The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៨ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវីដ​បំប្លែង​ថ្មី​ដែលតា




រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៨ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវីដ​បំប្លែង​ថ្មី​ដែលតា

Content image - Phnom Penh Post
ម៉ូតូ ១ គ្រឿង​ បើក​តាមផ្លូវ​ដែល​ត្រូវបាន​បិទខ្ទប់​នៅក្នុង​ខណ្ឌ​មានជ័យ​ពី​ខែឧសភា។ ហេង ជីវ័ន

រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៨ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវីដ​បំប្លែង​ថ្មី​ដែលតា

ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើការ​បិទខ្ទប់ ភូមិសាស្ត្រ​ខេត្ត​ចំនួន ៨ រយៈពេល ២ សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវីដ ១៩ បំប្លែង​ថ្មី ប្រភេទ​ដែលតា (Delta) ចូល​ក្នុង​សហគមន៍ ខណៈ​ដែល​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺឆ្លង​នេះ ដោយ​មាន​ការដាក់​បម្រាម​គោចរ​រយៈពេល ១៤ ថ្ងៃ​ផងដែរ​ចាប់ពី​ម៉ោង ៩ យប់​ដល់​ម៉ោង ៣ ភ្លឺ​ចាប់ពី​ថ្ងៃទី ២៩ ខែកក្កដា​តទៅ។

យោងតាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២៨ ខែកក្កដា បានសម្រេច​បិទខ្ទប់​ភូមិសាស្ត្រ​ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្តសៀមរាប ជា​បណ្តោះអាសន្ន​រយៈពេល ១៤ ថ្ងៃ​ចាប់ពី​ថ្ងៃទី ២៩ ខែកក្កដា ដល់​ថ្ងៃទី ១២ ខែសីហា។

លោក ហ៊ុន សែន បានលើកឡើង​តាម​សេចក្តី​សម្រេច​នេះ​ថា៖ «ការបិទខ្ទប់​នេះ​សំដៅ​ទប់ស្កាត់​ការឆ្លងរាលដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មកពី​មេរោគ​កូវីដ ១៩ ប្រភេទ​ដែលតា (Delta) ហើយ​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទខ្ទប់​អាច​ត្រូវបាន​បែងចែក​ជា​តំបន់​ក្រហម, តំបន់​លឿងទុំ និង​តំបន់​លឿង អាស្រ័យ​តាម​កម្រិត​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ នៅក្នុង​ភូមិសាស្ត្រ​បិទខ្ទប់​នីមួយៗ និង​ត្រូវ​សម្រេច​ដោយ​អភិបាលខេត្ត​ដែល​ត្រូវបាន​បិទខ្ទប់​នោះ»។

លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា៖ «ដោយសារ​ខេត្ត​ដែល​ត្រូវបាន​បិទខ្ទប់​ភាគច្រើន​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ និង​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​មេរោគ​ប្រភេទ​ដែលតា​នេះ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវធ្វើ​ទំនាក់ទំនង​ជាបន្ទាន់ ជាមួយ​ភាគី​ថៃ ដើម្បី​បិទ​ព្រំដែន​ជា​បណ្តោះអាសន្ន​សម្រាប់​អ្នក​ដំណើរ​ចេញ-ចូល លើកលែងតែ​ការដឹកជញ្ជូន​ទំនិញ និង​ករណី​ពិសេស​ដែលមាន​ការអនុញ្ញាត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច»។

ទន្ទឹមនេះ​ក្រសួង​ការបរទេស និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​សហការ​គ្នា ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការអនុវត្ត​វិធានការ​បិទខ្ទប់​សម្រាប់​បណ្តា​ខេត្ត​កម្ពុជា ដែល​មាន​ព្រំប្រទល់​ជាមួយ​ប្រទេស​ថៃ ព្រមទាំង​សម្របសម្រួល​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ​ ដើម្បី​ផ្តល់​ការគាំពារ​ចាំបាច់​នានា​ដល់​ពលករ​ខ្មែរ​រស់នៅ​ទីនោះ ក៏ដូចជា​សម្របសម្រួល​ជាមួយ​ពលករ​ខ្មែរ​រស់នៅ​ប្រទេស​ថៃ ដែល​មាន​បំណង​វិល​ត្រឡប់មក​កម្ពុជា​វិញ ឱ្យ​ពន្យារពេល​នៃ​ការវិលត្រឡប់​របស់​ខ្លួន​រហូត​ដល់​ការបិទខ្ទប់​នេះ​ត្រូវបាន​បញ្ចប់។

