ភ្នំពេញៈ ​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ Johnson & Johnson ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក តាមរយៈ​យន្តការ​កូវ៉ាក់ (COVAX) ជំហាន​ទី ២ ចំនួន ៦០៩ ៦០០ ដូស​ទៀត បាន​ដឹក​មកដល់​កម្ពុជា​កាលពី​យប់​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី ២ ខែសីហា នាំឱ្យ​វ៉ាក់សាំង​ដែល​អាមេរិក​ធ្លាប់​សន្យា​ផ្ដល់ឱ្យ​កម្ពុជា​ជាង ១ លានដូស​បាន​មកដល់​គ្រប់​ចំនួន។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល​បាន​ធ្វើជា​អធិបតី​ទទួលយក​វ៉ាក់សាំង Johnson & Johnson ដែលជា​ជំនួយ​របស់​អាមេរិក មកដល់​ជើង​ទី ២ កាលពី​យប់​ឈានចូល​ថ្ងៃទី ២ ខែសីហា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

តាមរយៈ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា វ៉ាក់សាំង​កូវីដ ១៩ Johnson & Johnson ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អាមេរិក​ចំនួន ៦០៩ ៦០០ ដូស​បន្ថែមទៀត តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់​បាន​ដឹក​មកដល់​កម្ពុជា​ហើយ​នៅ​ម៉ោង ០០:៤០ នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ ដែល​ចំនួន​នេះ​ជា​ជំហាន​ទី ២ នៃ​ជំនួយ​វ៉ាក់សាំង​សរុប​ជាង ១ លានដូស​ដល់​កម្ពុជា។

លោក​បញ្ជាក់ថា៖ «តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់ សហរដ្ឋអាមេរិក​បានប្រកាស​ផ្តល់​វ៉ាក់សាំង​ចំនួន ១ ០៦០ ១០០ ដល់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ជំនួយ​លើក​ទី ១ ទទួលបាន​រួចហើយ​ចំនួន ៤៥០ ៥០០ ដូស និង​លើក​ទី ២ នេះ​ចំនួន ៦០៩ ៦០០ ដូស»។

លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា៖ «អំណោយ​នេះ គឺជា​ផ្នែកមួយ​នៃ​ការគាំទ្រ​ជា​បន្តបន្ទាប់​របស់​សហរដ្ឋអាមេរិក ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា និង​នៅក្នុង​តំបន់​ក្នុងពេល​កំពុងតែ​ប្រឹង​ងើប​ចេញពី​ជំងឺ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​នេះ»។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី ៣០ ខែកក្កដា ពេលដែល​វ៉ាក់សាំង​ប្រឆាំង​កូវីដ Johnson & Johnson មកដល់​ជំហាន​ដំបូង​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញា​ចិត្តជា​យូរអង្វែង​របស់ខ្លួន​ចំពោះ​សុខភាព​សាធារណៈ​នៃ​ប្រជាជន​កម្ពុជា​ដែល​ស្តែង​ឱ្យឃើញ​ច្បាស់​បំផុត នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​កូវីដ ១៩ នេះ។

សេចក្ដី​ប្រកាស​បញ្ជាក់ថា៖ «វ៉ាក់សាំង​ទាំងនេះ ដែល​នឹង​ការពារ​ប្រជាជន​កម្ពុជា​ចំនួន​ជាង ១ លាន​នាក់​នោះ គឺជា​ផ្នែក​មួយ​នៃ​ការសន្យា​របស់​លោក​ប្រធានាធិបតី Biden ក្នុង​ការធ្វើ​ការចែកចាយ​វ៉ាក់សាំង​ចំនួន ៨០ លានដូស​នៅក្នុង​សកលលោក»។

លោក​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា W. Patrick Murphy បាន​ថ្លែងថា​វិធី​ការពារ​ដ៏ល្អ​បំផុត​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ គឺ​ការចាក់​វ៉ាក់សាំង ដែលមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​គុណភាព​ខ្ពស់។

