ភ្នំពេញៈ បន្ទាប់ពីជំនួយវ៉ាក់សាំងរបស់សហរដ្ឋអាមេរិកនឹងដឹកមកដល់ក្នុងជំហានដំបូងក្នុងចំណោមវ៉ាក់សាំង Johnson&Johnson ជាង ១ លានដូស មកដល់កម្ពុជានៅថ្ងៃសុក្រនេះ ចក្រភពអង់គ្លេសក៏បានប្រកាសផ្តល់វ៉ាក់សាំងកូវីដ ១៩ AstraZeneca ចំនួន ៤១៥ ០០០ ដូស ដល់ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដែលវ៉ាក់សាំងនេះនឹងដឹកចេញពីចក្រភពអង់គ្លេសនៅសប្តាហ៍នេះស្ថានទូតចក្រអង់គ្លេសប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ២៨ ខែកក្កដា បានចេញសេចក្តីប្រកាសព័ត៌មានថា វ៉ាក់សាំងចំនួន ៩ លានដូសត្រូវបានបរិច្ចាគទៅកាន់ប្រទេសជាច្រើនតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ដើម្បីដោះស្រាយបញ្ហាកូវីដហើយវ៉ាក់សាំងទាំងនេះត្រូវបានគេរំពឹងថា នឹងចាកចេញពីចក្រភពអង់គ្លេសនៅសប្តាហ៍នេះ ដោយប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមបណ្តាប្រទេសដែលនឹងទទួលបានវ៉ាក់សាំងទាំងនេះផងដែរ។
ស្ថានទូតចក្រភពអង់គ្លេសក៏បានបញ្ជាក់ផងដែរថា៖ «ចក្រភពអង់គ្លេសបានប្តេជ្ញាថា នឹងបរិច្ចាគវ៉ាក់សាំងចំនួន ១០០ លានដូសដល់ប្រទេសនានានៅត្រឹមខែមិថុនា ឆ្នាំ ២០២២ ដែល ៨០ លានដូសនៃចំនួននេះនឹងត្រូវបានបរិច្ចាគតាមរយៈយន្តការកូវ៉ាក់»។
ស្ថានទូតនេះបានបញ្ជាក់ថា វ៉ាក់សាំងចំនួន ៥ លានដូសត្រូវបានផ្តល់ឱ្យយន្តការកូវ៉ាក់ដែលជាគម្រោង ដើម្បីធានាបាននូវការទទួលវ៉ាក់សាំងកូវីដ ១៩ ដែលមានលក្ខណៈសកល និងស្មើភាពគ្នា។ យន្តការកូវ៉ាក់នឹងចែកចាយជាបន្ទាន់ដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបតាមរយៈប្រព័ន្ធបែងចែកប្រកបដោយសមធម៌ដែលផ្តល់អាទិភាពក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាជនដែលត្រូវការបំផុត។ វ៉ាក់សាំងចំនួន ៤ លានដូសទៀតនឹងត្រូវចែកចាយដោយផ្ទាល់ដល់ប្រទេសដែលត្រូវការ។
ចក្រភពអង់គ្លេសកំពុងបរិច្ចាគវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford-AstraZeneca ដែលផលិតដោយ Oxford Biomedicaនៅ Oxford និងវេចខ្ចប់នៅ Wrexham, North Wales។
បើយោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងទៀតថា នេះជាវ៉ាក់សាំង ១០០ លានដូសដំបូងបង្អស់ ដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេសបានប្តេជ្ញាថា ចក្រភពអង់គ្លេសនឹងចែកចាយក្នុងរយៈពេល ១ ឆ្នាំទៀតនៅក្នុងកិច្ចប្រជុំ G7 កាលពីខែមុននៅ Cornwall ដោយ ៣០ លានដូសនឹងត្រូវបញ្ជូននៅដំណាច់ឆ្នាំនេះ។
ប្រភពដដែលថា៖ «យ៉ាងហោចណាស់ ៨០ លានដូសក្នុងចំណោម ១០០ លានដូសនឹងត្រូវផ្តល់ឱ្យយន្តការ COVAX ហើយចំនួនដែលនៅសេសសល់នឹងផ្តល់ទៅប្រទេសផ្សេងៗទៀតដោយផ្ទាល់។ ការបរិច្ចាគនេះធ្វើតាមការប្តេជ្ញាដែលមេដឹកនាំ G7 បានសន្យា ដើម្បីចាក់វ៉ាក់សាំងឱ្យមនុស្សទូទាំងពិភពលោក និងបញ្ចប់ការរាតត្បាតនៅក្នុងឆ្នាំ ២០២២»។
