ​លេខ ៦។

សម្រាប់​ខណ្ឌ​ជ្រោយចង្វារ​ចាក់​នៅ​មណ្ឌល​សុខភាព​ជ្រោយចង្វារ និង​មណ្ឌល​សុខភាព​កោះដាច់, ខណ្ឌ​ពោធិ៍សែនជ័យ ចាក់​នៅ​មណ្ឌល​សុខភាព​សំរោងក្រោម មណ្ឌល​សុខភាព​សាមគ្គី និង​មន្ទីរពេទ្យបង្អែក​ពោធិ៍​ចិន-តុង, ខណ្ឌ​កំបូល ចាក់​នៅ​មណ្ឌល​សុខភាព​ស្នោ មណ្ឌល​សុខភាព​ឪឡោក មណ្ឌល​សុខភាព​ប្រទះឡាង មណ្ឌល​សុខភាព​បឹង​ធំ និង​មណ្ឌល​សុខភាព​កំបូល។ ចំណែក​ខណ្ឌ​ច្បារអំពៅ ចាក់​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ មណ្ឌល​សុខភាព​និរោធ មណ្ឌល​សុខភាព​ព្រែកឯង មណ្ឌល​សុខភាព​ក្បាលកោះ និង​មណ្ឌល​សុខភាព​ព្រែកថ្មី។

សម្រាប់​ខណ្ឌមានជ័យ ចាក់​នៅ​មណ្ឌល​សុខភាព​ស្ទឹងមានជ័យ, ខណ្ឌ​សែនសុខ ចាក់​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ មណ្ឌល​សុខភាព​ឃ្មួញ មណ្ឌល​សុខភាព​ក្រាំងធ្នង់ មណ្ឌល​សុខភាព​ភ្នំពេញ​ថ្មី និង​មណ្ឌល​សុខភាព​ទឹកថ្លា។

រីឯ​នៅ​ខណ្ឌដង្កោ​វិញ​ចាក់​នៅ​មន្ទីរពេទ្យបង្អែក​ដង្កោ មណ្ឌល​សុខភាព​ជើងឯក មណ្ឌល​សុខភាព​សាក់សំពៅ មណ្ឌល​សុខភាព​ព្រែកកំពឹស មណ្ឌល​សុខភាព​រលួស មណ្ឌល​សុខភាព​ពងទឹក មណ្ឌល​សុខភាព​ព្រៃស មណ្ឌល​សុខភាព​ព្រៃវែង។ ខណ្ឌ​ព្រែកព្នៅ ត្រូវ​ចាក់​នៅ​មន្ទីរពេទ្យបង្អែក​ព្រែកព្នៅ មណ្ឌល​សុខភាព​សំរោង មណ្ឌល​សុខភាព​ពញាពន់ មណ្ឌល​សុខភាព​ពន្សាំង និង​មណ្ឌល​សុខភាព​គោករកា។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ថ្លែង​កាលពី​ថ្ងៃទី ២៨ ខែកក្កដា​ថា ការសម្រេច​ឱ្យមាន​ការចាក់​វ៉ាក់សាំង​ដល់​ក្រុមមនុស្ស​អាយុ​ពី ១២ ដល់ ១៧ ឆ្នាំ ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នេះ មិនមែន​ជា​ការសម្រេច​ដោយ​មិនមាន​ការគិត​ពិចារណា​នោះឡើយ។

លោកស្រី​ថ្លែងថា៖ «ការប្រើប្រាស់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ សម្រាប់​ចាក់​ដល់​ក្រុម​អាយុ​ពី ១២ ដល់ ១៧ ឆ្នាំនេះ​គឺជា​ប្រភេទ​វ៉ាក់សាំង​ដែល​បាន​ប្រើប្រាស់​រួចហើយ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ដែល​យើង​សង្កេតឃើញថា វា​មិនមាន​បង្ក​ជា​បញ្ហា​អ្វី​ដល់​ក្រុម​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​រួចហើយ​នោះទេ»។

លោកស្រី​ ឱ វណ្ណឌីន បន្ថែមថា តាម​ការសិក្សា​ និង​សង្កេត​របស់​ក្រសួង​សុខាភិបាល វ៉ាក់សាំង​ស៊ីណូវ៉ាក់​នេះ​ជា​ប្រភេទ​វ៉ាក់សាំង ដែលមាន​ការចាត់ចែង​រៀបចំឡើង​ដោយ​ការផលិត​តាមបែប​បុរាណ​ដែលមាន​ការផលិត​ដូច​ទៅនឹង​ការផលិត​វ៉ាក់សាំង​ដទៃទៀត​ដូចជា វ៉ាក់សាំង​ស្អូច កញ្ជ្រិល តេតាណូស ជាដើម ដែល​ក្រសួង​កំពុង​ប្រើប្រាស់​សម្រាប់​កុមារ​អាយុ ៥ ឆ្នាំ​ចុះ។

គិត​ត្រឹម​យប់​ថ្ងៃទី ២៧ ខែកក្កដា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ទៅដល់​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​បាន​ចំនួន​ជាង ៦,៩ លាន​នាក់​ហើយ​ ឬ​ស្មើនឹង ៦៩,៤១ %ធៀប​នឹង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់ ១០ លាន​នាក់៕

អត្ថបទគួរចាប់អារម្មណ៍