ភ្នំពេញៈ ​ក្រសួងបរិស្ថាន​កាលពី​ម្សិលមិញ​នេះ​បាន​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យចូល​រួម​វេចខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ញែក​សំរាម​តាម​ប្រភេទ ចៀសវាង​ការបោះ​សំរាម​ចោល​ផ្តេសផ្តាស​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សោភណភាព និង​ផាសុកភាព​សង្គម ខណៈ​ក្រសួង​បាន​បំពាក់​ឡដុត​សំរាម​សំណល់​រឹង​ចំនួន ៥០ គ្រឿង ដល់​រាជធានី-ខេត្ត​ចំនួន ២១។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ពី​ម្សិលមិញ​ថា ក្រសួង​បរិស្ថាន​បន្ត​គាំទ្រ និង​ពង្រឹងសមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សំណល់​រឹង​សំរាម។

លោក​បាន​ថ្លែងថា៖ «ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​មូលដ្ឋាន​ក្នុង​ការគ្រប់គ្រង​សំណល់​រឹង​សំរាម​ប្រកប​ដោយ​ប្រសិទ្ធភាព​បន្ថែមទៀត ក្រសួងបរិស្ថាន​បាន​បន្ត​គាំទ្រ​រដ្ឋបាល​មូលដ្ឋាន​តាមរយៈ​ការបំពាក់​សម្ភារ និង​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដើម្បី​ឆ្ពោះទៅរក​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល»។

យោងតាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន រហូតមកទល់​ពេលនេះ ក្រសួង​បាន​បំពាក់​ឡដុត​សំរាម​សំណល់​រឹង​ចំនួន ៥០ គ្រឿង ទៅដល់ ២១ រាជធានី-ខេត្ត ស្មើនឹង ៤៩ ក្រុង/ស្រុក។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ការបំពាក់​ឡដុត​សំរាម​សំណល់​រឹង​នេះ ជា​វិធានការ​បន្ទាន់​ចំពោះមុខ។ រីឯ​ការគ្រប់គ្រង​សំរាម​សំណល់​រឹង តាម​លក្ខណៈ​បច្ចេកទេស​ដែលមាន​ធុង​ដាក់​សំរាម​ត្រឹមត្រូវ មធ្យោបាយ​ដឹក​សំរាម​គ្រប់គ្រាន់ និង​ទីលាន​ចាក់សំរាម​តាម​ខ្នាត​បច្ចេកទេស ទើប​ជា​វិធានការ​ជា​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន។

របាយការណ៍​ដដែល​បានឱ្យដឹងថា មកទល់​បច្ចុប្បន្ន ក្រសួងបរិស្ថាន​បានផ្តល់ ទី១ រថយន្ត​ដឹក​សំរាម​ចំនួន ១៧ គ្រឿង​ដល់​ខេត្ត​ចំនួន ៩ ស្មើនឹង ១៥ ក្រុង-ស្រុក។ ទី២ ម៉ូតូ​កង់ ៣ ដឹក​សំរាម​ចំនួន ១១៨ គ្រឿង​ជូន​ខេត្ត​ចំនួន ២១ ស្មើនឹង ៥៤ ក្រុង-ស្រុក។ ទី៣ គ្រឿងចក្រ​ចូក​សំរាម «សាស័រ» ចំនួន ២ គ្រឿង​ផ្ដល់ឱ្យ​ខេត្ត​ព្រះសីហនុ។ទី៤ ធុងសំរាម​ខ្នាត​ធំ (ចំណុះ ៥១១ តោន) ចំនួន ៦៨ ធុង ផ្ដល់ឱ្យ​ខេត្ត​ចំនួន ៨។ ទី៥ ធុង​ញែក​សំរាម ចំនួន ៥០០ ធុង​ផ្ដល់​ទៅ​សួន​សាធារណៈ វិមាន​ឈ្នះ​ឈ្នះ បុរីប៉េងហួត និង​សាលារៀន។ ទី៦ ធុង​ចម្រោះ​ទឹកស្អាត ចំនួន ៩១ ធុង ផ្ដល់ឱ្យ​ខេត្ត​ចំនួន ៥ ស្មើនឹង ១៥ ក្រុង-ស្រុក និង​សាលារៀន។

ក្រៅពីនោះ​ក្រសួង​ក៏បានផ្ដល់​កញ្ចប់​សម្អាត​សំរាម​ក្នុង​នោះ​មាន ធុង​ចម្រោះ​ទឹកស្អាត ៥០ និង​ធុងសំរាម ៣០០ ក្នុង​ក្របខ័ណ្ឌ​គម្រោង​ជំរុញ​បរិយាកាស​អំណោយផល​ដល់​ការអភិវឌ្ឍ​ដោយ​និរន្តរភាព​ឱ្យដល់​រាជធានី-ខេត្ត​ទាំង ២៥ និង​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ចំនួន ៣ វគ្គ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ ទី ១ ផ្តល់​លទ្ធភាព​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​ធ្វើជា​ម្ចាស់​ក្នុងការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​នៅតាម​មូលដ្ឋាន​សាមី។ ទី ២ ពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​គ្រប់គ្រង​សំរាម​សំណល់​រឹង​នៅតាម​មូលដ្ឋាន​សាមី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ និង​ទី ៣ លើកកម្ពស់​គុណភាព​បរិស្ថាន​ ដើម្បី​ចូលរួម​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ប្រកបដោយ​និរន្តរភាព។

