ភ្នំពេញៈ រដ្ឋបាល​រាជធានីភ្នំពេញ​សម្រេច​បិទខ្ទប់​មិនឱ្យ​មាន​ការចេញ-ចូល​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ចំនួន ២ ក្រោយ​រកឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា (Delta) ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​នេះ​ចូលក្នុង​សហគមន៍ ខណៈ​វីរុស​បំប្លែង​ថ្មី​ត្រូវបាន​រកឃើញ​ចំនួន ២២៣ ករណី​ហើយ​នៅ​កម្ពុជា។

តាម​សេចក្តី​សម្រេច​ចំនួន ២ ដាច់ដោយឡែក​ពីគ្នា​ដែល​ចុះហត្ថលេខា​ដោយ​អភិបាលរាជធានី​ភ្នំពេញ លោក ឃួង ស្រេង ចុះ​ថ្ងៃទី ២ ខែសីហា បាន​សម្រេច​បិទខ្ទប់​មិនឱ្យ​មាន​ការចេញ-ចូល​នូវ​ច្រក​ផ្លូវ​លេខ ៣៧២ ៣៧២Z និង​ផ្លូវ​លេខ ៣៦២ ស្ថិត​ក្នុងភូមិ៥ សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក ដែលមាន​ការឆ្លង​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែលតា (Delta) ក្នុង​រយៈពេល ១៤ ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី ៣ ខែសីហា រហូត ដល់​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី នៅក្នុង​សហគមន៍។

ដោយឡែក​នៅ​ខណ្ឌ​ឫស្សីកែវ​វិញ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បិទខ្ទប់​មិនឱ្យ​មាន​ការចេញ-ចូល​ចំពោះ​កំណាត់​ផ្លូវ​លេខ ៩៣ ពី​ចំណុច​សាលាបឋមសិក្សា​ពញាក្រែក​រហូតដល់​ចំណុច​ផ្ទះ​លេខ ១១៦ រួមទាំង​លំនៅឋាន​ក្នុង​បុរី ខេស៊ី (KC) ស្ថិតក្នុង​ក្រុម​ទី៤ ភូមិ​ផ្សារតូច សង្កាត់​ទួលសង្កែ​ទី ១ ខណ្ឌ​ឫស្សីកែវ ដែលមាន​ការសង្ស័យ​ជាប់​ពាក់ព័ន្ធ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា (Delta)។

សេចក្តី​សម្រេច​បន្តថា «ការបិទ​ខ្ទប់​នេះ​សម្រាប់​រយៈពេល ៧ ថ្ងៃ​គិត​ចាប់ពី​ម៉ោង​សូន្យ នាថ្ងៃទី ៣ ខែសីហា ដល់​ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២១ រហូត​ការស្រាវជ្រាវ​ត្រូវបាន​បិទបញ្ចប់»។ ចំពោះ​ទីតាំង​ទាំង ២ នេះ រដ្ឋបាល​រាជធានី​បាន​បញ្ជាក់ថា​ក្នុងពេល​អនុវត្ត​វិធាន​ការបិទខ្ចប់​នេះ​ត្រូវបាន​ហាមឃាត់​រាល់​ការចេញ-ចូល និង​រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស ក្នុង​ទីតាំង​ខាងលើ លើកលែងតែ​ករណី​ចាំបាច់​មួយចំនួន​ប៉ុណ្ណោះ។ ករណី​លើកលែង រួមមាន ការចេញ-ចូល ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ការចេញ-ចូល ដើម្បី​ផ្ដល់​វត្ថុ​សំណាក​ធ្វើតេស្ដ​រក​ជំងឺ​កូវីដ ១៩ និង​ការចេញចូល​របស់​ក្រុម​គ្រូពេទ្យ និង​មន្ត្រី​មាន​សមត្ថកិច្ច។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ទៀតថា៖ «បុគ្គល ឬ នីតិបុគ្គល​ទាំងឡាយណា​ដែល​មិន​អនុវត្តតាម​សេចក្ដី​សម្រេច​នេះ​នឹងត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សា្ថប័ន​តុលាការ​ ដើម្បី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ និង​ទោសពិន័យ​ជា​ប្រាក់​ស្របតាម​មាត្រា ១០ និង​មាត្រា ១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិត​បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​ជាធរមាន។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បានឱ្យ​ដឹងថា ក្នុង​រយៈពេល ៥ ខែ កម្ពុជា​រកឃើញ​វីរុស​បំប្លែង​ថ្មី Delta ចំនួន ២២៣ ករណី​ហើយ ក្នុងនោះ​ស្រី​ចំនួន ១០៧ នាក់។

