ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ស្នើឱ្យ​ចក្រភព​អង់គ្លេស​ផ្តល់​វ៉ាក់សាំង AstraZeneca បន្ថែមទៀត​មក​កម្ពុជា ហើយ​រំពឹងថា ប្រទេស​មួយ​នេះ​នឹង​ជួយ​សម្របសម្រួល​ដល់​កម្ពុជា​ក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង​ប្រភេទ​នេះ សម្រាប់​ធ្វើជា​ដូស​ជំរុញ​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​យុទ្ធនាការ​ចាក់​ដូស​ទី ៣។

ការថ្លែង​បែបនេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៥ សីហា ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​អាស្ត្រាហ្សេនីកា​ចំនួន ៤១៥ ០០០ ដូស​ដែល​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ចក្រភព​អង់គ្លេស​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​សុំ​ស្នើ​ចក្រភព​អង់គ្លេស​ផ្តល់​ជា​ជំនួយ​មនុស្សធម៌​ផ្តល់​ជា​វ៉ាក់សាំង​បន្តទៀត​ក៏ដូចជា​ជួយ​សម្របសម្រួល​ដល់​កម្ពុជា​នៅក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង AstraZeneca បន្ថែមទៀត​សម្រាប់​បំពេញ​សេចក្តីត្រូវការ​ចាំបាច់​នានា​នាពេល​អនាគត»។

ជាមួយ​នឹង​ការស្នើ​នេះ​លោក ហ៊ុន សែន ក៏បាន​ប្រកាស​ដាក់ចេញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដូស​ទី ៣ ឬ​ដូស​ជំរុញ ស្រប​ជាមួយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដល់​កុមារ និង​យុវវ័យ​ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ​ផងដែរ។

លោក​បញ្ជាក់ថា៖ «ស្របពេល​ជាមួយនេះ​ផងដែរ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​សម្រេច​ដាក់ចេញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដូស​ទី ៣ ឬ​ដូស​ជំរុញ​ជូន​មន្ត្រី​សេវាសាធារណៈ​ជួរមុខ ដែល​កំពុង​បម្រើការ​នៅ​តាម​បណ្តា​ខេត្ត​នានា ដែល​ស្ថិតនៅតាម​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដែល​មេរោគ​បំប្លែង​ថ្មី ប្រភេទ​ដែលតា​កំពុង​វាយលុក និង​រាលដាល»។

ក្នុងនោះ​លោក ហ៊ុន សែន បញ្ជាក់ថា វ៉ាក់សាំង​ដែល​ទទួលបាន​ពី​ចក្រភព​អង់គ្លេស​នឹង​ក្លាយទៅជា​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​យុទ្ធនាការ​ចាក់​ដូស​ទី ៣ ខណៈ​រដ្ឋាភិបាល​កំពុង​បន្ត​ចរចា​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រភេទ​នេះ​ពី​ប្រទេស​ផលិត​បន្ថែមទៀត។

យោង​តាម​សេចក្តី​ប្រកាស​របស់​ចក្រភព​អង់គ្លេស​បាន​ឱ្យ​ដឹងថា ចក្រភព​អង់គ្លេស​នឹង​បរិច្ចាគ​វ៉ាក់សាំង​ចំនួន ១០០ លានដូស​ដល់​ប្រទេស​នានា នៅត្រឹម​ខែ​មិថុនា ឆ្នាំ ២០២២ ដែល ៨០ លានដូស​នៃ​ចំនួន​នេះ​នឹង​ត្រូវបាន​បរិច្ចាគ​តាមរយៈ​យន្តការ COVAX ហើយ​ចំនួន​ដែល​នៅ​សេសសល់​នឹង​ផ្តល់​ជូនទៅ​ប្រទេស​ផ្សេងៗ​ដោយ​ផ្ទាល់។

លោក Marc Thayre ឯកអគ្គរាជទូត​ស្តីទី​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការផ្តល់​ជំនួយ​វ៉ាក់សាំង​ដោយ​ចក្រភព​អង់គ្លេស​នឹង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់ខ្លួន​នឹង​អនុញ្ញាតឱ្យ​អាជីវកម្ម​បើក​ដំណើរការ​ឡើង​វិញ កុមារ​នឹង​ទទួលបាន​ការអប់រំ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​មាន​ភាពប្រសើរ​ឡើងវិញ។

