ភ្នំពេញៈ សិស្ស និង​យុវវ័យ​មួយ​ចំនួន​នៅ​ភ្នំពេញ និង​ខេត្ដ​ព្រះសីហនុ អះអាងថា ក្រោយ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​រួច ពួកគេ​មាន​សុខភាព​ល្អ​ធម្មតា​ និង​មាន​អារម្មណ៍​សុវត្ថិភាព​ជាង​មុន ដោយសារ​មាន​វ៉ាក់សាំង​ការពារ​ខ្លួន ខណៈ​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​មាន​កុមារ​និ ង​យុវវ័យ​ជាង ៣៦ ០០០ នាក់​ បាន​ស្ម័គ្រចិត្ដ​ចាក់​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ស្ដីពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ដល់​កុមារ និង​យុវវ័យ​បានឱ្យ​ដឹងថា នៅ​ថ្ងៃទី ១ ខែសីហា ដំណើការ​ចាក់​វ៉ាក់សាំង ក្រុមគ្រូពេទ្យ​បាន​ចាក់​ជូន​កុមារ និង​យុវវ័យ​បាន​ចំនួន ៣៦ ៨៣០ នាក់។ វ៉ាក់សាំង​ដែល​ប្រើ​សម្រាប់​ចាក់​ដល់​កុមារ និង​យុវវ័យ​នេះ គឺជា​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ចិន។

ចំណែក​របាយការណ៍​បឋម​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី ១ ខែសីហា បានឱ្យដឹងថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ទាំង ៩ ក្នុង​ក្រុង-ស្រុក​ទាំង ៥ នៃ​ខេត្ត​ព្រះសីហនុ​សម្រេច​ចាក់​បាន ៤ ៧១៦ នាក់​ក្នុងនោះ​ស្រី ២ ៤៥០ នាក់។

យុវសិស្ស​ម្នាក់​ឈ្មោះ យិន ណេង អាយុ ១៦ ឆ្នាំ​កំពុង​រៀន​ថ្នាក់​ទី ៩ នៅក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា រូបគេ​ និង​មិត្ដ​រួមថ្នាក់រៀន​ជាមួយគ្នា​ចំនួន ១០ នាក់​បាន​ស្ម័គ្រចិត្ដ​ចាក់​វ៉ាក់សាំង​ក្នុង​ថ្ងៃ​បើក​យុទ្ធនាការ​ដំបូង ហើយ​ក្រោយ​ចាក់​រួច​ពួកគេ​គ្មាន​អាការ​ខុសប្លែក​នៅក្នុង​ខ្លួន​នោះទេ គឺមាន​សភាព​ល្អ​ធម្មតា។ ប៉ុន្ដែ​មាន​អារម្មណ៍​ឃ្លាន​ចំណីអាហារ និង​ញ៉ាំ​បាយ​បាន​ច្រើនជាង​ពេលមុន​ចាក់​វ៉ាក់សាំង។

យុវសិស្ស​រូបនេះ​និយាយថា៖ «ខ្ញុំ​ចាក់​នៅ​សាលារៀន​របស់ខ្ញុំ​នៅ​ខេត្ត។ ចំពោះ​អារម្មណ៍​ខ្ញុំ​វិញ​គឺ​សប្បាយចិត្ត​ជាង​មុន ព្រោះ​យើង​មាន​វ៉ាក់សាំង​ជួយ​ការពារ​ពី​ជំងឺ​កូវីដ ១៩»។

យិន ណេង សប្បាយ​ចិត្ដ​ក្រោយពេល​ទទួល​ព័ត៌មាន​ថា ក្រោយ​ចាក់​វ៉ាក់សាំង​បាន​គ្រប់គ្នា នឹង​មាន​ការរៀបចំ​បើក​សាលារៀន​ឡើងវិញ។ យុវសិស្ស​រូបនេះ​បន្តថា៖ «ខ្ញុំ​គិតថា វា​ក៏​ល្អ​ព្រោះ​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​អត់​សូវ​មាន​អ្នក​ចូលរៀន»។