លោក​ ហ៊ុន សែន បាន​បន្ថែមថា៖ «អនុគណៈកម្មការ​ឆ្លើយតប​បន្ទាន់ និង​ស្រាវជ្រាវ​រក​បុគ្គល​ផ្ទុកមេរោគ​កូវីដ ១៩ ត្រូវ​ផ្តល់​ការគាំទ្រ​ជាបន្ទាន់​ដល់​ខេត្ត​ដែលមាន​ការពាក់ព័ន្ធ ដើម្បី​ចាត់​វិធានការ​ក្នុង​ការស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ ដោយផ្ទាល់ និង​ដោយ​ប្រយោល​សំដៅ​កាត់ផ្តាច់​ឱ្យបាន​ទាន់ពេលវេលា​នូវ​ការឆ្លង​រាលដាល​នៃ​មេរោគ​នេះ​ទៅ​កន្លែង​ផ្សេងទៀត»។

សកម្មភាព​ផ្នែក​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​វិស័យ​អាកាសចរណ៍​ស៊ីវិល​នៅក្នុង​តំបន់​បិទខ្ទប់​ត្រូវបាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ជាធម្មតា​ដោយ​រួមទាំង​ការធ្វើ​ដំណើរ​ពាក់ព័ន្ធ​នឹង​វិស័យនេះ។

ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចេញ​នូវ​សារាចរ​ស្តីពី​ការដាក់ចេញ​នូវ​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នេះ​សម្រាប់​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​ផងដែរ ដើម្បី​ធានា​បាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta)។

សារាចរ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី ២៨ ខែកក្កដា បានឱ្យ​ដឹងថា ទោះបីជា​មកដល់​ពេល​នេះ​ស្ថានភាព​នៃ​ជំងឺ​កូវីដ ១៩ ពុំទាន់​ឈានដល់​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ ក្នុង​សហគមន៍​យ៉ាងណាក្តី ប៉ុន្តែ​ការឆ្លង​រាលដាល​នៅ​មិនទាន់​បាន​ថមថយ និង​នៅតែ​បន្ត​កើនឡើង​ក្នុង​កម្រិត​មួយ​សកម្ម​ដែល​ជា​បញ្ហា​ប្រឈម​ដ៏គួរ​ឱ្យ​បារម្ភ។

លោក​លើកឡើង​ថា៖ «រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ទូទាំង​ប្រទេស សម្រាប់​រយៈពេល ១៤ ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣:៥៩ នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ និង​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន ដែល​ត្រូវអនុវត្ត​ជាបន្ទាន់​ផងដែរ»។

សារាចរ​ដដែល​នេះ​បន្ថែម​ថា ក្នុង​រយៈពេល​នៃ​ការអនុវត្ត​យុទ្ធនាការ​នេះ​គណៈអភិបាល​រាជធានី-ខេត្ត ត្រូវ​ដាក់ចេញ​វិធានការ​ចាំបាច់​មួយចំនួន​ដូចជា ហាមឃាត់​ការធ្វើ​សកម្មភាព មុខរបរ និង​អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ។ ហាមឃាត់​រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់ប្រភេទ។ ភោជនីយដ្ឋាន-អាហារដ្ឋាន អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​របស់​ខ្លួន​ត្រឹម​ជា​លក្ខណៈ​វេចខ្ចប់​ប៉ុណ្ណោះ។