លោក​បញ្ជាក់ថា៖ «យើង​មាន​មោទនភាព​ក្នុង​ការជួយ​ប្រជាជន​កម្ពុជា​ឱ្យមាន​សុខភាព​ល្អ និង​មាន​សេដ្ឋកិច្ច​ល្អ​ទៅ​អនាគត​តាមរយៈ​ជំនួយ​វ៉ាក់សាំង​ទាំងនេះ ដែល​បន្ថែម​ពីលើ​ជំនួយ​ជា​បច្ចេកទេស សម្ភារ​សុខភាព​សាធារណៈ និង​ជំនួយ​សេដ្ឋកិច្ច​ដែល​សហរដ្ឋអាមេរិក​បាន​ផ្តល់ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​នេះ»។

លោក ហ៊ុន សែន បាន​ថ្លែង​កាលពីពេល​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ជូន​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២ ឆ្នាំទៅ​ក្រោម ១៨ ឆ្នាំ នៅ​ព្រឹក​ថ្ងៃទី ១ សីហា​នៅ​វិមាន​សន្តិភាព​ដោយ​សម្រេច​បញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ កូវីដ ១៩ ប្រភេទ Johnson& Johnson ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក ដែល​ទើប​ទទួល​បាន​ថ្មីៗ​នេះ​ផ្ដល់​ដល់​បណ្តា​ខេត្ត ដែលមាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ជនជាតិដើម​ភាគតិច ជា​អាទិភាព និង​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ​ដែល​មិនទាន់​ទទួលបាន​វ៉ាក់សាំង។

លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «បញ្ជូន​យកទៅ​ចាក់​នៅ​តំបន់​ជនជាតិដើម​ភាគតិច​ដោយសារ​អ្វី? កន្លងទៅ​ដោយសារតែ Johnson & Johnson មក​យឺត។ ខ្ញុំ​ចង់ឱ្យ​ជនជាតិដើម​ភាគតិច នៅ​តំបន់​ជនជាតិ​ដើមភាគតិច នៅ​ស្ទឹងត្រែង រតនគិរី នៅ​ព្រះវិហារ និង​តំបន់​ជនជាតិ​ភាគតិច​ដទៃទៀត​បាន​ទទួល Johnson & Johnson នេះ»។

បើតាម​ការបញ្ជាក់​របស់​លោក​នាយករដ្ឋមន្ដ្រី នៅក្នុង​ខែសីហា​នេះ កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ចំនួន ៧,៦ លានដូស​បន្ថែមទៀត​ដែលនាំឱ្យ​គិត​មក​ត្រឹម​ខែសីហា​នេះ​ កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​សរុប​ប្រមាណ ២៦,៥ លានដូស។

បើតាម​លោកនាយក​រដ្ឋមន្ដ្រី កម្ពុជា​នឹងមាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ សរុប​ចំនួន​ជាង ៣៥ លាន​ដូស​ដោយ​ក្នុងនោះ​មាន​ទាំង​ការបញ្ជាទិញ និង​ជំនួយ​ពី​ប្រទេស​ជា​មិត្ត និង​ជំនួយ​ពី​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក។

តាម​ផែនការ​កម្ពុជា​នឹង​ចាក់វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ប្រមាណ ១០ លាន​នាក់ និង​ចាក់​ជូន​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២ ទៅ ១៧ ឆ្នាំ​ប្រមាណ ២ លាន​នាក់​នៅ​ទូទាំង​ប្រទេស។

ក្រសួងសុខាភិបាល​បាន​ឱ្យដឹងពី​ម្សិលមិញ​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី ១ ខែសីហា​នេះ បាន​ចំនួន ៧៣,៤៨ %​ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់ ហើយ​ចំនួន​កុមារ-យុវវ័យ​អាយុ​ពី ១២ ឆ្នាំ​ដល់ ១៨ ឆ្នាំ​ចាក់​បាន​ចំនួន ១,៨៧% ធៀប​ជាមួយ​នឹង​ចំនួន​គោលដៅ​ប្រមាណ ២ លាន​នាក់៕