ការបញ្ជូនវ៉ាក់សាំងនៅសប្តាហ៍នេះនឹងជួយបំពេញតម្រូវការវ៉ាក់សាំងក្នុងបណ្តាប្រទេសនានាជុំវិញពិភពលោក រួមទាំងនៅទ្វីបអាហ្វ្រិក អាស៊ីអាគ្នេយ៍ និងការ៉ាបៀន។ តំបន់ទាំងនេះកំពុងជួបប្រទះបញ្ហារីករាលដាលខ្លាំងនៃការចម្លង ការព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយជំងឺកូវីដ១៩។
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បានប្រកាសនៅថ្ងៃទី ២៨ ខែកក្កដាថា ក្នុងសប្តាហ៍នេះចក្រភពអង់គ្លេសនឹងចាប់ផ្តើមបញ្ជូនវ៉ាក់សាំងកូវីដចំនួន ៩ លានដូសទៅកាន់ប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីដោះស្រាយបញ្ហាកូវីដ១៩។
លោក Dominic Raab បានមានប្រសាសន៍ថា៖ «ចក្រភពអង់គ្លេសនឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន ៤១៥ ០០០ ដូសទៅកាន់ប្រទេសកម្ពុជាដែលជាផ្នែកមួយនៃការផ្តល់វ៉ាក់សាំងចំនួន ១០០ លានដូសដំបូងដែលយើងបានប្តេជ្ញាដើម្បីជួយឱ្យតំបន់ដែលក្រីក្របំផុតនៃពិភពលោកបានទទួលការចាក់វ៉ាក់សាំងក្នុងករណីបន្ទាន់»។
លោកបានបញ្ជាក់ថា៖ «យើងកំពុងធ្វើការដើម្បីជួយអ្នកដែលងាយរងគ្រោះបំផុតហើយក៏ព្រោះតែយើងដឹងថា យើងនឹងមិនមានសុវត្ថិភាពទេ រហូតទាល់តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព»។
ចំណែកឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោកស្រី Tina Redshaw ក៏បានលើកឡើងដែរថា វ៉ាក់សាំង AstraZeneca ចំនួន ៤១៥ ០០០ ដូសនេះនឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។
លោកស្រីបានថ្លែងថា៖ «ខ្ញុំពិតជារីករាយដែលចក្រភពអង់គ្លេសប្ដេជ្ញាចិត្តក្នុងការបរិច្ចាគវ៉ាក់សាំងនៅទូទាំងពិភពលោក ទាំងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការកូវ៉ាក់ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ»។
គួរបញ្ជាក់ផងដែរថា ប្រទេសធំៗចំនួន ៣ ក្រៅពីសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់វ៉ាក់សាំងដល់កម្ពុជាជាច្រើនក្នុងនោះមានប្រទេសជប៉ុន បានផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅជប៉ុនចំនួន ១ លានដូស, សហរដ្ឋអាមេរិកប្រកាសផ្តល់វ៉ាក់សាំង Johnson&Johnson ចំនួនជាង ១ លានដូស និងចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង AstraZeneca ចំនួនជាង ៤០ ម៉ឺនដូសផងដែរ។
ទន្ទឹមនឹងនេះដែរ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា បានឈានដល់ជាង ៧ លាននាក់ហើយ ហើយក្នុងនោះជនទី ៧ លានក៏បានរកឃើញកាលពីយប់ថ្ងៃទី ២៨ ខែកក្កដាផងដែរ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
គិតត្រឹមយប់ថ្ងៃទី ២៨ ខែកក្កដា ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានសរុបចំនួនជាង ៧ លាននាក់ហើយដែលស្មើនឹង ៧០,៤៤ ភាគរយធៀបនឹងគោលដៅនៃប្រជាពលរដ្ឋដែលត្រូវចាក់ចំនួន ១០ លាននាក់ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបញ្ចប់នៅត្រឹមខែតុលា ឬដើមខែវិច្ឆិកាខាងមុខនេះ៕