សារាចរ​នេះ​បញ្ជាក់ថា៖ «ក្នុង​រយៈពេល​នៃ​ការអនុវត្ត​យុទ្ធនាការ​នេះដែរ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ឱ្យ​អភិបាល​រាជធានី-ខេត្ត​ត្រូវ​ដាក់ចេញ​បម្រាម​គោចរ​ពី​ចន្លោះ​ម៉ោង ៩ យប់ ដល់​ម៉ោង ៣ ភ្លឺ សម្រាប់​ភូមិសាស្ត្រ ទាំងមូល ឬ​ផ្នែក​ណាមួយ​ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់ខ្លួន ជាពិសេស​សម្រាប់​រាជធានី​ភ្នំពេញ​ទីរួម​ខេត្ត និង​ទីប្រជុំជន​នានា»។

សារាចរ​នេះ​បន្ថែមថា៖ «ក្នុងករណី​រកឃើញ​ថា មាន​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួនថ្មី ប្រភេទ​ដែលតា (Delta) នៅក្នុង​សហគមន៍ អភិបាល​រាជធានី-ខេត្ត ត្រូវដាក់​ចេញ​នូវ​វិធានការ​ឆ្លើយតប​ជាបន្ទាន់ សំដៅ​គ្រប់គ្រង​តំបន់​ដែលមាន​ការផ្ទុះ​ឆ្លង​ឱ្យបាន​ទាន់​ពេលវេលា និង​កាត់ផ្តាច់​កុំឱ្យ​ឆ្លងទៅ​តំបន់​ផ្សេងទៀត»។

សារាចរ​បន្តថា៖ «គណៈអភិបាល​រាជធានី-ខេត្ត ត្រូវ​រៀបចំ​បន្ថែម​នូវ​គោលដៅ​សាធារណៈ​សម្រាប់​ការធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ ១៩ ក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​ ដើម្បី​បម្រើ​ឱ្យ​សាធារណជន​ដោយ​ឥតគិតថ្លៃ»។

ស្នងការ​រាជធានី​ភ្នំពេញ​លោក ស ថេត បានឱ្យដឹង​នៅ​ថ្ងៃទី ២៩ ខែកក្កដា​ថា អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន បាន​ធ្វើការ​ណែនាំ​ទៅដល់​នគរបាល​ចរាចរណ៍​តាម​គោលដៅ​ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​ពាក់ម៉ាស់​ទៅដល់​អ្នកជិះ​ម៉ូតូ កង់ និង​អ្នក​ថ្មើរជើង ដើម្បី​បង្ការ​វីរុស​បំប្លែង​ថ្មី Delta។

លោក​សរសេរ​លើ​បណ្តាញ​សង្គម​របស់លោក​ថា​៖ «ម៉ោង ១០:០០ នាទី​ព្រឹក ថ្ងៃទី ២៩ ខែ​កក្កដា! សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​រាជធានី​ភ្នំពេញ នៅពេល​ធ្វើដំណើរ​ដោយ​ថ្មើរជើង ជិះ​កង់ ជិះ​ម៉ូតូ ម៉ូតូកង់៣...សូម​ចូលរួម​ពាក់​ម៉ាស់​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវីដ ១៩»។

លោក ស ថេត បាន​បន្ថែមថា សមត្ថកិច្ច​គ្រប់​គោលដៅ​នឹង​ចាប់ផ្តើម​ត្រួតពិនិត្យ និង​ណែនាំ​អប់រំ​ចាប់ពី​ពេល​នេះ​តទៅ ហើយ​បន្ទាប់ពី​ធ្វើការ​ណែនាំ​ហើយ នៅតែ​មិន​អនុវត្ត​នោះ​សមត្ថកិច្ច​នឹង​ធ្វើការ​ផាកពិន័យ​តាមច្បាប់​កំណត់។

ជាមួយ​គ្នា​នេះ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ដាក់​អនុវត្ត​វិធានការ​រដ្ឋបាល​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​រយៈពេល ១៤ ថ្ងៃ​ដោយ​គិត​ចាប់ពី​ម៉ោង ២៣៖៥៩ នាទី​ថ្ងៃទី ២៩ ខែកក្កដា​ដល់​ថ្ងៃទី ១២ ខែ​សីហា។ ក្នុងនោះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏មាន​ការដាក់​អនុវត្ត​នូវ​បម្រាម​គោចរ​ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​នៅ​ចន្លោះ​ម៉ោង ៩ យប់​ដល់​ម៉ោង ៣ ភ្លឺ ដោយ​លើកលែង​តែ​ករណី​ចាំបាច់ និង​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​តែប៉ុណ្ណោះ។

