ភ្នំពេញៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ នឹងធ្វើ​ការដាក់ពិន័យ​ ដោយមាន​ការ​ផាក​ជា​ប្រាក់​ និង​ការ​ដាក់ពន្ធនាគារ ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ ដែល​ប្រព្រឹត្ត​អំពើ​ល្មើ​សនឹង​វិធានការ​សុខាភិបាល ​ចំពោះ​ការលាក់លៀម​មិន​ព្រម​រាយការណ៍​ជូន​មន្ត្រី​សុខាភិបាល ​ក្រុមគ្រូពេទ្យ ឬ​អាជ្ញាធរ​មូលដ្ឋាន​ ចំពោះ​ការ​លួច​ព្យាបាល​ជំងឺ​កូ​វីដ ១៩ នៅ​គេហដ្ឋាន​ដោយ​ខ្លួនឯង។

ការប្រកាស​ចាត់វិធានកា​រ​ តាមច្បាប់​នេះ ត្រូវបាន​លោក ឃួ​ង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ ចេញ​សេចក្តីណែនាំ​មួយ​ស្តីពី​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩នៅតាម​ផ្ទះ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី ១២ ខែសីហា​នេះ។

គិត​ត្រឹម​ថ្ងៃទី ១១ ខែសីហា នៅ​រាជធានី​ភ្នំពេញ​មាន​អ្នកជំងឺ​កូ​វីដ ១៩ ត្រូវបាន​អនុញ្ញាត​ឲ្យ​ព្យាបាល នៅតាម​ផ្ទះ​សរុប​ចំនួន ៤ ២៤១ នាក់ ក្នុងនោះ អ្នកជំងឺ​ដែល​បានជា​សះស្បើយ​មាន​ចំនួន ១ ២៥៧ នាក់ និង​អ្នកជំងឺ​កំពុង សម្រាក​ព្យាបាល​មាន​ចំនួន ២ ៩៨៤ នាក់។

រដ្ឋបាល​រាជធានី​ភ្នំពេញបាន​លើកឡើងថា ក្នុង​រយៈពេល​អនុវត្ត​កន្លងមកនេះ រដ្ឋបាល​រាជធានីភ្នំពេញ បានកត់សម្គាល់​ឃើញថា មាន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​បាន​ប្រើប្រាស់​តេ​ស្ករ​ហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ ១៩ ដោយ​ខ្លួនឯង​ នៅតាម​ផ្ទះ ហើយ​បាន​ព្យាយាម​ប្រើប្រាស់​ថ្នាំពេទ្យ ឬ​អនុវត្ត​ការព្យាបាល​បែប​បុរាណ​ដោយ​ខ្លួនឯង។

ប្រភព​ដដែល​បាន​បន្តថា អ្នកជំងឺ​មួយចំនួន​ បាន​វិ​វត្ត​ទៅរក​ស្ថានភាព​ធ្ងន់ធ្ងរ​រួចទើបបាន​រាយការណ៍​មក​មន្ត្រី​សុខាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន ពោលគឺ​ជាការ​អនុវត្ត​មិន​ត្រឹមត្រូវ​ តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ នៅតាម​ផ្ទះ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នកជំងឺ និង​អាច​បង្ក​ជា​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​កូ​វីដ ១៩ ដល់​សមាជិក គ្រួសារ អ្នករស់នៅ​ក្បែរ​ខាង និង​សហគមន៍​ទាំងមូល ថែម​ទៀតផង។

លោក ឃួ​ង ស្រេង បានធ្វើ​ការណែនាំ​ថា ក្នុងករណី​ការប្រើប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ ១៩ ដោយ​បុគ្គល​ឯកជន ទទួលលទ្ធផល​តេស្ត​វិជ្ជមាន ត្រូវដាក់​ខ្លួន​ឱ្យនៅ​ដោយឡែក​ពី​សមាជិកគ្រួសារ និង​មាន​កាតព្វកិច្ច​តាម ផ្លូវច្បាប់ ក្នុងការ​ជូនដំណឹង​ជាបន្ទាន់​ ទៅ​មន្ត្រី​សុខាភិបាល ឬ អាជ្ញាធរ​មូលដ្ឋាន។

លោក​ថា ការជូនដំណឹង​នេះ​គឺ​ដើម្បីឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមគ្រូពេទ្យ​ ចុះ​វាយតម្លៃ​ស្ថានភាព​អ្នកជំងឺ និង​ពិនិត្យ​ទីតាំង​ផ្ទះ ថា​តើ​ត្រូវ​អនុញ្ញាត ឲ្យ​អ្នកជំងឺ​ព្យាបាល​នៅផ្ទះ ឬ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា៖ «ក្នុងករណី​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ​អាជ្ញា​ធរ មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ទទួល​បាន​ព័ត៌មាន ឬ​រកឃើញថា​ មាន​បុគ្គល​ណាមួយ ដែល​បាន​ប្រើប្រាស់​តេ​ស្ករ​ហ័ស ​រក​អង់​ទី​ហ្សែ​ន​កូ​វីដ ១៩ ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ ហើយ​មិន​ព្រម​រាយការណ៍​ជូន​មន្ត្រី​សុខាភិបាល​ក្រុមគ្រូពេទ្យ ឬ​អាជ្ញាធរ​មូលដ្ឋាន បុគ្គល​នោះ​នឹងត្រូវ​ប្រឈម​នឹង​ការអនុវត្ត​នូវ​ពិន័យ​ជា​ប្រាក់ ក៏ដូចជា​ប្រឈម​នឹង​ទោស​ដាក់ពន្ធនាគារ​នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត»។

ជាមួយគ្នានេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ លើកទឹកចិត្ត និង​ស្នើសុំ​ប្រជាពលរដ្ឋ​ ដែលមាន​លំនៅឋាន​រស់នៅ​ក្បែរ​ខាង​ទីតាំង​ផ្ទះ​របស់​បុគ្គល ដែល​សង្ស័យថា​ មាន​អ្នកជំងឺ​កូ​វីដ ១៩ កំពុង​លួចលាក់​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង ត្រូវ​រាយ​ការណ៍ ជាបន្ទាន់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ​អាជ្ញាធរ​មូលដ្ឋាន​ ដែល​នៅ​ជិត​បំផុត ដោយ​ធានា​រក្សា​ការសម្ងាត់​ជូន។

លោក ​ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់ថា រដ្ឋបាល​ខណ្ឌ​ទាំង ១៤ និង​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ត្រួតពិនិត្យ នៅតាម​មូលដ្ឋានរៀងៗខ្លួន ដើម្បី​ធានា​នូវ​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ដោយ​ត្រូវ​ចាត់វិធានការ​ច្បាប់ និង​វិធានការ​រដ្ឋបាល​ឱ្យខាងតែបាន និង​ដោយ​គ្មាន​ការលើកលែង​ឡើយ ក្រោយ​ពេលដែល​បុគ្គល​នោះ​បានទទួល​ការព្យាបាល​ជំងឺ​កូ​វីដ ១៩ ជាសះស្បើយ៕

វីដេអូ៖