ក្រសួង​សុខាភិបាល ណែនាំ​ដល់​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ថ្នាក់​រាជធានី-ខេត្ត ត្រូវ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​នានា​ ដើម្បី​បញ្ចៀស​នូវ​ការខកខាន ឬ​ការរាំងស្ទះ​ដល់​ការដឹកជញ្ជូន​វត្ថុធាតុដើម ក្នុង​អំឡុងពេល​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​បម្រាម​គោចរ​នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ។

សេចក្តី​ណែនាំ​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ចុះ​ថ្ងៃទី ៣០ ខែកក្កដា​នេះ​បានឱ្យ​ដឹងថា ការដាក់​ចេញ និង​ការអនុវត្ត​វិធានការ​រឹតត្បិត ឬ​ហាមឃាត់ ក៏ដូចជា​ការដាក់ចេញ​នូវ​បម្រាម​គោចរ ដោយ​គណៈ​អភិបាល​រាជធានី-ខេត្ត​ក្នុង​អំឡុងពេល​នៃ​ការបិទខ្ទប់ ឬ​ក្នុង​អំឡុងពេល​នៃ​ការអនុវត្ត​យុទ្ធនាការ​រយៈពេល ១៤ ថ្ងៃ​របស់​រាជរដ្ឋាភិបាល មិនត្រូវ​ធ្វើឱ្យ​រាំងស្ទះ ឬ​ប៉ះពាល់​ដល់​ដំណើរការ​ជាធម្មតា​នៃ​ការដឹកជញ្ជូន​ទំនិញ​ចេញ-ចូល និង​ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី-ខេត្ត​នីមួយៗ​ឡើយ។

សេចក្តី​ជូនដំណឹង​បន្តថា៖ «ផ្អែក​តាម​ស្មារតី​នេះ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ សូម​ធ្វើការ​ណែនាំ​បន្ថែម​ដល់​ឯកឧត្តម លោកជំទាវ​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ថ្នាក់​រាជធានី-ខេត្ត ដែល​ជា​អភិបាល​នៃ​គណៈអភិបាល​រាជធានី-ខេត្ត និង​ឯកឧត្តម​ប្រធាន​អនុគណៈកម្មការ​ដឹកនាំ​ការអនុវត្ត​ច្បាប់​ចំណុះឱ្យ គ.អ.ក. សូម​ធានា​ឱ្យបាន​នូវ​ប្រក្រតីភាព​នៃ​ការដឹកជញ្ជូន​ទំនិញ​នានា ដើម្បី​បញ្ចៀស​នូវ​ការខកខាន ឬ​ការរាំងស្ទះ​ដល់​ការដឹកជញ្ជូន​វត្ថុធាតុដើម​ចូល ឬ​ផលិតផល​សម្រេច​ចេញពី​តាម​បណ្តា​រោង​ច្រក​សហគ្រាស​នានា ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេងទៀត​ផងដែរ»។

សូមជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី ២៨ ខែកក្កដា​នេះ​បានចេញ​សារាចរ ទាក់ទង​នឹង​ការបិទខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ និង​ខេត្តសៀមរាប និង​សារាចរ​ស្តីពី​ការដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូវីដ ១៩ បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta)៕