លោក​ ហ៊ុន សែន និង​លោក Marc Thayre ពេល​ប្រគល់​ទទួល​វ៉ាក់សាំង។ ហេង ជីវ័ន

លោក​បន្ថែមថា ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ ចក្រភព​អង់គ្លេស​បាន​ដឹកនាំ និង​ខិតខំ​ប្រឹងប្រែង ដើម្បី​ការពារ មនុស្សជាតិ ប្រឆាំងនឹង​ជំងឺ​ដ៏សាហាវ​នេះ។ លោក​ថា ជាង ១ ឆ្នាំ​មុន រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បានផ្ដល់​មូលនិធិ​ដល់​ការស្រាវជ្រាវ ការអភិវឌ្ឍ និង​ការផលិត​វ៉ាក់សាំង​របស់​សាកលវិទ្យាល័យ Oxford-AstraZeneca ដោយ​ផ្អែកលើ​មូលដ្ឋាន​វ៉ាក់សាំង ដែល​ផលិត​បាន​នឹងត្រូវ​ចែកចាយ​នៅ​ទូទាំង​ពិភពលោក។

លោក​បញ្ជាក់ថា៖ «រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​មាន​សេចក្តី​សោមនស្ស​រីករាយ​អាច​មាន​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នេះ។ នៅក្នុង​អំឡុងពេល​ជំងឺ​រាតត្បាត​នេះ​គ្មាន​នរណាម្នាក់​មាន​សុវត្ថិភាព​ទេ រហូតដល់​មនុស្ស​គ្រប់គ្នា​មាន​សុវត្ថិភាព»។

ជាមួយ​នឹង​ការមកដល់​នូវ​វ៉ាក់សាំង AstraZeneca នេះ ក្រសួងសុខាភិបាល ក៏បាន​សម្រេច​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឱ្យ​មន្ទីរពេទ្យ Royal Phnom Penh នាំចូល និង​គ្រប់គ្រង​វ៉ាក់សាំង PfizerBiontech និង វ៉ាក់សាំង Moderna ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​ផ្តាច់មុខ​ផងដែរ។ ការអនុញ្ញាត​នេះ គឺ​ដើម្បី​មន្ទីរពេទ្យ​នេះ ធ្វើការ​ចែកចាយ​វ៉ាក់សាំង​ដល់​អ្នក​ដែល​អាចមាន​លទ្ធភាព និង​ត្រូវការ​ប្រភេទ​នៃ​វ៉ាក់សាំង​ទាំងនេះ​ដោយ​ការបង់ប្រាក់។

លោក យ៉ុន សុខុម នាយកគ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​មន្ទីរពេទ្យ Royal Phnom Penh បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៥ សីហា​ថា មន្ទីរពេទ្យ​ពិតជា​ទទួលបាន​សិទ្ធិ​អនុញ្ញត ដើម្បី​នាំចូល​វ៉ាក់សាំង​ទាំង ២ ប្រភេទ​នេះ​ពិតមែន ហើយ​ក្រុមការងារ​នៃ​មន្ទីរពេទ្យ​កំពុង​ដំណើរការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ទាំង ២ ដើម្បី​នាំចូល​ប្រភេទ​វ៉ាក់សាំង​ទាំង ២ នេះ​មក​កម្ពុជា។

លោក បាន​បញ្ជាក់ថា៖ «យើង​ត្រូវ​សិក្សា​មើល​សិន ថា​តើ​គេ​នឹង​លក់​ឱ្យ​យើង​ក្នុងតម្លៃ​ប៉ុន្មាន និង​សិក្សា​ទៅលើ​នីតិវិធី​ជាច្រើន​ទៀត។ យើង​ឃើញថា វ៉ាក់សាំង​ប្រភេទ​នេះ គឺមាន​លក់​ក្នុងតម្លៃ​មួយ​ថោក​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​គេ​អាច​លក់​ឱ្យ​យើង​ក្នុង​តម្លៃ​ថ្លៃ ដែល​ធ្វើឱ្យ​យើង​នាំ​ចូលមក​លក់​នៅ​កម្ពុជា​កាន់តែ​ថ្លៃ​ទៀត ហើយ​ពលរដ្ឋ​យើង​អាច​នឹងមាន​លទ្ធភាព​ទិញ​ចាក់​អត់?»។

យ៉ាងណា​លោក យ៉ុន សុខុម អះអាង​ថា ក្នុងនាម​មន្ទីរពេទ្យឯកជន​មួយ ដែលមាន​ការសហការ​ជាមួយ​រដ្ឋាភិបាល គឺ​មន្ទីរពេទ្យ​គ្រាន់តែ​ចង់​ចូលរួម​ចំណែក​ក្នុង​ការនាំយក​ប្រភេទ​វ៉ាក់សាំង ដែល​មាន​គុណភាព​បន្ថែមទៀត មក​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ៕

វីដេអូ៖