ភ្នំពេញៈ នាយទាហាន​មួក​ខៀវ​កម្ពុជា ១ រូប​បាន​រងរបួស​ធ្ងន់ ក្នុងករណី​ផ្ទុះ​គ្រាប់មីន ១ គ្រាប់​នៅ​តំបន់​ចម្ការមីន​លេខ LB1006 ស្ថិត​ក្នុងភូមិ Meliss el Jabel ស្រុក Marjayoun នៃ​ប្រទេស​លីបង់​ជា​ទី​ដែល​គាត់​កំពុង​បំពេញបេសកកម្ម​ ដើម្បី​រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ។ នេះ​បើតាម លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១។

នាយទាហាន​ដែល​រងរបួស​រូបនោះ​មានឈ្មោះ អ៊ុត សិលា អាយុ ៣៦ ឆ្នាំ មាន​ឋានៈ​ជា​អនុសេនីយ៍ទោ​នៃ​អង្គភាព​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម និង មាន​ទីលំនៅ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

លោក​ អ៊ុត សិលា បាន​រងរបួស​ធ្ងន់​កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ ខណៈ​លោក​កំពុង​ដឹកនាំ​ក្រុម​កងកម្លាំង​មួក​ខៀវ​កម្ពុជា ចុះទៅ​បំពេញ​បេសកកម្ម​បោសសម្អាត​មីន​ក្នុង​តំបន់​ខាងលើ ហើយ​គាត់​បាន​ជាន់​ប៉ះ​ទៅលើ​គ្រាប់មីន​ប្រភេទ​ថ្មើរជើង (AP N04) ១ គ្រាប់ ដែលជា​ផលិតផល​របស់​ប្រទេស​អ៊ីស្រាអែល​ក៏បាន​បណ្ដាល​ឱ្យ​ផ្ទុះឡើង។

លោក ឈុំ សុជាត បាន​បញ្ជាក់ថា តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន គ្រាប់មីន​ដែល​ផ្ទុះ​នៅ​ព្រឹក​ថ្ងៃនោះ ជា​គ្រាប់មីន​ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​ទី ២៩ ខែ​កក្កដា។

គ្រាប់មីន​នោះ​ត្រូវ​បាន​រៀបចំ​ទុកដាក់​ទៅតាម​នីតិវិធី​ត្រឹមត្រូវ លុះ​ព្រឹកឡើង​ពេល​កងកម្លាំង​មួក​ខៀវ​ទៅដល់​ក៏បាន​ពិនិត្យឃើញ​នូវ​ភាពមិនប្រក្រតី គឺ​ឃើញ​មាន​ស្នាម​ជើងមនុស្ស​ឆ្លងកាត់ ហើយ​បាន​បាត់​គ្រាប់មីន ១ គ្រាប់ ដែល​បាន​រក្សាទុក​នៅ​ទីតាំង​ចាស់ និង​ឃើញ​មាន​ស្នាម​ដី​ជីក​កប់​ថ្មី​ផងដែរ។

លោក​បញ្ជាក់ថា៖ «ឃើញ​ដូច្នោះ​គាត់​ក៏បាន​ដំណើរការ​រុករក ភ្លាមនោះ​មីន​ក៏បាន​ផ្ទុះឡើង​តែម្ដង បណ្ដាល​ឱ្យ​គាត់​រងរបួស​ធ្ងន់ ដោយ​អំបែង​គ្រាប់មីន​ប៉ះចំ​ភ្នែក​ទាំងសងខាង ហើយ​ថែមទាំង បាក់ដៃ​ម្ខាង និង​ជើង​ម្ខាង​ផងដែរ»។

បើតាម​ការបញ្ជាក់​របស់​ក្រុមមន្ត្រី​បច្ចេកទេស​នៅក្នុង​តំបន់​នោះ ករណី​ខាងលើនេះ​គឺជា​អំពើ​របស់​ជន​ប្រដាប់​អាវុធ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បាន​លួច​យក​គ្រាប់មីន​នោះ​ទៅ​កែច្នៃ​រួចហើយ​បាន​កប់​វា​នៅ​កន្លែងកើតហេតុ ទើប​បង្ក​ឱ្យ​ផ្ទុះឡើង​បែបនេះ។

លោក ឈុំ សុជាត បាន​និយាយ ដោយបាន​បញ្ជាក់បន្ថែម​ទៀតថា លោក អ៊ុត សិលា ត្រូវបាន​គេ​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត ៤ ក្នុង​រដ្ឋធានី​បេរូត​នៃ​ប្រទេស​លីបង់​ភ្លាមៗ ក្រោយពី​មាន​ករណី​ផ្ទុះ​នោះ ហើយ​នៅពេលនេះ គាត់​កំពុង​ស្ថិតក្រោម​ការជួយ​សង្គ្រោះ​ព្យាបាល​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ពី​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​ប្រទេស​លីបង់។

ជុំវិញ​ករណី​នេះដែរ លោកស្រី កុសល ម៉ាលីនដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ ក្រៅពី​ស្ថានភាព​មុខរបួស​ធ្ងន់ធ្ងរ ក្រុមការងារ​របស់លោក​ស្រី នៅ​មិនទាន់​ទទួលបាន​របាយការណ៍​បន្ថែម​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​ប្រទេស​លីបង់​ស្ដីពី​ការវិវឌ្ឍ​នៃ​ស្ថានភាព​មុខរបួស​របស់លោក សិលា នៅឡើយ​ទេ។

លោកស្រី​បាន​បញ្ជាក់ថា៖ «រហូត​មកទល់​ពេលនេះ យើង​មិនដឹងថា ស្ថានភាព​នៃ​មុខរបួស​របស់គាត់​បាន​ប្រសើរឡើង​ឬ​យ៉ាងណា​នោះទេ។ ប៉ុន្តែ​គាត់​កំពុង​ស្ថិតក្រោម​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ»។

បើតាម​លោកស្រី ម៉ាលីនដា នេះ​គឺជា​លើកដំបូង​ហើយ ដែល​កងកម្លាំង​ដោះមីន​របស់​កម្ពុជា​បាន​រង​ការផ្ទុះមីន​ក្នុង​រយៈពេល ១៦ ឆ្នាំ​នៃ​ការបំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ៕