លោក ឃួង ស្រេង លើកឡើង​ថា៖ «ក្នុងពេល​អនុវត្ត​នេះ​គោលការណ៍​មួយចំនួន​ត្រូវបាន​ហាមឃាត់​ផងដែរ ដូចជា​ការជួបជុំ​គ្នា, លក់​អាហារ​ជា​លក្ខណៈ​វេចខ្ចប់, រោងចក្រ​សហគ្រាស ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ត្រូវ​អនុវត្ត​វិធាន​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​រួម​នឹង​បម្រាម​មួយចំនួន​ទៀត»។

ចំណែក​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី ២៩ ខែកក្កដា បានសម្រេច​ធ្វើការ​បិទ​ព្រំដែន​ជា​បណ្តោះអាសន្ន​សម្រាប់​អ្នកដំណើរ​ចេញ-ចូល​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ដែល​រួមមាន​ពលករ អាជីវករ និង​ពាណិជ្ជករ លើកលែង​តែ​ការដឹកជញ្ជូន​ទំនិញ និង​ករណី​ពិសេស​ដែលមាន​ការអនុញ្ញាត​របស់​អាជ្ញាធរ។

លោក​ឱ្យដឹងថា៖ «ដោយសារ​មាន​ការរីករាលដាល​ជំងឺ​កូវីដ-១៩ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​សេចក្តី​សម្រេច​ស្តីពី​ការបិទ​ព្រំដែន​កម្ពុជា-ថៃ និង​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ថ្មី​ដែលតា​ក្នុង​ខេត្ត​ដែល​ត្រូវ​បាន​បិទខ្ទប់»។

លោក អ៊ុំ រាត្រី បាន​បន្ថែមថា រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ជូនដំណឹង​ទៅដល់​រដ្ឋបាលខេត្ត​ស្រះកែវ​នៃ​ប្រទេស​ថៃ​ពី​ការបិទ​ព្រំដែន​ជា​បណ្តោះអាសន្ន ដែល​អនុវត្ត​ចាប់ពី​ថ្ងៃទី ២៩ ខែកក្កដា ដល់​ថ្ងៃទី ១២ ខែសីហា សម្រាប់​អ្នកដំណើរ​ចេញ-ចូល​លើកលែង​តែ​ករណី​ចាំបាច់​ដូចជា​ករណី​អ្នកជំងឺ​សង្គ្រោះបន្ទាន់​ប៉ុណ្ណោះ។

សម្រាប់​ខេត្ត​ព្រះសីហនុ​វិញ​នៅ​ថ្ងៃទី ២៩ ខែកក្កដា លោក គួច ចំរើន អភិបាលខេត្ត​បាន​ចេញ​បទបញ្ជា​ដល់​អភិបាលក្រុង​ស្រុក និង​កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​បន្ទាន់​ដាច់ខាត ចំពោះ​ការប្រមូលផ្តុំ ជួបជុំគ្នា ហូបចុក ផឹកស៊ី នៅតាម​ទីតាំង​សាធារណៈ អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ បារ រង្គសាល និង​ទីតាំង​មួយចំនួន​ទៀត។ល។ លោក​បាន​ឱ្យ​ដឹងថា៖ «ចាប់ពី​ម៉ោង​នេះ​តទៅ ករណី​រកឃើញ​ត្រូវ​ធ្វើការ​ផាកពិន័យ និង​បិទ​ទីតាំង​នោះ​ដោយ​គ្មាន​ការលើកលែង​ឡើយ»។

លោក គួច ចំរើន ​ថា ចំពោះ​តូប​លក់​អាហារ អាហារដ្ឋាន និង​ភោជនីយដ្ឋាន អនុញ្ញាត​បាន​សម្រាប់តែ​ការលក់ដូរ​ដោយ​វេចខ្ចប់​ប៉ុណ្ណោះ និង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋបាលខេត្ត និង​ក្រសួង​សុខាភិបាល៕

អត្ថបទគួរចាប់អារម្មណ៍