លោកស្រី​បាន​ថ្លែងថា៖ «វីរុស​បំប្លែង​ថ្មី Delta គិត​ចំនួន ២ ថ្ងៃ គឺ​ថ្ងៃទី ៣១ ខែកក្កដា និង​ថ្ងៃទី ១ ខែ​សីហា​នេះ សរុប ២ ថ្ងៃ​រកឃើញ ១០៩ ករណី​ហើយ​បើ​សរុប​តាំងពី​ថ្ងៃទី ៣១ ខែ​មីនា​ឆ្នាំ ២០២១ រហូតដល់​ថ្ងៃទី ១ ខែ​សីហា​នេះ ក្នុង​រយៈពេល​តែ ៥ ខែ​ទេ​យើង​រកឃើញ​វីរុស​បំប្លែង​ថ្មី​រហូតដល់ ២២៣ នាក់»។ លោកស្រី​បន្ថែមថា៖ «ស្ថានភាព​នៃ​ការឆ្លង​រីករាលដាល​នៃ​វីរុស​កូវីដ ១៩ ពីមុន គឺ​ពពួក​មេរោគ​បំប្លែង​ថ្មី Alpha បាន​វាយលុក​នៅ​កម្ពុជា ក៏ប៉ុន្ដែ​នៅពេល​ថ្មីៗ​នេះ​មានការ​វាយលុក​ពី​មេរោគ​បំប្លែង​ថ្មី​ Delta ដែល​នៅលើ​សកលលោក កំពុង​មាន​ការព្រួយបារម្ភ​មែនទែន ដោយ​សភាព​នៃ​ការចម្លង​របស់​វា​គឺ​លឿន ហើយ​នៅ​កម្ពុជា​របស់​យើង វីរុស​ Delta នេះ ក៏​កំពុង​សកម្ម​ក្នុង​ការវាយលុក​ចូលនៅ​កម្ពុជា​របស់​យើង​ដែរ »។

អភិបាលខណ្ឌ​ទួលគោក ឯក ឃុនដឿន ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រុម​គ្រូពេទ្យ​បាន​ចុះ​ធ្វើ​សំណាក​ពលរដ្ឋ​ជាង ៣០០ នាក់ និង​រកឃើញ​វិជ្ជមាន​កូវីដ ១៩ ចំនួន ៨ នាក់​នៅ​សង្កាត់​បឹង​សាឡាង​ ខណៈ​រដ្ឋបាល​ខណ្ឌ​សម្រេច​បិទខ្ទប់​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន។

លោក​បាន​បញ្ជាក់ថា៖ «យើង​បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ចុះ​យក​សំណាក​កាលពី​យប់​ថ្ងៃទី ១ ខែសីហា យើង​ធ្វើតេស្ត​រហ័ស​ជាង ៣០០ នាក់​រកឃើញ​វិជ្ជមាន ៨ នាក់ បូក​ជាមួយ​អ្នកពាក់ព័ន្ធ ២ នាក់ និង​អ្នកជំងឺ​ចាស់ ៤ នាក់ សរុប​ទាំងអស់ ចំនួន ១៤ នាក់ យើង​យក​គាត់​ទៅ​ព្យាបាល​ហើយ យើង​បាន​បិទ​ភូមិ​លេខ ៥ នៅ​សង្កាត់​បឹងសាឡាង រង់ចាំ​ការប្រជុំ​របស់​គណៈកម្មការ​ស្រាវជ្រាវ​រក​កូវីដ»។

លោក​បានឱ្យដឹងថា ខណៈ​ពេលនេះ ក្រុមការងារ​កំពុង​បន្ត​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ ដើម្បី​ស្រាវជ្រាវ​បន្ត​រក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​យកមក​ធ្វើ​សំណាក៕

វីដេអូ៖