ភ្នំពេញ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ប្រភេទ Johnson & Johnson ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ប្រមាណ​ពាក់​កណ្តាល​នៃ​ចំនួន ១ លាន​ដូស ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ តាមរយៈ​យន្តការ​កូវ៉ាក់​នៃ​អង្គការ​សុខភាព​ពិភព​លោក ខណៈ​អាមេរិក​រំពឹង​ថា ជំនួយ​នេះ នឹង​ចូល​រួម​ជួយ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩។

លោក Benjamin Wohlauer ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ប្រភេទ Johnson & Johnson នេះ គឺ​ជា​អំណោយ​របស់​ប្រជាជន​អាមេរិក​តាមរយៈ​យន្តការ​កូវ៉ាក់ ដែល​នឹង​ការពារ​ប្រជាជន​កម្ពុជា​ជាង ១ លាន​នាក់។

លោក​បន្ត​ថា ជាមួយ​នឹង​ការ​ចូលរួម​នេះ សហរដ្ឋអាមេរិក​បញ្ជាក់​ជា​ថ្មី​ជាមួយ​នឹង​ការ​ចូលរួម​យូរ​អង្វែង​ចំពោះ​សុខភាព​សាធារណៈ​កម្ពុជា ខណៈ​លោក​អះអាង​ថា ការ​ប្តេជ្ញា​ចិត្ត​នេះ គឺ​កាន់​តែ​មាន​ភាព​ច្បាស់លាស់​បន្ថែម នៅ​ពេល​មាន​ជំងឺ​រាតត្បាត​ទូទាំង​ពិភព​លោក​នេះ។

លោក​បាន​អះអាង​ថា៖ «វ៉ាក់សាំង​ដែល​សហរដ្ឋអាមេរិក​ផ្តល់​ជូន​នេះ គឺ​មិន​មាន​ការ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ណា​មួយ។ យើង​ចែក​រំលែក​នូវ​វ៉ាក់សាំង​ទាំង​នេះ គឺ​ដើម្បី​ជួយ​សង្រ្គោះ​ជីវិត និង​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​​ជា​សកល​ ដើម្បី​បញ្ចប់​ជំងឺ​កូវីដ ១៩»។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា ចំនួន​វ៉ាក់សាំង​មក​ដល់​ថ្ងៃ​នេះ​ គឺ​មាន​ចំនួន ៤៥៥ ០០០ ដូស ដែល​ជា​ចំនួន​មក​ដល់​ដំបូង​នៃ​ចំនួន​វ៉ាក់​សាំង​ជាង ១ លាន​ដូស​របស់​សហរដ្ឋមេរិក ខណៈ​វ៉ាក់​សាំង​នៅ​សេសសល់ នឹង​មក​ដល់​នៅ​ដើម​ខែ​សីហា​ ខាង​មុខ​នេះ។

លោក ម៉ម ប៊ុន ហេង បាន​និយាយ​ថា ជាមួយ​នឹង​ជំនួយ​ជា​បន្តបន្ទាប់​នេះ ប្រទេស​កម្ពុជា ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​វ៉ាក់សាំង​ប្រមាណ ២០ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប ឬ​ស្មើ ៧ លាន​ដូស ដែល​ជា​ជំនួយ​របស់​មជ្ឈមណ្ឌល​កូវ៉ាក់ ហើយ​នឹង​មក​ដល់​ជា​បន្តបន្ទាប់​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ។

ប្រទេស​កម្ពុជា នា​ពេល​កន្លង​មក គឺ​ទទួល​បាន​វ៉ាក់សាំង​ជាច្រើន​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ ហើយ​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាក់​វ៉ាក់សាំង​ទៅ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​បាន ១០ លាន​នាក់​ត្រឹម​បំណាច់​ខែ​តុលា ឬ​ដើម​ខែវិច្ឆិកា​ខាង​មុខ។ បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ជាង ៧ លាន​នាក់​ហើយ ត្រូវ​បាន​ប្រកាស​ថា បាន​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ នេះ៕

វីដេអូ៖