យុវតី​ម្នាក់​ឈ្មោះ ជា មេសា​អាយុ ១៨ ឆ្នាំ​រស់នៅ​រាជធានី​ភ្នំពេញ​លើកឡើង​ថា ក្រោយ​ចាក់​វ៉ាក់សាំង​រួច​ប្រមាណ ១ ថ្ងៃ នាង​ហាក់បី​ដូចជា​មាន​សភាព​ងងុយគេង​ជាង​ពេល​ធម្មតា ប៉ុន្ដែ​ពេលនេះ​ក៏មាន​សភាព​ធម្មតា​ឡើងវិញ។

យុវតី​រូបនេះ​ប្រាប់ថា៖ «ខ្ញុំ​ផ្ទាល់​ក្រោយ​ចាក់​វ៉ាក់សាំង​ហើយ គឺ​ដូចជា​ចុក​ដៃស្ដាំ ត្រង់​កន្លែង​ចាក់​នោះ​បន្តិច​ហើយ​ងងុយគេង ក្រោយមក​ក៏មាន​សភាព​ធម្មតា។ ឥឡូវ​ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព​ជាង​មុន ហើយ​សង្ឃឹមថា បាន​ចូលរៀន​នៅ​សាលា​វិញ​ក្នុងពេល​ឆាប់»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី ១ សីហា បានប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ សម្រាប់​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២ ឆ្នាំទៅ ១៧ ឆ្នាំ នៅ​វិមាន​សន្តិភាព។ ក្នុងពេលនោះ លោកនាយក​រដ្ឋមន្ដ្រី ក៏បាន​នាំចៅៗ​របស់​លោក​ជាង ១០ នាក់ ទៅ​ចាក់​វ៉ាក់សាំង​ផងដែរ។

លោក​ ហ៊ុន សែន បានបង្ហាញ​អារម្ភកថា​តាមរយៈ​ផែនការ​សកម្មភាព​សម្រាប់​ការចាក់វ៉ាក់សាំង​លើ​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២ ឆ្នាំ​ទៅ​ក្រោម ១៨ ឆ្នាំ ដែល​រៀបចំ​ដោយ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស កាលពី​ថ្ងៃទី ៣០ ខែកក្កដា​ថា ការដាក់ចេញ​ឱ្យ​អនុវត្ត​នូវ​ផែនការ​សកម្មភាព​សម្រាប់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​លើ​កុមារ និង​យុវវ័យ គឺ​សំដៅ​បង្ការ និង​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ ១៩ នៅក្នុង​ចំណោម​កុមារ​យុវវ័យ​ព្រមទាំង​កាត់បន្ថយ​ភាពធ្ងន់ធ្ងរ​នៃ​ជំងឺ​ ឬ​ការបាត់បង់​អាយុជីវិត​ដែល​បណ្តាលមកពី​ជំងឺ​កូវីដ ១៩។

លោក​បាន​ថ្លែងថា៖« ការចាក់​វ៉ាក់សាំង​អាចជួយ​ការពារ​ដល់​កុមារ-យុវវ័យ​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការលូតលាស់​ផ្នែក​ស្មារតី និង​រាងកាយ​ទាំង​ក្នុង​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​ដោយ​ជួយ​កុមារ-យុវវ័យ​ឱ្យ​វិល​ត្រឡប់មក​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព តាម​គន្លង​ប្រក្រតីភាព​ថ្មី ជាពិសេស​ការវិលត្រឡប់​ទៅកាន់​សាលារៀន​វិញ ការជួបជុំ​មិត្តភក្តិ ការចូលរួម​កម្មវិធី​សំខាន់ៗ​ដូចជា​ការហាត់​ប្រាណ ការលេង​កីឡា និង​ការប្រគំ​តន្ត្រី​ជាដើម ដែល​សុទ្ធតែជា​សកម្មភាព​សំខាន់ និង​ចាំបាច់​ក្នុង​ការរួមចំណែក​ដល់​ការលូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី ផ្លូវកាយ​ផ្លូវចិត្ត និង​សុខុមាលភាព​របស់​កុមារ-យុវវ័យ»៕