កំពង់ធំៈ មន្ត្រី​ជំនាញ​សុខភាព​សត្វ​ខេត្តកំពង់ធំ​បញ្ជូន​សំណាក​គ្រឿងក្នុង​ជ្រូក​ទៅធ្វើ​តេស្ត​រក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បន្ទាប់ពី​ឃាត់​រថយន្តក្រុង ១ គ្រឿង ដឹក​គ្រឿងក្នុង​ជ្រូក​ជាង ២ តោន គ្មាន​ឯកសារ​បញ្ជាក់​សុខភាព​សត្វ និង​សុវត្ថិភាព​ម្ហូបអាហារ ដែលមាន​ប្រភព​មកពី​ប្រទេស​ថៃ។

ប្រតិបត្តិការ​នៃ​ការឃាត់​រថយន្ត​ក្រុង ១ គ្រឿង ដឹក​គ្រឿងក្នុង​ជ្រូក​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង ៤ ទៀបភ្លឺ យប់​ថ្ងៃទី ៣១ ខែកក្កដា ឈានចូល​ថ្ងៃទី ១ ខែសីហា​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ប៉ែន វណ្ណារិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ក្រោម​ការសម្របសម្រួល​ពី​លោក សាយ វាសនា ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ។

លោក តាន់ ម៉េងឆាង ប្រធានការិយាល័យ​ផលិតកម្ម​សត្វ និង​បសុព្យាបាល​ខេត្តកំពង់ធំ​ថ្លែង​ពី​ម្សិលមិញ​ថា ក្រោយពី​ឃាត់​បាន​រថយន្ត​នេះ មន្ត្រី​ជំនាញ​បាន​បញ្ជូន​វត្ថុតាង​យក​ទៅ​រក្សាទុក​នៅ​មណ្ឌល​ការិយាល័យ​ផលិតកម្ម​សត្វ និង​បសុព្យាបាល​ខេត្តកំពង់ធំ ដើម្បី​រង់ចាំ​លទ្ធផល​សំណាក​រក​មេរោគ។ ក្នុងករណី​ដែល​លទ្ធផល​ពិនិត្យថា មាន​ជំងឺ​នឹង​ត្រូវសុំ​គោលការណ៍​ដើម្បី​ដុត​កម្ទេចចោល ចៀសវាង​មាន​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​ចម្លងជំងឺ​ដល់​សត្វ​ដទៃ។

លោក​ថា៖ «យើង​មិនទាន់​ទទួលបាន​លទ្ធផល​ទេ រង់ចាំ ២ ទៅ ៣ ថ្ងៃ​សិន។ ពេលនេះ យើង​កំពុង​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​នៃ​គ្រឿងក្នុង​ជ្រូក​នេះ ដើម្បី​ចេញមុខ​មក​ទទួល​បំភ្លឺ។ យើង​រក​មិនទាន់​ឃើញ​ទេ ព្រោះ​តៃកុង​ឡាន បាន​រត់​នៅពេល​យើង​ឃាត់​បាន​ទំនិញ​ទាំងនេះ។ យើង​នឹង​បន្ត​ស្រាវជ្រាវ​ទៀត បើ​រក​ម្ចាស់​មិនឃើញ យើង​នឹង​ធ្វើតាម​នីតិវិធី​ច្បាប់»។

ទោះយ៉ាងណា លោក តាន់ ម៉េងឆាង បញ្ជាក់ថា គ្រឿង-ក្នុង​ជ្រូក​ដែលមាន​ចំនួន ៤០ កញ្ចប់​ត្រូវ​បាន​ដឹក​ចេញពី​ប្រទេស​ថៃ ឆ្លងកាត់​តាម​ក្រុង​ប៉ោយប៉ែត ហើយ​បន្ត​ឆ្លងកាត់​តាម​ខេត្តកំពង់ធំ។ ប៉ុន្តែ​មន្ត្រី​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា​ឈ្មួញ​មាន​គោលដៅ​បន្ត​ទៅណា​នោះទេ ព្រោះ​ក្នុង​ឡាន​ដែល​ឃាត់​បាន គឺ​មិនមាន​ឯកសារ​ពាក់ព័ន្ធ​នោះទេ។

ជាមួយ​គ្នា​នេះ មន្ត្រី​ជំនាញ​ក៏​បាន​ឃាត់​រថយន្ត​ដឹក​សាច់មាន់​របស់​ក្រុមហ៊ុន ប៉េតាក្រូ មាន​លិខិតបញ្ជាក់​សុខភាព​សត្វ និង​លិខិត​ដឹកជញ្ជូន ប៉ុន្តែ​លើស​ចំនួន​តិចតួច ត្រូវធ្វើ​កិច្ចសន្យា​អប់រំ​លើក​ទី ១ ឱ្យ​បញ្ឈប់​ការដឹកជញ្ជូន​លើស​ចំនួន​អនុញ្ញាត​បន្តទៀត។ ប្រសិន​មាន​ករណី​ដូចនេះ​ម្តងទៀត​នឹង​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់។ នេះ​បើតាម​លោក តាន់ ម៉េងឆាង៕

វីដេអូ៖