លោក​បាន​បន្តថា ក្រោយ​មាន​កិច្ចអន្តរាគមន៍​ពី​ក្រសួងបរិស្ថាន​ឃើញថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ចំនួន ៤ បាន​និង​កំពុង​អនុវត្ត​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​នៅ​ទីប្រជុំជន​បាន​យ៉ាង​ល្អប្រសើរ រួមមាន ស្រុក​បន្ទាយស្រី (ខេត្ត​សៀមរាប) ក្រុង​ព្រៃវែង និង​ស្រុក​ស្វាយអន្ទរ (ខេត្ត​ព្រៃវែង) និង​ស្រុក​អូររាំងឪ (ខេត្ត​ត្បូងឃ្មុំ)។

ទន្ទឹមនឹង​នេះដែរ​មាន​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ (ខេត្ត​ព្រះសីហនុ) ស្រុក​អន្លង់វែង (ខេត្ត​ឧត្តរមានជ័យ) ស្រុក​ស្នួល (ខេត្ត​ក្រចេះ) និង​ស្រុក​ពេជ្រាដា (ខេត្ត​មណ្ឌលគិរី) កំពុង​ឈានឆ្ពោះ​ទៅគ្រប់​គ្រង​សំរាម​សំណល់​រឹង ប្រកប​ដោយ​ប្រសិទ្ធភាព​នា​ថ្ងៃ​អនាគត។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «ក្រសួងបរិស្ថាន​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​វេចខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ញែក​សំរាម​តាម​ប្រភេទ​ចៀសវាង​ការបោះ​សំរាម​ចោល​ផ្តេសផ្តាស​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សោភណភាព និង​ផាសុកភាព​សង្គម»។

ទាក់ទង​នឹង​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង​នេះ អភិបាលស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប លោក ឃឹម ហ្វីណង់ ​បាន​ប្រើ​រូបមន្ត «សហគមន៍​ស្វ័យ​គ្រប់គ្រង» ដោយ​ឱ្យ​ពលរដ្ឋ​ម្ចាស់ការ​ក្នុង​ភូមិ​ព្រះដាក់​ដោយ​ជោគជ័យ បន្ទាប់ពី​បាន​អនុវត្ដ​ត្រឹម ៥ ខែ ពី​ដើមឆ្នាំ ២០២១។

លោក​អភិបាលស្រុក​បាន​ថ្លែងថា៖ «សហគមន៍​នៅក្នុង​ភូមិ ត្រូវ​បានផ្តល់​ស្វ័យភាព​ក្នុង​ការគ្រប់គ្រង និង​ប្រមូល​ថ្លៃ​សេវា​ប្រមូល​សំរាម​ក្នុង​អត្រា​ទាប​សមរម្យ តែ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពី​អាជ្ញាធរ​មូលដ្ឋាន​ដដែល។ តំណាង​សហគមន៍​បាន​ប្រមូល​ថ្លៃ​សេវា​ប្រមូល​សំរាម សម្រាប់​ពលរដ្ឋ​គ្រួសារ​ធម្មតា​ក្នុង ១ គ្រួសារ ៤ ពាន់​រៀល។ ចំណែក​ពលរដ្ឋ​ជា​អាជីវករ ឬ​អ្នកលក់ដូរ​ខ្នាត​ធំ​ថ្លៃ​សេវា​ចាប់ពី ១ ម៉ឺន​រៀល ទៅ ៣ ម៉ឺន​រៀល»។

បើតាម​លោក ឃឹម ហ្វីណង់ «សហគមន៍​ស្វ័យគ្រប់គ្រង» គឺជា​ទម្រង់​ប្រមូល​សំរាម​មិនមែន​ដើម្បី​ប្រាក់ចំណេញ​មួយ ដែល​រដ្ឋបាល​ស្រុក​បន្ទាយស្រី​បាន​ព្យាយាម​ជំរុញ​លើកទឹកចិត្ត។ រដ្ឋបាល​ស្រុក​ជឿជាក់ថា​តាមរយៈ​រូបមន្ត​នេះ​នឹង​អាចមាន​ប្រសិទ្ធភាព និង​មាន​ការទទួល​ខុសត្រូវ​ច្បាស់លាស់​ប្រកប​ដោយ​និរន្តរភាព​យូរអង្វែង​ជំនួស​ឱ្យ​ការប្រមូល ដោយ​ក្រុមហ៊ុន​ឯកជន​ដែល​ពិបាក​នឹង​អនុវត្ត ដោយ​ហេតុថា ការប្រមូល​សំរាម​តាម​ជនបទ​នៅមាន​ទំហំ​តូច​ពេក មិន​ងាយ​រក​ក្រុមហ៊ុន​មក​វិនិយោគ​បាន៕

វីដេអូ៖