ខេត្តស្ទឹងត្រែងៈ មន្ត្រី​បរិស្ថាន​ខេត្តស្ទឹងត្រែង​នៅ​ល្ងាច​ថ្ងៃទី ២ ខែសីហា ​បានបញ្ជូន​ជនសង្ស័យ ៥ នាក់​ ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ដែនជម្រក​សត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី ៣១ ខែកក្កដា។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក ស្រេង ជាហេង ថ្លែង​ពី​ម្សិលមិញ​ថា៖ «រហូតមកដល់​ល្ងាច​ថ្ងៃទី ២ ខែសីហា នេះ មន្ត្រី​ជំនាញ​បរិស្ថាន​បាន​កសាង​សំណុំរឿង​រួចរាល់​នឹង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​តែម្តង»។

លោក ស្រេង ជាហេង ថ្លែងថា មន្ត្រី​ឧទ្យានុរក្ស​ដែល​ល្បាត​ដែនជម្រក​សត្វព្រៃ ព្រៃឡង់​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​ចុះទៅ​ចំណុច​ព្រៃស្រះ៣ នៃ​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង និង​ខេត្តព្រះវិហារ​ស្ថិត​ក្នុងភូមិ​អន្លង់​ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី ៣១ ខែកក្កដា។

ពេល​កំពុង​ល្បាត​នៅ​ទីនោះ ក៏​ប្រទះឃើញ​បទល្មើស​ជាក់ស្តែង កម្លាំង​សមត្ថកិច្ច​បរិស្ថាន​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៥ នាក់​នោះភ្លាម។ ក្រោយ​សាកសួរ​ទើប​ដឹងថា ពួកគេ​ទាំងនេះ​រស់នៅ​ភូមិ​ច្រេត ឃុំ​ច្រេត ស្រុក​ជ័យសែន ខេត្តព្រះវិហារ។

លោក​ ស្រេង ជាហេង បញ្ជាក់ថា ក្រោយ​ការឃាត់ខ្លួន​កាលពី​ថ្ងៃ ៣១ កក្កដា​នោះ ក្រុម​ជនសង្ស័យ​ទាំង ៥ នាក់ ​រួម​នឹង​វត្ថុតាង​បទល្មើស​រណារយន្ត ៤ គ្រឿង ​ត្រូវ​បាន​បញ្ជូន​មកកាន់​ស្នាក់ការ​ដែនជម្រកសត្វព្រៃ ព្រៃឡង់ និង​នៅ​ថ្ងៃទី ១ សីហា កម្លាំង​ឧទ្យានុរក្ស​ក៏បាន​បញ្ជូនបន្ត​មក​កាន់​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ចាត់ការ​តាមច្បាប់។

លោក ប៊ី វ៉ាន់នី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​ស្ទឹងត្រែង​បាន​គាំទ្រ​ចំពោះ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​បរិស្ថាន និង​គាំទ្រ​ឱ្យ​ការអនុវត្ត​ច្បាប់​នោះ​មាន​វិសាលភាព​កាន់តែ​ធំធេង​ជាង​នេះ ចំពោះ​ការ​អារឈើ​ខុសច្បាប់​ក្នុង​ខេត្ត​ស្ទឹងត្រែង៕